Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

បទ​វិភាគ៖ ប្រជាប្រិយភាព​ និង​ការ​លំបាក ​របស់​បក្ស ​កាន់​អំណាច​ ក្នុង​ពេល​ជាប់​គាំង​ នយោបាយ

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ក្បួន​ដង្ហែ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​អាមេរិក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៣។
RFA/Uon Chhin

បទ​វិភាគ៖ ប្រជាប្រិយភាព​ និង​ការ​លំបាក ​របស់​បក្ស ​កាន់​អំណាច​ ក្នុង​ពេល​ជាប់​គាំង​ នយោបាយ

ដោយ តាំង សារ៉ាដា / អាស៊ីសេរី | ២៧ មេសា ២០១៤

អស់​រយៈពេល​ជាង ៨​ខែ​មក​ហើយ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ដែល​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា នៅ​បន្ត​ភាព​ចម្រូងចម្រាស​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេះ​ចប់។ បក្ស​ប្រជាជន​កម្ពុជា ដែល​ប្រកាស​ជ័យជំនះ​ដោយ​ខ្លួន​ឯង​ថា បាន​សំឡេង ៦៨​អាសនៈ ហើយ​បក្ស​សង្គ្រោះ​ជាតិ​បាន ៥៥​អាសនៈ​មុន គ.ជ.ប ប្រកាស​តួលេខ​ដូច​គ្នា​នោះ កំពុង​ក្ដោបក្ដាប់​អំណាច​តែ​ម្នាក់ឯង ជា​ពិសេស ការ​ត្រួតត្រា​រដ្ឋ​សភា​ជាតិ​ដោយ​គណបក្ស​តែមួយ។
តើ​បញ្ហា​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ ​ដល់​ប្រជាប្រិយភាព ​របស់​ បក្ស​កាន់​អំណាច និង​ធ្វើ​ឲ្យ ​បក្ស​មួយ​នេះ​ជួប​ការ​លំបាក​យ៉ាង​ណា ​ក្នុង​ស្ថានភាព ​ជាប់​គាំង​នយោបាយ​នោះ?
ការ​ប្រកាស​លទ្ធផល​ឆ្នោត​ដោយ​ខ្លួន​ឯង ការ​ក្ដោបក្ដាប់​រដ្ឋសភា​តែ​ម្នាក់​ឯង ការប្រជុំ​សភា​តែ​ម្នាក់​ឯង ការ​អនុម័ត​ច្បាប់​ជាច្រើន​តែ​ម្នាក់​ឯង មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​បក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ប្រជាប្រិយភាព​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ការ​រិះគន់​ពី​បណ្ដា​ប្រទេស​លោក​សេរី​ជា​ច្រើន។ ជា​ពិសេស​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
ចាប់​តាំង​ពី​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​មាន​ប្រទេស​ចំនួន ១៨ ធ្វើ​ជា​សាក្សី​ថា កម្ពុជា​នឹង​គោរព ហើយ​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ រួច កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ខ្លួន​​មួយ ដោយ​យោង​ទៅ​តាម​គោលការណ៍​របស់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ គោលការណ៍​ទាំង​នោះ​គឺ​តម្រូវ​ឲ្យ​កម្ពុជា មាន​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​មនុស្ស និង​មាន​ពហុភាគី​ក្នុង​អង្គការ​នីតិប្បញ្ញត្តិ។
ចាប់​តាំង​ពី​រដ្ឋសភា​ដែល​មាន​អាសនៈ​របស់​គណបក្ស​នយោបាយ​ចំនួន ៤ នៅ​ឆ្នាំ​១៩៩៣ រហូត​ដល់​នៅ​សល់​អាសនៈ​របស់​គណបក្ស​នយោបាយ​ចំនួន ២ នៅ​ឆ្នាំ​២០១៣ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ចង់​បោះពួយ​ឲ្យ​មាន​តែ​គណបក្ស​តែមួយ។
តើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច​ដែល​ព្យាយាម​ធ្វើ​ឲ្យ​សំឡេង​បក្ស​ប្រឆាំង​ចុះ​ទន់​ខ្សោយ ឬ​ព្យាយាម​បំបាត់​សំឡេង​ក្រុម​ប្រឆាំង​នេះ អាច​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​ខ្លួន​ក្នុង​ស្រុក និង​ឆាក​អន្តរជាតិ រីក​ស្រស់បំព្រង​ល្អ​ដូច​ផ្កា​ដែរ​ទេ?
ចម្លើយ​នេះ​អ្នក​ណា​ក៏​ដឹង​សឹង​គ្រប់ៗ​គ្នា​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហាក់​មាន​ភាព​ឯកា ដែល​មិន​ត្រឹមតែ​បាត់បង់​ការ​គាំទ្រ​ពី​សំណាក់​មន្ត្រី​រាជការ សិស្ស និស្សិត គ្រូបង្រៀន និង​ព្រះសង្ឃ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ការ​រិះគន់ និង​ថ្កោលទោស​ជា​ប្រចាំ​ពី​សំណាក់​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​ជា​ច្រើន។
ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា រួច​មក កម្លាំង​មហាជន​បាន​នាំ​គ្នា​បះបោរ​ធ្វើ​បាតុកម្ម​ជា​បន្តបន្ទាប់​ដើម្បី​តវ៉ា​ទៅ​នឹង​លទ្ធផល​ឆ្នោត ដែល​ពួកគេ​ចាត់​ទុក​ថា មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ និង​មិន​តម្លាភាព។
កម្ដៅ​នៃ​កំហឹង​មហាជន​បាន​ផ្ទុះ​ឡើង​ចេញ​ជា​បាតុកម្ម​យ៉ាង​គគ្រឹកគគ្រេង​ពុះ​កញ្ជ្រោល​សឹង​ពាសពេញ​ទីក្រុង​ជា​ញឹកញាប់​ស្ទើរ​រៀងរាល់​ថ្ងៃ។ អ្នកខ្លះ​សុខ​ចិត្ត​លក់​មាន់ លក់​ទារ លក់​ឆ្កែ ឬ​ដើរ​ដង្ហែ​ទាំង​កូន ទាំង​ចៅ ឲ្យ​តែ​បាន​មក​ស្រែក​ហៅ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។
ចំនួន​អ្នក​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​នៅ​ពេល​នោះ បាន​កើន​ឡើង​ជា​ប្រចាំ រហូត​ដល់​ចំនួន​ជាង ១​លាន​នាក់ នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៣។ កម្លាំង​យុវជន​បាន​ដើរ​តួនាទី​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ដឹក​មុខ​គេ​ដោយ​ផ្ទាល់ និង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេសប៊ុក (Facebook) ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​កែទម្រង់​ស៊ី​ជម្រៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ពួកគេ​ចាត់​ទុក​ថា​មិន​ឯករាជ្យ។
​ជា​ការ​ឆ្លើយតប កង​កម្លាំង​របស់​បក្ស​កាន់អំណាច​បាន​បំបែក​ទាំង​ហ្វូង​បាតុកម្ម និង​បំបែក​ការ​ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី ២​នាក់​ឡើង​ទៅ។​
គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​នៅ​ក្នុង​រដ្ឋសភា ក្រៅ​តែ​ពី​ជួប​នូវ​វិបត្តិ​នីត្យានុកូលភាព ឬ​វិបត្តិ​នៃ​ភាព​ស្រប​ច្បាប់​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល និង​ការ​ធ្លាក់​ចុះ​នូវ​ប្រជាប្រិយភាព​នោះ បក្ស​មួយ​នេះ​ក៏​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដឹកនាំ​សង្គម​ទាំង​មូល​ផង​ដែរ។
ភាព​លំបាក​វេទនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ គឺ​ដោយសារ​តែ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ភាគ​ច្រើន​បាន​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​ដែល​ចេះ​ដឹង​ខុស​ត្រូវ ចេះ​តាមដាន​ព័ត៌មាន ចេះ​ស្គាល់​អំពី​សិទ្ធិ​របស់​ខ្លួន មាន​សមត្ថភាព និង​ចេះ​វិភាគ​បាន ចាប់​ផ្ដើម​ទាមទារ និង​ចាប់​ចូលរួម​នៅ​ក្នុង​ឆាក​នយោបាយ​សង្គម។
ចំណុច​ដែល​ប្រជាពលរដ្ឋ​ទាំង​នេះ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី ហើយ​ស្គាល់​ច្បាស់​អំពី​សិទ្ធិ និង​ប្រជាធិបតេយ្យ កាន់តែ​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​បក្ស​កាន់​អំណាច​ដែល​ប្រជុំ​ទៅ​ដោយ​ក្រុម​មន្ត្រី​ចាស់​គំរឹល​ដែល​មាន​វប្បធម៌​ដឹកនាំ​ហួស​សម័យ មាន​របៀប​ធ្វើ​តាម​ទម្លាប់​ចាស់ ការ​គិតគូរ វែកញែក​តាម​បែប​ចាស់​អន់ថយ។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ចាស់ៗ​ទាំង​នោះ​ខ្វះ​បទពិសោធន៍​ក្នុង​ការ​ដឹកនាំ​មនុស្ស​ថ្មី។
ភាព​លំបាក​មួយ​ទៀត គឺ​នៅ​ត្រង់​កាំបិត​ចិត​ដង​ឯង ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ប៉ុន្តែ​អាច​ប៉ះ​ទង្គិច​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ក្នុង​ជួរ​រដ្ឋាភិបាល។
ការ​កែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ស៊ី​ជម្រៅ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​ឲ្យ​មាន​បញ្ចូល​មនុស្ស​ថ្មី រៀបចំ​ប្រព័ន្ធ​ថ្មី និង​រចនា​យុទ្ធសាស្ត្រ​ថ្មី​ប្រកបដោយ​តម្លាភាព​ត្រឹមត្រូវ។
ប្រសិនបើ​មាន​ការ​កែទម្រង់​ស៊ី​ជម្រៅ​របៀប​នេះ​មែន នោះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ការ​លំបាក​ដោយសារ​មន្ត្រី​ពុករលួយ និង​មន្ត្រី​ខិលខូច​ជា​ច្រើន​សុទ្ធសឹងតែ​ជា​សែស្រឡាយ​របស់​មេដឹកនាំ​ដ៏​មហិមា​ក្នុង​ប្រទេស​កម្ពុជា។
របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០០៧ ដែល​មាន​ចំណង​ជើង​ថា សែស្រឡាយ​អ្នក​លក់​ជាតិ រក​ឃើញ​ថា សាច់ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភាគ​ច្រើន​ជា​អ្នក​លក់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស​ធនធាន​ធម្មជាតិ ដូចជា​ព្រៃឈើ​ប្រណិតៗ និង​ភោគទ្រព្យ​រ៉ែ។
ក្រៅ​ពី​ភាព​លំបាក​ខាង​ការ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយសារ​លំបាក​ក្នុង​ការ​ដោះស្រាយ​សំណាញ់​អំណាច​ដ៏​ស៊ី​ជម្រៅ​ចាក់ស្រេះ​មិន​អាច​ប្រេះឆា​នោះ រដ្ឋាភិបាល​ដែល​ត្រួតត្រា​ដោយ​បក្ស​ប្រជាជន​កម្ពុជា ក៏​កំពុង​ជួប​ការ​ធ្លាក់​ចុះ​ខាង​ផ្នែក​សេដ្ឋកិច្ច​ថែម​ទៀត។
​តើ​ការ​បន្ត​ដឹកនាំ​ប្រទេស​ដោយ​រដ្ឋសភា​ដែល​មាន​គណបក្ស​តែ​មួយ អាច​ធ្វើ​ឲ្យ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​រស់​យូរ​ដល់​ប៉ុណ្ណា?
តាំង​ពី​អ្នក​លក់​ដូរ​តូចតាច​នៅ​តាម​ផ្សារ រហូតដល់​ក្រុម​អាជីវករ​ធំៗ បាន​ត្អូញត្អែរ​សឹង​គ្រប់គ្នា​ទៅ​ហើយ​ថា ការ​រក​ស៊ី​ប្រកប​របរ​ជួញដូរ​របស់​ពួកគេ​ហាក់​មិនសូវ​កាក់កប​ដូច​មុនៗ ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម កំពុង​បោះជំហាន​ទៅ​រក​ចំណុច​អន់ថយ​ជា​បណ្តើរៗ។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​បង្ហាញ​របាយការណ៍​ឆ្នាំ​២០១៤ របស់​ខ្លួន​ថា សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់​ចុះ​ពី​ចំនួន ៧.៥​ភាគរយ មក​ត្រឹម ៧​ភាគរយ ដែល​ចំនួន​នេះ​មាន​កម្រិត​ទាប​ជាង​ប្រទេស​ភូមា និង​ប្រទេស​ឡាវ ទៅ​ទៀត។ ការ​ធ្លាក់​ចុះ​នេះ​ភាគច្រើន​ទៅលើ​វិស័យ​កាត់ដេរ សំលៀកបំពាក់ ខណៈ​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​នយោបាយ​ជាប់​គាំង​ចាប់​តាំង​ពី​ខែ​កក្កដា។
របាយការណ៍​របស់ ADB បង្ហាញ​ថា ចាប់​តាំង​ពី​ភាព​តានតឹង​ផ្នែក​នយោបាយ​ចាប់​ផ្តើម​ឡើង​កាល​ពី​ខែ​កក្កដា និង​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ​របស់​កម្មករ​រោងចក្រ​កាត់ដេរ​បាន​បង្អាក់​ដល់​ការ​នាំ​ចេញ​ផលិតផល​សំលៀកបំពាក់​ចេញទៅ​លក់​នៅ​ក្រៅ​ប្រទេស​នៅ​ចុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ របាយការណ៍​នោះ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ភាព​មិន​ច្បាស់លាស់​ខាង​ផ្នែក​នយោបាយ និង​ភាព​ប្រថុយប្រថាន​នៃ​ចលាចល​របស់​កម្មករ បាន​ធ្វើ​ឲ្យ​វិស័យ​វិនិយោគ​ធ្លាក់​ចុះ​ព្រមទាំង​ប៉ះទង្គិច​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​សកម្មភាព​លក់ដូរ​ផ្ទះសម្បែង។  ប៉ុន្តែ​តាម​ការ​ព្យាករ​បឋម​សម្រាប់​ឆ្នាំ​២០១៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​យោង​តាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៣ កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ៧.៦%។
ទោះជា​យ៉ាងណា​ក៏ដោយ ក្រុម​អ្នកស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម រក​ឃើញ​ថា វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ គឺ​វិស័យ​កសិកម្ម។ ក្នុង​ឆ្នាំ​២០១៣ កន្លង​ទៅ កម្ពុជា​ជួប​ប្រទះ​បញ្ហា​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ។ គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១៣ បាន​ប៉ះទង្គិច​កម្ពុជា ខ្លាំង​សឹង​ប្រហាក់​គ្នា​ទៅ​នឹង​គ្រោះ​ទឹកជំនន់​កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​ដែរ គឺ​ប៉ះទង្គិច​រហូត​ដល់​ទៅ ២០​ខេត្ត-​ក្រុង ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង ៣​សែន ៧​ម៉ឺន​គ្រួសារ ស្មើ​នឹង​ជាង ១​លាន ៦​សែន​នាក់ ដែល​ភាគ​ច្រើន​ជា​កសិករ​ជួប​ការ​លំបាក។ បញ្ហា​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ជួប​ហានិភ័យ​ធ្ងន់ធ្ងរ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​គ្រា​ស្ថានភាព​នយោបាយ​ជាប់​គាំង ហើយ​ខ្វះ​ការ​គាំទ្រ​ពី​ប្រទេស​លោក​សេរី។
ទាក់ទិន​ទៅ​នឹង​អោនភាព​ខាង​ផ្នែក​សេដ្ឋកិច្ច​នៅ​គ្រា​នយោបាយ​កំពុង​ជាប់​គាំង​ទ្រឹង​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ចំណូល​របស់​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​អាជីវករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះទង្គិច​ដល់​ក្រុម​អ្នកនយោបាយ​ពី​ខាង​បក្ស​ប្រឆាំង​ផង​ដែរ។
រហូត​មក​ទល់​ពេល​នេះ មាន​តំណាងរាស្ត្រ​របស់​បក្ស​ប្រឆាំង​ជា​ច្រើន​បាន​ចេញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ជាពិសេស​មក​កាន់​សហរដ្ឋអាមេរិក កាណាដា និង​អូស្ត្រាលី ដើម្បី​ស្វែងរក​ជំនួយ និង​ការ​គាំទ្រ​បន្ថែម។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ក្នុង​រដ្ឋ​វឺជីនៀ (Virginia) សហរដ្ឋអាមេរិក កាល​ពី​ពាក់​កណ្ដាល​ខែ​មេសា ថា ដង្ហើម​សេដ្ឋកិច្ច​របស់​បក្ស​ប្រឆាំង​គឺ​នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី ដែល​មិន​អាច​ធ្វើ​ឲ្យ​បក្ស​នេះ​ក្ស័យធន​នោះ​ឡើយ។
ទោះបីជា​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅ​តែ​មាន​លទ្ធភាព​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​តតាំង​ជាមួយ​បក្ស​កាន់​អំណាច​ក៏ដោយ ហើយ​បក្ស​កាន់​អំណាច​នៅតែ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​របស់​ប្រទេស​ក៏ដោយ ក៏​ចុង​បញ្ចប់​អ្នក​ដែល​ត្រូវ​រង​ទុក្ខ​វេទនា គឺ​មាន​តែ​ប្រជារាស្ត្រ​របស់​ខ្លួន​ប៉ុណ្ណោះ។
​នៅ​ពេល​ពលរដ្ឋ​ស្ថិត​ក្នុង​ភាព​ក្រីក្រ មនុស្ស​ជាច្រើន​នឹង​បន្ទោស​ទៅ​ដល់​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច ហើយ​ដែល​អាច​នាំ​ឲ្យ​មហាជន​ងើប​តវ៉ា​កាន់​តែ​ខ្លាំង ធ្វើ​ឲ្យ​សង្គម​កាន់តែ​វឹកវរ។ នៅ​ពេល​នោះ បក្ស​កាន់​អំណាច មិន​ត្រឹមតែ​បាត់បង់​ប្រជាប្រិយភាព​ក្នុង​ស្រុក​ធ្ងន់ធ្ងរ​ទេ តែ​បក្ស​មួយ​នេះ​អាច​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ដែល​អាច​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​មហា​អំណាច​លោក​សេរី​ថែម​ទៀត៕


No comments:

Post a Comment