កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋមិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។
@RFI/ siv channa
គណបក្ស ប្រឆាំង និងសហជីព គ្រោងប្រារព្ធ ទិវាពលកម្ម ១ឧសភា នៅទីលានប្រជាធិបតេយ្យ
សហជីពនៅកម្ពុជាស្នើសុំទីលានប្រជាធិបតេយ្យដែលកំពុងចម្រូងចម្រាស់ ជួបជុំប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃទី១ឧសភាខាងមុខ។ តាមរយៈលិខិតផ្ញើរទៅកាន់សាលារាជាធានីភ្នំពេញនៅរសៀលថ្ងៃអង្គារនេះ សហជីពទាំង២៦ រួមទាំងសហជីពរបស់ លោក អាត់ ធន់ លោកស្រី ម៉ម ញឹម និងលោកជា មុនីជាដើម បានជូនដំណឹងទៅកាន់សាលារាជធានីភ្នំពេញពីការស្នើសុំជួបជុំមនុស្ស១ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ។ ទីលានប្រជាធិបតេយ្យដែលត្រូវបានរដ្ឋាភិបាលបិទមិនឱ្យមានការជួបជុំក្រោមហេតុផលស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើហិង្សាកាលពីដើមខែមករាកន្លងទៅ។
បើតាមគម្រោង ក្រុមសហជីពទាំងអស់នឹងដើរដង្ហែក្បួនមុនការជួបជុំមួយកន្លែងនៅទីលានប្រជាធិបតេយ្យ។នេះបើតាមការបញ្ជាក់របស់ លោកអាត់ ធន់ ប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ យ៉ាងណាក៏ដោយកម្មវត្ថុសំខាន់នៃការជួបជុំថ្ងៃទី១ឧសភាខាងមុខនៅតែជាការស្នើសុំឱ្យមានការដោះលែងមនុស្សចំនួន២១នាក់ដែលកំពុងជាប់ឃុំ និងការទាមទារទំលាក់ការចោទប្រកាន់មនុស្សទាំង២៣នាក់ដែលរួមមាន លោក វ៉ន ពៅដដែល។ ហើយកម្មវត្ថុសំខាន់មួយទៀតនោះគឺការពិភាក្សាឡើងវិញស្តីពីបញ្ហាប្រាក់ឈ្នួលអប្បរមា១៦០ដុល្លារផងដែរ។
សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញនៅមិនទាន់បានឆ្លើយយ៉ាងណាចំពោះសំណើររបស់សហជីពដែលសុំទីលានប្រជាធិបតេយ្យដើម្បីប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានៅឡើយនោះទេ៕
No comments:
Post a Comment