Paris Peace Accords 23 Oct. 1991

Wednesday, April 23, 2014

កម្មករ​ រោងចក្រ​​ ចំនួន​៣ ​ធ្វើ​កូដកម្ម ​ទាមទារ​ លក្ខខណ្ឌ​ការងារ ​និង​ផ្អាក​ គម្រោង​បញ្ឈប់ ​កម្មករ

កម្មករ​ រោងចក្រ​​ ចំនួន​៣ ​ធ្វើ​កូដកម្ម ​ទាមទារ​ លក្ខខណ្ឌ​ការងារ ​និង​ផ្អាក​ គម្រោង​បញ្ឈប់ ​កម្មករ

ដោយ សុ ជីវី / អាស៊ីសេរី | ២២ មេសា ២០១៤

កម្មករ​ សរុប​ជិត ១​ពាន់​នាក់ នៅ​រោងចក្រ​ ចំនួន​៣ បាន​ធ្វើ​កូដកម្ម​ ដោយ​ឡែកៗ​ពី​គ្នា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ទាមទារ​ អោយ​ភាគី​រោងចក្រ ​យល់​ព្រម ​ចំពោះ​លក្ខខណ្ឌ ​ទាមទារ​មួយ​ចំនួន។ ចំណុច​សំខាន់​ជាង​គេ ​ក្នុង​ការ​តវ៉ា ​នោះ គឺ​ការ​ទាមទារ​ អោយ​ភាគី​រោងចក្រ ​ទទួល​យក​ កម្មករ  ដែល​ត្រូវ​បញ្ឈប់​ ពី​ការងារ ​អោយ​ចូល​ ធ្វើ​ការងារ​ ដូច​ដើម​វិញ។
កម្មករ​នៅ​រោងចក្រ ប៉ាយ​ម៉ី ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ត្រពាំងថ្លឹង ខណ្ឌ​ពោធិ៍សែនជ័យ ប្រមាណ ៣០០​នាក់ បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ ដោយ​ទាមទារ​អោយ​ភាគី​រោងចក្រ​ផ្អាក​គម្រោង​បញ្ឈប់​កម្មករ​ជាង ១០០​នាក់​ពី​ការងារ បន្ទាប់​ពី​កម្មករ​បាន​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ហួល​ពេល​វេលា ដែល​ខាង​រោងចក្រ​បាន​កំណត់។
កម្មករ​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​រោងចក្រ បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួក​គាត់​ដែល​ចូល​រួម​តវ៉ា​នៅ​ពេល​នេះ ព្រោះ​យល់​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ដែល​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​នោះ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បង្ខំ​អោយ​ផ្ដិត​មេដៃ​យល់​ព្រម​លាលែង​ពី​ការងារ​ដោយ​ខ្លួនឯង៖ «រោងចក្រ​ទល់​មុខ​ហ្នឹង​ក្បែរ​ហ្នឹង គេ​ចូល​ថ្ងៃ​ទី​២១ ហើយ​ឈប់​ថ្ងៃ​ជាមួយគ្នា​ចឹង ពួក​ហ្នឹង​តាម​គ្នា​ចាំ​ចូល​ថ្ងៃ​២១ ចឹង។ បើ​បញ្ឈប់​គេ​ក៏​បញ្ឈប់​ចុះ ប៉ុន្តែ​ហៅ​គេ​ទៅ​ហ្នឹង​មិន​មែន​បញ្ឈប់​ទេ តែ​អោយ​គេ​សរសេរ​លិខិត​សុំ​ឈប់​ខ្លួន​ឯង»
វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ភាគី​រោងចក្រ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា។ ចំពោះ​ក្រុម​កម្មករ​អះអាង​ថា ពួក​គេ​នឹង​បន្ត​ការ​តវ៉ា​រហូត​មាន​ដំណោះស្រាយ។
ទាក់ទិន​នឹង​ការ​ឈប់​សម្រាក​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ដែរ កម្មករ​នៅ​រោងចក្រ យូនីធី ហ្វេសសិន ដែល​មាន​ទីតាំង​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រមាណ​ជាង ២០០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ពេល​ភាគី​រោងចក្រ​បាន​សម្រេច​កាត់​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ​ចំនួន ២​ថ្ងៃ ចំពោះ​អ្នក​ដែល​មិន​បាន​ចូល​ធ្វើ​ការ​តាម​ការ​កំណត់​របស់​រោងចក្រ។ ការ​តវ៉ា​រយៈពេល​មួយ​ព្រឹក​របស់​កម្មករ មិន​បាន​ទទួល​លទ្ធផល​នៅ​ឡើយ ហើយ​ពួក​គេ​បាន​រំសាយ​នៅ​ពេល​រសៀល ប៉ុន្តែ​គ្រោង​នឹង​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា។ ក្រុម​កម្មករ​ទាមទារ​អោយ​ភាគី​រោងចក្រ​ទូទាត់​ថ្ងៃ​ឈប់​សម្រាក​នោះ​ជាមួយ​នឹង​ចំនួន​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ​របស់​ពួក​គាត់ ជំនួស​អោយ​ការ​កាត់​ប្រាក់​ឈ្នួល។
ស្រប​គ្នា​នេះ កម្មករ​ប្រមាណ ៤០០​នាក់​នៅ​រោងចក្រ វិកូ (Victco) ដែល​មាន​ទីតាំង​នៅ​ភូមិ​ត្រពាំងសាំងចៀក ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​តវ៉ា​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន និង​ស្នើ​អោយ​ភាគី​រោងចក្រ​ទទួល​យក​កម្មករ​ម្នាក់​អោយ​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ត្រូវ​បញ្ឈប់​ពី​ការងារ​បន្ទាប់​ពី​កម្មករ​រូប​នោះ​មាន​គម្រោង​បង្កើត​សហជីព​ក្នុង​រោងចក្រ។
កម្មករ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ លោក តាត់ គឹមឈិន ថ្លែង​ថា ចំណុច​ទាំង​៦ ដែល​កម្មករ​ទាមទារ​នោះ គួរ​តែ​ភាគី​រោងចក្រ​យល់​ព្រម​ផ្ដល់​អោយ​កម្មករ ព្រោះ​ជា​អត្ថប្រយោជន៍​ដែល​កម្មករ​គួរ​ទទួល​បាន។ លោក​បន្ត​ថា ចំពោះ​ការ​បណ្ដេញ​គាត់​ពី​ការងារ គឺ​ជា​ការ​រើសអើង​សហជីព៖ «ទី​១ លុយ​ឡាន​សុំ ១៥​ដុល្លារ ស្នើ​អោយ​ខ្ញុំ គឺ តាត់ គឹមឈិន ហ្នឹង​បាន​ចូល​ធ្វើ​ការ​វិញ។ ខ្ញុំ​អត់​មាន​កំហុស​អី​ផង​បង ប៉ុន្តែ​នៅ​ថ្ងៃ​បើក​លុយ គឺ​ថ្ងៃ​ទី​៩ ហ្នឹង​រក​លុយ បើ​អត់​មាន​ចឹង​ប្រហែល​រឿង​ដែល​គាត់​យល់​ដឹង​ថា ខ្ញុំ​បង្កើត​សហជីព​សេរី​ជា​តំណាង​កម្មករ​ដែល​គេ​លើក​ខ្ញុំ​អោយ​ធ្វើ​ហ្នឹង​បាន​គេ​ដក​ខ្ញុំ​តែ​ម្តង»
ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ តំណាង​រដ្ឋបាល​រោងចក្រ អ្នកស្រី អ៊ុំ ណាវី មាន​ប្រសាសន៍​ថា ភាគី​រោងចក្រ​ពុំ​អាច​ផ្ដល់​អោយ​ទៅ​តាម​ការ​ទាមទារ​នោះ​ឡើយ ព្រោះ​ទើប​តែ​ដំឡើង​ប្រាក់​ខែ​គោល​អោយ​បាន ១០០​ដុល្លារ។ ស្រប​គ្នា​នេះ អ្នកស្រី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា រោងចក្រ​រើសអើង​សហជីព៖ «ទាក់ទង​នឹង​លុយ គឺ​ខាង​ខ្ញុំ​មិន​អាច​បាន​អោយ​បាន​ទេ។ យើង​ទើប​ដំឡើង​ប្រា​ក់ខែ​ដល់ ១០០​ដុល្លារ ហី​គាត់​ផ្ទួនៗ​គ្នា គាត់​ទាមទារ​ប្រាក់​រហូត។ ចំពោះ​ការ​លើក​ឡើង​ថា រើសអើង​សហជីព​យ៉ាង​ម៉េច​ដែរ? អត់​មាន​ទេ គឺ​គាត់​ដល់​កុងត្រា»
ទាក់ទិន​នឹង​ការ​តវ៉ា​នៅ​រោងចក្រ វិកូ នេះ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា មាន​ការ​ចរចា​មួយ​បាន​ធ្វើ​ឡើង​រវាង​តំណាង​កម្មករ ភាគី​រោងចក្រ ដោយ​មាន​ការ​សម្របសម្រួល​របស់​តំណាង​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​ពុំ​បាន​លទ្ធផល​ឡើយ។ ភាគី​រោងចក្រ​បាន​ជំរុញ​អោយ​បញ្ជូន​វិវាទ​នេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល៕



No comments:

Post a Comment