បទល្មើស ដឹកជញ្ជូន ឈើប្រណិត ទៅវៀតណាម កើនឡើង
ដោយ រដ្ឋា វិសាល / RFA | 20 April 2014
រថយន្តផ្ទុក ឈើប្រណិត ចំនួន ពីរគ្រឿង និងមនុស្ស ចំនួន ៤នាក់ ត្រូវ បានសមត្ថកិច្ច បង្ក្រាប បទល្មើស សេដ្ឋកិច្ច នៃអគ្គស្នងការ នគរបាល ក្រសួង មហាផ្ទៃ ចាប់បញ្ជូន មកខណ្ឌ រដ្ឋបាល ព្រៃឈើ ខេត្តរតនគិរី ដើម្បី កសាង សំណុំរឿង ពីបទល្មើស ដឹកជញ្ជូន ឈើខុសច្បាប់។
ការចាប់និងរឹបអូសវត្ថុតាងបទល្មើសព្រៃឈើនេះ ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី១៩ ខែមេសា នៅចំណុចទួលកំសាន្ត ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខណៈពេលក្រុមឈ្មួញដឹកជញ្ជូនឈើប្រណិតនេះតាមរថយន្តទេសចរណ៍តូច ប្រមាណជាង ១០គ្រឿងពីស្រុកវ៉ឺនសៃ បំណងឆ្ពោះទៅកាន់តំបន់ព្រំដែនស្រុកអូរយ៉ាដាវ ដើម្បីឆ្លងដែនទៅលក់ឲ្យឈ្មួញវៀតណាម។
ប្រធានការិយាល័យសេដ្ឋកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ទូច វុទ្ធា កត់សំគាល់ថា ដោយសារតែមានសេចក្ដីរាយការណ៍ជុំវិញបទល្មើសដឹកជញ្ជូនឈើប្រណិតឆ្លង ដែនកើនច្រើន ហេតុនេះក្រុមបង្ក្រាបថ្នាក់ជាតិ ត្រូវបានចាត់មកកាន់ខេត្តរតនគិរី ដើម្បីទប់ស្កាត់បទល្មើសនេះ។
លោកទទួលស្គាល់ថា បទល្មើសដឹកជញ្ជូនឈើប្រណិតដែលបង្ក្រាបបាននេះ ជាផ្នែកតូចមួយនៃបទល្មើសដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ ដោយសារតែមិនមានកិច្ចសហការពីនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្ត៖ «ធ្វើការស្រាវជ្រាវទៅឃើញថា បទល្មើសព្រៃឈើនៅខេត្តនេះមានលក្ខណៈធំធេង។ ការពិតមិនត្រូវចាប់បានពីរឡានទេ ត្រូវចាប់បាន ១០ឡាន ប៉ុន្តែនគរបាលខេត្តគេអត់សហការ ព្រោះខ្ញុំទូរស័ព្ទទៅលោកស្នងការរងទទួលប្រឆាំងបទល្មើសនេះ គាត់ថាគាត់ច្បាប់ទេ ផ្ទេរទៅឲ្យខាងប្រធានការិយាល័យសេដ្ឋកិច្ច។ គាត់ថា ចាំមើលៗ អត់ឃើញគេបញ្ជូនកម្លាំងទៅបានន័យថាគេមិនសហការ។»
ឆ្លើយតបបញ្ហានេះ ប្រធានការិយាល័យប៉ូលិសសេដ្ឋកិច្ចនៃស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី លោក នៅ ដារ៉ា បដិសេធថា លោកមិនបានទទួលសំណើណាមួយពីក្រុមបង្ក្រាប ទាក់ទិនករណីនេះទេ ក៏ប៉ុន្តែលោកទទួលបានព័ត៌មាននេះក្រោយពេលបង្ក្រាប ទើបលោកចាត់មន្ត្រីជំនាញចុះពិនិត្យករណីនេះ៖ «គេអត់ទូរស័ព្ទមក ដល់គេចូលមកអត់ទាក់ទងមកខ្ញុំទៀត អត់មានសហការជាមួយស្នងការ ស្នងការរង ហៅខ្ញុំដើម្បីឲ្យខ្ញុំសហការជាមួយគេធ្វើម៉េចទៅ ខ្ញុំមិនដឹងធ្វើម៉េច ធ្វើតាមឋានានុក្រម។»
វិទ្យុអាស៊ីសេរី នៅថ្ងៃអាទិត្យ ទី២០ ខែមេសា មិនអាចទាក់ទងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី សុំំបញ្ជាក់ពីអត្តសញ្ញាណ និងវិធានការជុំវិញជនពាក់ព័ន្ធ និងវត្ថុតាងបទល្មើសព្រៃឈើនេះបានទេ។
ទាក់ទិនករណីនេះដែរ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា សកម្មភាពដឹកជញ្ជូនឈើប្រណិតតាមរថយន្តទេសចរណ៍នេះ កើតមានច្រើនឆ្នាំមកហើយ ចំណែកការបង្ក្រាបរបស់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ហាក់មិនមានប្រសិទ្ធភាពអ្វីឡើយ។ លោកកត់សំគាល់ថា រថយន្តដឹកជញ្ជូនឈើធ្វើឡើងនៅពេលយប់ឆ្លងកាត់ប៉ុស្តិ៍ត្រួត ពិនិត្យរបស់សមត្ថកិច្ចច្រើនកន្លែងតាមបណ្ដាផ្លូវជាតិ រហូតដល់ច្រករបៀងព្រំដែន ហេតុអ្វីបានជាសមត្ថកិច្ចមិនអាចបង្ក្រាបបាន។
លោកអំពាវនាវឲ្យអាជ្ញាធរថ្នាក់ជាតិចាត់វិធានការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាព ទើបអាចកាត់បន្ថយបទល្មើសព្រៃឈើនេះបាន៖ «អ្វី ដែលអ្នកស្រុកអ្នកភូមិគាត់បានរាយការណ៍មកអាដហុក យើងថា មានការដឹកជញ្ជូនឈើប្រណិត តាមរថយន្តទំនើបៗ ទៅតាមច្រករបៀងព្រំដែនវៀតណាមផង។ ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភថា រថយន្តដែលបានដឹកឈើ គឺបើកបរដោយល្បឿនលឿន គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដោយសាររថយន្តហ្នឹងមានការប៉ះពារជាច្រើនករណីដែរ។»
យ៉ាងណាក្តី មន្ត្រីប៉ូលិសបង្ក្រាបករណីនេះអះអាងថា ជនពាក់ព័ន្ធទាំង ៤នាក់ ត្រូវបានមន្ត្រីព្រៃឈើដោះលែងវិញហើយ បន្ទាប់ពីបានផាកពិន័យអន្តរការជាប្រាក់ជាង ២០លានរៀល។ ចំណែកវត្ថុតាងរថយន្តនិងឈើប្រមាណបីម៉ែត្រគូប ត្រូវរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តនៅឡើយ៕
No comments:
Post a Comment