អ្នកវិភាគ បារម្ភ ពីសកម្មភាព ពិសារ គ្រឿងស្រវឹង កើនឡើង នៅពេលបុណ្យ ចូលឆ្នាំ
ដោយ សូត សុខប្រាថ្នា / RFA | 16 April 2014
នៅរាល់ពិធីបុណ្យទាន ធំៗ របស់ខ្មែរ ម្តងៗ, គេ តែងតែ សង្កេតឃើញ សកម្មភាព បរិភោគស្រា របស់ ប្រជាពលរដ្ឋខ្មែរ, ពិសេសយុវជន, កាន់តែ កើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ការកើនឡើងនេះ ធ្វើ ឲ្យមាន ការបារម្ភ ថា, បញ្ហានេះ នឹងអាច ក្លាយទៅ ជាទំនៀមទម្លាប់ ប្រសិនបើ ពុំមាន ការទប់ស្កាត់ នោះទេ។
តើ អ្នកវិភាគ បញ្ហាសង្គម ផ្តល់អនុសាសន៍ បែបណា ចំពោះ បញ្ហាមួយនេះ?
សកម្មភាពបរិភោគគ្រឿងស្រវឹងកាន់តែមានច្រើនឡើងនៅក្នុងសង្គម ខ្មែរ ពិសេសនៅពេលបុណ្យទានធំៗម្តងៗ។ ការកើនឡើងនោះ ដោយសារតែការបើកទូលាយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការរីកដុះដាលនូវកន្លែងលក់គ្រឿងស្រវឹងទាំងនោះ។
ទាក់ទងបញ្ហានេះ អ្នកវិភាគបារម្ភថា បើសិនជាសកម្មភាពពិសារគ្រឿងស្រវឹងនៅអនុវត្តយ៉ាងខ្លាំងនៅពេល បុណ្យចូលឆ្នាំ ដែលជាបុណ្យធំរបស់ជាតិនោះ វានឹងអាចឃ្លាតឆ្ងាយពីសាសនា និងអាចក្លាយជាទម្លាប់មិនល្អទៀតផងទៅថ្ងៃអនាគត។
អាជីវករលក់គ្រឿងទេសនៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ឱ្យតែនៅពេលមានពិធីបុណ្យទានម្តងៗ កន្លែងលក់ឥវ៉ាន់របស់គាត់លក់ដាច់បានច្រើន ពិសេស គឺស្រាតែម្តង។ អ្នកស្រីបន្តថា នៅថ្ងៃធម្មតា គាត់លក់បានស្រាបៀមិនដល់ ១០កេសផងក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលចូលឆ្នាំខ្មែរវិញ គាត់អាចលក់បានរហូតដល់ ១០០កេសក្នុងមួយថ្ងៃ។ ចំពោះតម្លៃវិញ អ្នកស្រីមិនដឹងថាកន្លែងគេផ្សេងយ៉ាងណានោះទេ ប៉ុន្តែចំពោះគាត់ផ្ទាល់ មិនបានលក់ហួសពីថ្ងៃធម្មតានោះឡើយ។
ចំណែកអ្នកពិសារស្រាម្នាក់នៅស្រុកព្រៃឈរ លោក ហែម ចាន់ធឿន មានប្រសាសន៍ថា នៅកន្លែងរបស់លោកស្ទើរតែក្លាយជាទម្លាប់នៅពេលជួបជុំគ្នាក្នុង ឱកាសបុណ្យទាននោះ គឺមានការហូបស្រាខ្លះ ដើម្បីជាការរាប់អាន និងជួបជុំមិត្តភ័ក្ដិ ប៉ុន្តែលោកហូបតែតិចតួចប៉ុណ្ណោះ ពីព្រោះត្រូវដឹងពីសុវត្ថិភាព និងសុខភាពរបស់ខ្លួនឯងជាចម្បង៖ «គិត ដែររឿងប៉ះពាល់ ប៉ុន្តែសំខាន់ គឺការហូបមិនឱ្យលើសលប់ពីថាមពលរបស់ខ្លួន។ ដាក់តាមការប៉ាន់ស្មានរបស់ខ្លួនយើង។ បើដាក់ជ្រុលទៅ អាចធ្វើទុក្ខដែរហ្នឹង អាចខាតការងារ ខាតអីផ្សេងទៀត។»
អ្នកវិភាគពីបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា តាមការសង្កេតរបស់លោក ការពិសារគ្រឿងស្រវឹងនៅក្នុងពេលពិធីបុណ្យចូលឆ្នាំ ឬបុណ្យជាតិផ្សេងទៀត កាន់តែមានច្រើនឡើង។ លោកបន្តថា ការកើនឡើងដោយសារតែកត្តាមួយចំនួន ដូចជា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយអំពីផលិតផលគ្រឿងស្រវឹង ការរីកចម្រើននៃកន្លែងលក់គ្រឿងស្រវឹង ការធ្វើជាគំរូរបស់អ្នកដឹកនាំ និងភាពធូររលុងក្នុងការគ្រប់គ្រងទាំងអ្នកប្រើប្រាស់ និងអ្នកធ្វើអាជីវកម្ម ជាដើម។
លោកបន្ថែមទៀតថា ទំហំនៃផលប៉ះពាល់ចំពោះការពិសារគ្រឿងស្រវឹងនៅពេលពិធីបុណ្យទាន ធំៗ គឺមានកាន់តែធ្ងន់ធ្ងរ ទាំងសុវត្ថិភាព និងសុខភាព មិនតែប៉ុណ្ណោះ លោកបារម្ភទៀតថានឹងអាចក្លាយទៅជាជំងឺខានមិនបាន នៅពេលជួបជុំគ្នា បើទោះបីជាមិនមានបុណ្យទានអ្វីក៏ដោយ៖ «វា ធ្វើឱ្យការគិតរបស់យុវជនហ្នឹងផ្សេងទៅវិញ ជាពិសេសនៅក្នុងកំឡុងពេលចូលឆ្នាំ។ ហើយទីពីរ វាក្លាយវាមិនមែនត្រឹមតែជារឿងសម្រាប់ពេលចូលឆ្នាំ តែវាក្លាយជាប្រពៃណីដែលខ្ញុំបារម្ភ។ បានន័យថា ម៉េចបានន័យថា វាមិនមែនត្រឹមតែពិធីបុណ្យចូលឆ្នាំ បុណ្យប្រពៃណីទេ វាក្លាយទៅជាទូទៅរាល់ថ្ងៃរាល់ពេល វាអាចចាប់ផ្ដើមផឹកជាប្រពៃណីទេ ទៅជាទូទៅពិធីរាល់ថ្ងៃរាល់ពេលតែម្តង។»
អ្នកវិភាគដដែលបន្តថា ភាគច្រើននៃអ្នកពិសារគ្រឿងស្រវឹង គឺជាយុវជន ហើយបច្ចុប្បន្នលោកមើលឃើញថា យុវជនបានប្រែក្លាយមុខមាត់មួយថ្មីហើយ ក៏ប៉ុន្តែការប្រើប្រាស់គ្រឿងស្រវឹង គឺជាហានិភ័យមួយខ្ពស់សម្រាប់ពួកគាត់។ វត្តអារាម ហាក់ដូចជាស្ងាត់សម្រាប់យុវជន គឺមានភាគច្រើនជាមនុស្សវ័យចំណាស់ ប៉ុន្តែបែរជាអ៊ូអរនៅកន្លែងកម្សាន្តទៅវិញ ចំណែកឯការពិសារគ្រឿងស្រវឹងដោយមិនមានទំនួលខុសត្រូវ គឺជារឿងពិបាក ពីព្រោះវាមិនមែនជាការបង្កើតចំណងមិត្តភាព ប៉ុន្តែវាប្រែក្លាយជាការកាត់ផ្តាច់ចំណងមិត្តភាពទៅវិញ។
ចំណែកឯអ្នកវិភាគមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញមានប្រសាសន៍ថា ក្រៅតែពីប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់តម្លៃទៅលើការសប្បាយច្រើន ដោយមិនបានគិតអំពីផលប៉ះពាល់ទៅដល់សង្គមជាតិទាំងមូល វាក៏ជាមូលហេតុដែលនាំឱ្យការប្រើប្រាស់គ្រឿងស្រវឹងកើនឡើងដែរ៖ «ឥឡូវ នេះ គឺយើងឃើញហើយនូវលទ្ធផលនៃការហូបស្រា ផលប៉ះពាល់ទៅដល់ណាផលប៉ះពាល់ទៅ គឺមានដល់ហ្នឹងទី១ ផលប៉ះពាល់មានអំពើហិង្សា ទី២ គ្រោះថ្នាក់ចរាចរណ៍ ពីរហ្នឹងគឺវាធំៗណាស់។»
ក្រៅតែផលប៉ះពាល់ដល់សង្គម លោកបញ្ជាក់ថា ការពិសារគ្រឿងស្រវឹងក៏នាំឱ្យអាប់ឌិនទៅដល់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋនោះដែរ។
អ្នកវិភាគទាំងពីររូបផ្តល់អនុសាសន៍ថា ជាការកាត់បន្ថយបានក្នុងការប្រើប្រាស់គ្រឿងស្រវឹងនោះ គប្បីត្រូវមានច្បាប់ដើម្បីគ្រប់គ្រងទាំងអ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយយកពន្ធខ្ពស់ពីការធ្វើអាជីវកម្ម និងសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង ធ្វើការអប់រំនៅតាមសាលា ឪពុកម្តាយ ទៅដល់សិស្ស និងកូនរបស់ខ្លួន ចំពោះផលប៉ះពាល់ទាំងនោះ។ ចំណែកនៅពេលបុណ្យចូលឆ្នាំខ្មែរ នៅតាមវត្តអារាម គប្បីបង្កើតការទាក់ទាញដល់យុវជនឱ្យបានច្រើនជាងនេះទៅទៀត គ្រប់អ្នកដឹកនាំគប្បីធ្វើជាគំរូដ៏ល្អចំពោះរឿងគ្រឿងស្រវឹងនេះ៕
No comments:
Post a Comment