Paris Peace Accords 23 Oct. 1991

Thursday, April 3, 2014

អវត្តមាន​ គណបក្ស ​ប្រឆាំង​ មាន​ការ​ដេញ​ដោល​តិចតួច​ ក្នុង​សម័យ​ប្រជុំ​សភា

យ៉ូរៗ​ម្តង​ គេ​ឃើញ​​សមាជិក​រដ្ឋសភា​ធ្វើ​ការ​ចោទ​សួរ​ធ្ងន់ៗ​​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សុំ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​សាង​សង់​ផ្លូវ​នៅ​កម្ពុជា​មិន​​មាន​គុណ​ភាព​​។
យ៉ូរៗ​ម្តង​ គេ​ឃើញ​​សមាជិក​រដ្ឋសភា​ធ្វើ​ការ​ចោទ​សួរ​ធ្ងន់ៗ​​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សុំ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​សាង​សង់​ផ្លូវ​នៅ​កម្ពុជា​មិន​​មាន​គុណ​ភាព​​។

អវត្តមាន​ គណបក្ស ​ប្រឆាំង​ មាន​ការ​ដេញ​ដោល​តិចតួច​ ក្នុង​សម័យ​ប្រជុំ​សភា

ស៊ុយ ហ៊ាមខេមរា / វីអូអេ | ០៣ មេសា ២០១៤

ភ្នំពេញ — ក្នុង​ចំណោម​តំណាង​រាស្ដ្រ​ នៃ​គណបក្ស ​ប្រជាជន​កម្ពុជា ​ចំនួន​៦៤​រូប ​ដែល​មាន​វត្តមាន​ នៅ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ថ្ងៃ​ពុធ​នេះ មាន​តំណាង​រាស្ដ្រ​ ប្រមាណ​ ដប់​រូប ប៉ុណ្ណោះ​ ដែល​សកម្ម​ក្នុង​ការ​ចោទ​សួរ​ដេញ​ដោល​ សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ ផ្លូវ​ថ្នល់។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ មាន​១៣​ជំពូក​ និង​៨១​​ ​មាត្រា។

យ៉ូរៗ​ម្តង​ គេ​ឃើញសមាជិក​រដ្ឋសភា​ធ្វើ​ការ​ចោទ​សួរ​ធ្ងន់ៗទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សុំ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ការ​សាង​សង់​ផ្លូវ​នៅ​កម្ពុជា​មិនមាន​គុណ​ភាពគឺ​ជា​ការចោទសួរ​ ដែល​ទំនង​ជា​មិនធ្លាប់​មាន​ដូច្នេះ​ទេ​កាល​ពី​មុន​មក ​នៅ​ពេល​ដែល​គេមើល​ឃើញ​ថា​តំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជាតែងតែ​សម្តែង​ជំហរ​គាំទ្រនិង​ការពារ​ទង្វើ​របស់​រដ្ឋា​ភិបាល។ ​ហើយ​សំណួរ​ដូច​ខាង​លើ​នេះ ​គេ​តែងតែ​ឃើញ​ចោទសួរ​ដោយ​តំណាងរាស្ដ្រ​របស់​គណបក្ស​ប្រឆាំង។​

ក៏​ប៉ុន្តែ​នៅ​ពេល​នេះ ​គណបក្ស​ប្រឆាំង ​ដែល​បាន​កើន​ចំនួន​អាសនៈនៅ​ក្នុង​រដ្ឋ​សភា​រហូត​ដល់​ចំនួន​៥៥​គឺ​តិច​ជាង​គណ​បក្ស​កាន់​អំណាច​ចំនួន​១៣​អាសនៈនោះ​ នៅតែ​បន្តធ្វើ​ពហិការ​ប្រជុំ​សភា ​មូលហេតុ​ដោយសារ​គណបក្ស​នេះមិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​ទេ។​

លោក​ឈាន​ វុន ​សមាជិកសភាគណបក្ស​ប្រជាជនកម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋ​សភា​ បាន​លើក​ឡើង​ថា​ ការ​សាងសង់​ផ្លូវថ្នល់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​សាធារណការនឹង​ដឹក​ជញ្ជូន​នៅ​មាន​បញ្ហា​ច្រើន។​ ​លោក​បន្ត​ថា​ មាន​ការ​លួច​កេង​បន្លំ​ផ្សេងៗលើ​ថិវកា​រដ្ឋ ​ហើយ​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​ ក្រោយ​ការ​សាងសង់​រួច។

«រឿង​ធំ​ទី​១​ហ្នឹង​គឺ​បច្ចេទេស។​ បច្ចេកទេស​មិន​គ្រប់​នឹង​តម្លៃ​ដែល​យើង​បង់។​ ផ្លូវ​ខូច​ដោយ​សារ​គ្មាន​អ្នក​ត្រួត​ពិនិត្យ​ក្រោយ​ការ​សាង​សង់។ ​តើ​អាហ្នឹង​ក្រសួង​សាធារណការ​អនុវត្ត​ដល់​ណា​ហើយ?​ តើ​សហការ​ជាមួយ​ស្ថាប័ន​ណាខ្លះ​ហើយ?​ ​សូម​ឆ្លើយ​ចំណុច​នេះ​ឲ្យ​ខ្ញុំ»។​

បន្ទាប់​ពី​មាន​ការ​ចោទ​សួរ​ពី​សមាជិក​សភា​ លោក​ត្រាំ​ អ៊ីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ទទួលស្គាល់​ថា ​កន្លង​មក​មាន​មន្ត្រី​ក្រសួង​មួយ​ចំនួន​បាន​ធ្វើការ​កិបកេង​ប្រាក់​សម្រាប់​សាងសង់​ផ្លូវនោះ​មែន។​ លោក​បន្ថែម​ថា​ ក្រសួង​សាធារ​ណការ​និង​ដឹក​ជញ្ជូន​បាន​និង​កំពុង​ធ្វើ​ការ​ពង្រឹង​ការ​អនុវត្តច្បាប់។ ​ហើយ​ថាច្បាប់​ផ្លូវ​ថ្នល់​នេះ​នឹង​ជួយ​បំពេញ​ចន្លោះ​ប្រហោង​កន្លង​មក។​

«សូម​ជម្រាប​ផង​ដែរ​ថា ​ការ​ខូច​ខាត​ផ្លូវ​ថ្នល់​ហ្នឹង ​យើង​បាន​ខំ​ហើយ​ខំ​ទាំងអស់​គ្នា។​ យើង​ដឹង​ថា​ យើង​ត្រូវ​ធ្វើ​យ៉ាង​មេច​ហើយ។​ ​ប៉ុន្តែ​វាមិន​អាច​ធ្វើ​ភ្លាម​បាន​១០០%​នោះ​ទេ»។​ ​

លោក​ ហេង​ សំរិន ​ប្រធាន​រដ្ឋសភា​ ​បាន​អនុញ្ញត​ឲ្យ​មាន​ការ​បើក​ការ​ពិភាក្សា​ដេញ​ដោល​តាម​ជំពូក​នីមួយៗ គ្រប់​ជំពូក​ទាំង​អស់​ ដែល​ត្រូវ​បាន​សម្រេច​អនុម័ត​ដោយ​មាន​ការ​គាំទ្រ​ទាំងស្រុង​តាម​រយៈ​ការ​លើក​ដៃ។​ ​ក្រៅ​ពី​នោះ​ មាន​ការ​ពិភាក្សា​ឲ្យ​មាន​ការ​កែ​ពាក្យ​ពេចន៍​មួយ​ចំនួន។​

លោក​អ៊ូ វីរៈ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជាអ្នក​វិភាគ​នយោបាយ​មួយ​រូប​ មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោក​ស្តាយ​ដែល​ការ​ប្រជុំ​សភា​ដំណើរ​ការ​ទៅ​ដោយ​គ្មាន​វត្ត​មាន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង។​

«ទោះ​បី​យ៉ាងក៏​ដោយ​ យើង​មាន​ការ​សោក​ស្តាយ​ដែល​សភា​មិន​អា​ចមាន​គណបក្ស​ប្រឆាំង​ចូល​រួម។​ ​ការ​ពន្លឿន​នូវ​ការ​ចរចា​គ្នា​ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​មាន​សភា​ពេញ​អង្គ​ដើម្បី​ឲ្យ​គណបក្ស​ប្រឆាំង​គាត់​អាច​ឆ្លុះ​បញ្ចាំង​ទៅ​លើ​គំនិត​រិះ​គន់​របស់​គាត់​ផង»។

គួរ​រំឭកថា​ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ ​កម្ពុជា​មាន​បណ្តាញ​ផ្លូវ​ថ្នល់​សរុប​ប្រវែង​ជាង​៤​ម៉ឺន​៩​ពាន់​គីឡូម៉ែត្រ។

ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការ​បែង​ចែក​ប្រភេទ​ផ្លូវ​ថ្នល់​ ការ​ផ្ទេរ​អំណាច​សមត្ថកិច្ច​គ្រប់​គ្រង​ផ្លូវ​ថ្នល់​ ​ការ​ប្រើប្រាស់​ និង​ការ​ថែ​ទាំ​ផ្លូវ​ថ្នល់។​ ​ច្បាប់​ដ​ដែល​នេះ​ក៏​នឹង​បូក​បញ្ចូល​អាជ្ញា​បណ្ណ​ផ្លូវ​ថ្នល់​ ថវិកា​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ផ្លូវ ​និងការ​ចែង​ជា​បញ្ញតិ្ត​ដើ​ម្បី​ផាក​ពិន័យ​ ដាក់​ទោស​ជន​ល្មើច្បាប់​នេះ​ផង​ដែរ។​

លោក​ត្រាំ ​អ៊ីវតឹកថ្លែង​ថា​ ច្បាប់​ស្តីពី​ផ្លូវ​ថ្នល់​នេះ​ចង​ក្រង​ឡើង​ដើម្បី​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ស្វែង​យល់​ពី​បច្ចេកទេស​ និង​ការ​ការ​ពារ​គុណភាព​ផ្លូវ​ សម្រួល​ដល់​ការ​ធ្វើ​សណ្តាប់​ធ្នាប់​ និង​ជំរុញឲ្យ​ប្រជា​ពលរដ្ឋ​និង​វិស័យ​ឯកជន​ចូលរួម​ជួសជុល​ផ្លូវ​សាធារណៈ៕



No comments:

Post a Comment