មន្ត្រីប៉ូលិសភ្នំពេញចុះពិនិត្យមើលផ្ទះជនរងគ្រោះដែលត្រូវមនុស្សមួយក្រុមបំផ្លាញ។ (រួបភាពពីទំព័រfacebook របស់ kon khmer nak snehajeat)
មនុស្ស មួយក្រុម ចូលបំផ្លាញ ផ្ទះអ្នកភូមិ ដែលមានទំនាស់
ឃួន ធារ៉ា / វីអូអេ | ០៧ មេសា ២០១៤
ភ្នំពេញ — ក្រុមគ្រួសារមួយ ក្នុងសង្កាត់បឹងកក់១ ក្នុងក្រុងភ្នំពេញ ត្រូវបាន មនុស្សមួយក្រុម ចូលទៅសម្លុត និងបំផ្លាញ ទ្រព្យសម្បត្តិ ដល់ក្នុងផ្ទះ កាលពីថ្ងៃអាទិត្យ។ ក្រុមគ្រួសារនេះ អះអាង ថា មូលហេតុ ដោយសារ ពួកខ្លួន មិនព្រមលក់ដីនោះ ទៅឱ្យ មន្ត្រី ជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល ហើយ ពួកខ្លួន កំពុងតែរៀបចំ ពាក្យបណ្តឹង ប្រឆាំងនឹង មន្ត្រីជាន់ខ្ពស់ រូបនេះ និងបក្ខពួក។
កំពុងអង្គុយខាងមុខផ្ទះទៀមចាស់រយ៉េករយ៉ាកមួយខ្នងក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក កណ្តាលទីក្រុងភ្នំពេញ លោកលី ស៊្រាងខេង ពលរដ្ឋរងគ្រោះដោយទំនាស់ដីធ្លីរៀបរាប់ដោយទឹកមុខស្ងួតថា អាជ្ញាធរមានសមត្ថកិច្ចបានឈរឱបដៃមើលក្រុមមិនស្គាល់មុខមួយក្រុមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលោកដោយខុសច្បាប់កាលពីម្សិលមិញ។
«កាលពីម្សិលមិញ ខ្ញុំបានទាមទារឱ្យចាប់ប្រាំនាក់ ដែលនៅខាងក្នុងហ្នឹងឱ្យបាន ដើម្បីសួរចម្លើយឱ្យដឹងថា អ្នកណាជាមេខ្លោង។ ពេលនោះវាចេញហើយអ្នកណាជាមេខ្លោង។ អាជ្ញាធរនៅកន្លែងហ្នឹង គេថា គេមកយាមខ្ញុំ ខ្លាចគេមកកាប់ខ្ញុំទៀត។ ដល់ពេលពួកហ្នឹងចេញ អាជ្ញាធរចេញអស់ដែរ»។
កាលពីថ្ងៃអាទិត្យនេះ មានមនុស្សមួយក្រុមមានគ្នាប្រមាណពី២០ទៅ៣០នាក់ប្រដាប់ដោយដំបង ដាវ និងដុំថ្ម បានចូលទៅសំឡុត និងវាយកម្ទេចសម្ភារៈក្នុងផ្ទះសម្បែងរបស់លោកស្រ៊ាងខេង ដោយមិនប្រាប់ពីមូលហេតុនោះឡើយ។ ស្នាកស្នាមគំនរកម្ទេចចាន កែវ ចង្ក្រាន និងឆ្នាំងស្ថិតនៅរាយប៉ាយនៅខាងមុខផ្ទះបុរសចំណាស់វ័យ៥៨ឆ្នាំនេះ។
កំពុងអង្គុយជិតភស្តុតាងនៃអំពើហិង្សានេះ លោកបានទម្លាក់ការទទួលខុសត្រូវទៅលើលោកយឹម លាង ប្រធានអង្គរក្សរបស់លោកជា ស៊ីម និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលីចំពោះហិង្សានេះ។
«៣០នាក់ហ្នឹងចេញមកពីណា? ៣០នាក់ហ្នឹងចេញមកពីយឹម លាង ព្រោះពួកហ្នឹងវានិយាយថា វាជាអង្គរក្សរបស់សម្តេចជា ស៊ីម ហើយយឹម លាងជាអង្គរក្សសម្តេចជា ស៊ីម។ តើហៅពួកហ្នឹងមកធ្វើអ្វី? គឺមកដើម្បីកាប់សម្លាប់ពួកខ្ញុំ ដើម្បីប្រគល់ដីទៅឱ្យវា»។
ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបានកើតឡើងជាយូរឆ្នាំមកហើយរវាងប្រជាពលរដ្ឋមូលដ្ឋានចំនួន៧គ្រួសារជាមួយក្រុមហ៊ុនឯកជនមួយឈ្មោះថា ក្រុមហ៊ុនឃុន សៀ អភិវឌ្ឍន៍ នៅពេលដែលក្រុមហ៊ុននោះព្យាយាមបណ្តេញពួកគេចេញពីលំនៅដ្ឋានក្នុងសំណងជាទឹកប្រាក់១៥០០០ដុល្លារក្នុងមួយគ្រួសារ។ ក្នុងនោះមាន៤គ្រួសារបានព្រមទទួលយកសំណងនេះហើយ ប៉ុន្តែគ្រួសារលោក និង២គ្រួសារទៀតបានបដិសេធ។ បើតាមលោកស៊្រាង ខេងដដែលទំនាស់នេះបានឡើងកំដៅនៅឆ្នាំ២០១៣នៅពេលដែលក្រុមហ៊ុនឃុន សៀទៅបណ្តេញពួកលោកចេញពីផ្ទះ ក្រោមហេតុផលថា ខ្លួនបានទិញដីនេះពីរដ្ឋកាលពីឆ្នាំ២០១០ និងចោទថា ពួកលោកកំពុងរស់នៅលើដីរដ្ឋដោយខុសច្បាប់ ប៉ុន្តែលោកស្រ៊ាង ខេងអះអាងថា លោកបានរស់នៅទីនោះតាំងពីឆ្នាំ១៩៨២មកម្ល៉េះ។
នៅខែមិនាឆ្នាំ២០១៤ លោកបានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងហ្នឹងអាជ្ញាធរមូលដ្ឋាន ដោយចោទថា បានសមគំនិតគ្នាក្លែងបន្លំឯកសារសាធារណៈ និងលួចលក់ដីរបស់គាត់ ដោយមិនឱ្យគាត់ដឹង ប៉ុន្តែនៅមិនទាន់មានចំណាត់ការណាមួយនៅឡើងទេ រហូតមកទល់ពេលនេះ។
«អាជ្ញាធរលួចដីរបស់ខ្ញុំលក់ឱ្យឯកជន។ ខ្ញុំបានដាក់ពាក្យបណ្តឹងហើយ។ ខ្ញុំប្តឹងចៅសង្កាត់ ចៅសង្កាត់រង ប្តឹងលោកសេង រតនៈ អភិបាលខណ្ឌ។ ខ្ញុំប្តឹងលោកកែប ជុតិមា ដែលយកដីខ្ញុំទៅលក់ឱ្យឃុន សៀ លក់៣ឆ្នាំហើយ ខ្ញុំអត់ដឹង តាំងពី២០១០រហូតដល់ឆ្នាំ២០១៣ ថ្ងៃដេញខ្ញុំ ទើបឱ្យខ្ញុំដឹង។ ពេលហ្នឹងខ្ញុំបដិសេធ»។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមគ្រួសារមួយនេះត្រូវបានគំរាមកំហែង។ លោកលី ស៊្រាងខេងឱ្យដឹងថា គ្រួសាររបស់លោកធ្លាប់ត្រូវបានគំរាមកំហែងដល់អាយុជីវិតប្រមាណ៣០ដងរួចមកហើយ រួមមានការឆ្មក់កាប់លោក និងកូនស្រីតាមផ្លូវ ធ្វើឱ្យរបួសធ្ងន់ ការគម្រាមសម្លាប់ដោយក្រុមមិនស្គាល់មុខ និងការបោះពស់វែកចូលក្នុងផ្ទះរបស់លោកជាដើម។
លោកទណ្ឌ ណាវុធ ប្រធានផ្នែកព្រហ្មទណ្ឌនៃខណ្ឌទួលគោក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយថ្លែងថា កំពុងជាប់ប្រជុំ។
«ខ្ញុំជាប់ប្រជុំបន្តិចបង»។
ដោយឡែក លោកយឹម លាង ប្រធានអង្គរក្សរបស់លោកជា ស៊ីម និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលីថ្លែងប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃអាទិត្យថា លោកគ្រាន់តែឱ្យកូនចៅរបស់លោកចុះទៅណែនាំគ្រួសារនោះប៉ុណ្ណោះ ប៉ុន្តែពួកគេបានបង្កអំពើហិង្សាមុន ទើបកូនចៅរបស់លោកសម្រេចចិត្តអនុវត្តសិទ្ធិការពារខ្លួន។
លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក ថ្លែងថា ការមិនបាននាំជនបង្កហេតុមកផ្តន្ទាទោសតាមច្បាប់ជាការបរាជ័យមួយរបស់សមត្ថកិច្ច។
«នេះក៏បង្ហាញពីការមិនយកចិត្តទុកដាក់របស់ក្រុមអាជ្ញាធរទៅលើក្រុមគ្រួសារគាត់ ព្រោះគេព្យាយាមគំរាមកំហែងគាត់ ធ្វើទុក្ខបុកម្នេញគាត់ មិនឱ្យរស់នៅទីនោះបាន ហើយអាជ្ញាធរបានត្រឹមតែទៅធ្វើកំណត់ហេតុ តែមិនបានស្រាវជ្រាវរឿងហ្នឹងឬស្វែងរកជនដៃដល់យកមកផ្តន្ទាទោសទេ ហើយផ្ទុយទៅវិញហាក់ដូចជាបើកដៃឱ្យក្រុមទាំងហ្នឹងធ្វើអ្វីតាមទំនើងចិត្ត មិនខ្លាចរអារច្បាប់ទេ»។
លោកអំ សំអាតអត្ថាធិប្បាយបន្ថែមថា ការទុកឱ្យទំនាស់ដីធ្លីបែបនេះបន្តអូសបណ្តាយគឺជាឧបសគ្គចម្បងមួយសម្រាប់កំណែទម្រង់វិស័យដីធ្លីរបស់រដ្ឋាភិបាលកម្ពុជា៕
No comments:
Post a Comment