Paris Peace Accords 23 Oct. 1991

Monday, April 28, 2014

អតីត​ អ្នកភូមិ​បឹង​បកក់​ បរាជ័យ​ ក្នុង​ការយក​បរិវេណ​ ជាប់​សាលា​រាជធានី ដើម្បី​ដាក់​សម្ពាធ ​ទារ​សំណង រឿង​បណ្តេញចេញ​​

សមត្ថកិច្ចរារាំងអតីត​អ្នកភូមិ​បឹង​បកក់​ មិនឲ្យតវ៉ា នៅមុខសាលារាជធានីភ្នំពេញ (រូបថត៖ ញឹម សុខន)

អតីត​ អ្នកភូមិ ​បឹង​បកក់​ បរាជ័យ​ ក្នុង​ការយក​បរិវេណ​ ជាប់​សាលា​រាជធានី ដើម្បី​ដាក់​សម្ពាធ ​ទារ​សំណង រឿង​បណ្តេញចេញ​​


ញឹម សុខន​ / វីអូឌី | ២៨ មេសា ២០១៤

អតីត​អ្នក​ភូម​បឹងកក់​ប្រមាណ​ជា​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បរាជ័យ​ក្នុង​ការព្យាយាម បោះជំរំ​ជាប់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នាក់នៅ​ទាំង​យប់​ទាំង​ថ្ងៃ នូវ​អ្វី​ដែល​ក្រុមអ្នកតវ៉ា​យល់ថា ជាការ​ដាក់​សម្ពាធ ឲ្យ​អាជ្ញា​ពាក់ព័ន្ធ​ផ្តល់សំណងបន្ថែម រឿង​ប​ណ្តេ​ចេញកាលពី​ជាង​៦​ឆ្នាំមុន​។​

ការបរាជ័យ​នោះ ដោយសារ​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​ ដែល​គេ​ប្រទះ​ឃើញ​តែង​ប្រើ​ហិង្សា​បង្ក្រា​ក្រុមអ្នកតវ៉ា​ញឹកញាប់ ​ប្រមាណ​ជា​៤០​នាក់ បាន​រុញច្រាន​មិន​ឲ្យ​ពួកគេ​ព្យាយាម​ទៅជិត​របង​សាលា​រាជធានី​។ ​​អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ផ្សេងទៀត គឺ​អ្នកស្រី សូ វ​ន្នី ដែល​អះអាង​ថា ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យទៅ​នៅ​ខណ្ឌ​សែន​សុខ កាលពី​ឆ្នាំ​២០០៨ សម្តែង​ការខកចិត្ត​ចំពោះ​វិធានការ​នេះ ដោយ​អះអាង​ថា ពួកគេ​ត្រូវបាន​មន្ត្រី​សាលា​រាជធានី ណាត់​ជួប​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ដាក់​ញត្តិ​ពី​ការទាមទារ​សំណង​បន្ថែម «គាត់ណាត់ឲ្យខ្ញុំមកថ្ងៃហ្នឹង ថ្ងៃ២៨ ខែបួន គាត់ថាក្នុងខែបួនហ្នឹងគាត់ដោះស្រាយឲ្យ តែឥឡូវខ្ញុំមកហើយ គាត់ដាក់កម្លាំងឲ្យអ៊ីចឹង»
តាម​ញត្តិ​អ្នក​ដែល​បាន​បណ្តេញចេញ ចុះ​ថ្ងៃ​ទី​២៨ ខែ​មេសា ​ឆ្នាំ​២០១៤​នេះ បាន​ផ្តល់​ជម្រើស​ពីរ​យ៉ាង ឲ្យ​សាលា​រាជធានី​ពិចារណា ទី​១​សុំ​ទាមទារ​ប្រាក់​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខ្នង​ផ្ទះ ផ្អែក​តាម​សាលក​ប័ត្រ​ព័ត៌មាន​ទទួលស្គាល់​ ដោយ​សាលា​រាជធានី​ភ្នំពេញ ទី​២​សុំ​ទាមទារ​ដី​ទំហំ​៥​គុណ​១៦​ម៉ែត្រ ដែល​មាន​ចម្ងាយ​មិន​លើស​ពី​៣​ទៅ​៥​គីឡូម៉ែត្រ​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ​ឡុង ឌី​ម៉ង់ អះអាងថា ការរារាំង​នោះ ក្នុង​បំណង​រក្សា​សណ្តាប់​ធ្លាប់ ខណៈ​អ្នក​តវ៉ា​ព្រមាន​បិទផ្លូវ​ដែល​មាន​មនុស្ស​៦០០​នាក់​ចូលរួម​។ លោក​ថា​ពេល​នេះ តំណាង​អ្នក​ភូមិ​ត្រូវបាន​អនុញាតិ​ឲ្យចូល​ដាក់​ញត្តិ​។ ប៉ុន្តែ​មិន​អាច​ផ្តល់​ជម្រើស​នៃ​ដំណោះស្រាយ​ភ្លាមៗ​បានទេ​ «យើងទទួលញត្តិរបស់គាត់តើ ក៏ប៉ុន្តែអ្វីដែលយើងរារាំង គឺយើងមិនឲ្យគាត់ធ្វើ អំពើអនាធិបតេយ្យ ដែលគាត់ចង់បិទផ្លូវ នោះយើងមិនអនុញ្ញាតទេ»
តំណាង​អ្នក​តវ៉ា អ្នកស្រី​ សយ កូឡាប អះអាងថា ពួកគេ​នៅតែ​ព្យាយាម​យក​ទីតាំង ជាប់​សាលា​រាជធានីភ្នំពេញ បោះតង់​ស្នាក់នៅ​បើ​គ្មាន​ដំណោះស្រាយ «ខ្ញុំត្រៀមលក្ខណៈក្នុងការឲ្យរដ្ឋាភិបាល បើគាត់ចង់វ៉ៃក៏វ៉ៃទៅ ឲ្យតែថា គាត់ថាវ៉ៃប្រជាជន ដើម្បីឲ្យបានល្អដល់ប្រទេសជាតិ គាត់វ៉ៃចុះ»
​សហរដ្ឋអាមេរិក​ កាលពីដើមឆ្នាំ​២០១៤ ​ធ្លាប់​ផ្តាំផ្ញើ​ដល់​ធនាគារពិភពលោក ឲ្យ​ពិនិត្យមើល​លើ​ការផ្តល់​សំណង ដល់​អ្នករស់នៅ​តំបន់​បឹងកក់ ទាំង​អ្នក​មិន​ព្រម​ចាកចេញ ទាំង​អ្នក​ដែល​ចាកចេញ មុន​ទម្លាក់​ជំនួយ បន្តទៀតដល់​រាជរដ្ឋាភិបាល បន្ទាប់ពី​បាន​បង្កក ​កាលពី​ឆ្នាំ​២០១០។​
​សង្គម​ស៊ីវិល​អះអាង​ថា យ៉ាងតិចណាស់​មាន​ពល​រដ្ឋ​ជាង​៣០០០​នាក់​ នៅ​តំបន់​បឹងកក់ ទទួលយក​សំណង​តិចតួច​ទាំង​បង្ខំចិត្ត នៅ​ចន្លោះ​ឆ្នាំ​២០០៨​ និង​២០០៩ ដើម្បី​ទៅ​នៅ​ជាយក្រុង នៅពេល​សាលា​រាជធានី​ភ្នំពេញ ជួល​ដី នៅ​តំបន់​នោះ ឲ្យ​ក្រុមហ៊ុនស៊ូ​កាគូ​អិន របស់លោក ឡៅ ម៉េង​ឃិន សមាជិកព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ធ្វើជា​ទីក្រុង​រណប​ ដោយ​មាន​កុងត្រា​ជិត​១០០​ឆ្នាំ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ពលរដ្ឋ​ជាង​៤០០០​គ្រួសារ​៕


No comments:

Post a Comment