Paris Peace Accords 23 Oct. 1991

Wednesday, April 2, 2014

អ្នក​ ការទូត​ និង​វាគ្មិន​នានា​ យល់​ខុសគ្នា​ អំពី​ភាព​ ស្រប​ច្បាប់​ នៃ​រដ្ឋាភិបាល

អ្នក​ ការទូត​ និង​វាគ្មិន​នានា​ យល់​ខុសគ្នា​ អំពី​ភាព​ ស្រប​ច្បាប់​ នៃ​រដ្ឋាភិបាល

លទ្ធផល​បោះឆ្នោត​កន្លង​មក​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះ​ទេ​។
លទ្ធផល​បោះឆ្នោត​កន្លង​មក​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះ​ទេ​។

ឃួន ធារ៉ា / វីអូអេ | 02 មេសា 2014 
 
ភ្នំពេញ — ភាព​ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​ របស់​រដ្ឋាភិបាល​ កម្ពុជា​ក្នុង​អាណត្តិទី​៥​ បាន​ក្លាយ​ជា​ ប្រធានបទ​ សំខាន់​មួយ​ ក្នុង​កិច្ច​ពិភាក្សា​មួយ​ របស់​ អង្គទូត​ និង​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ កាល​ពី​ថ្ងៃ​អង្គារ​នេះ។ ​កិច្ច​ពិភាក្សា​ ជា​ភាសា​អង់គ្លេស​នេះ​ ផ្តោត​លើ​កិច្ច​ពិភាក្សា​ លើ​ភាព​ជាប់​គាំង​នយោបាយ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​រៀបចំ​ដោយ​ វិទ្យាស្ថាន​ខ្មែរ​ សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព។​

លោក Dinesh K. Patnaik ​ឯក​អគ្គ​រដ្ឋទូត​ប្រទេស​ឥណ្ឌា​ប្រចាំ​កម្ពុជា​ បាន​លើក​ជា​សំណួរនេះ​ឡើង​ក្នុង​កិច្ច​សន្ទនា​ ​ដែល​មាន​ការ​ចូលរួម​ពី​អ្នក​ការទូត និស្សិត ​បញ្ញវ័ន្ត ​និង​តំណាង​សង្គម​ស៊ីវិល​ជា​ច្រើន​រូប។​
«លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​រួច​ហើយ​ ហើយ​សមាជិក​សភា​ក៏​បាន​តែងតាំង​ហើយ​ដែរ​ ប៉ុន្តែ​គណបក្ស​មិន​ព្រម​ចូល​ប្រជុំ​សភា។ ​ដូច​ដែល​កម្ពុជា​មាន​ប្រព័ន្ធ​ពហុបក្ស​និយម ​ប៉ុន្តែ​គណបក្ស​ជាប់​ឆ្នោត​មួយ​ផ្សេង​ទៀត​មិន​បាន​ចូលរួម ​ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​លើក​ជា​សំណួរ ថា​តើ​តាម​និយមន័យ​ច្បាប់ ​តើ​រដ្ឋាភិបាល​បច្ចុប្បន្ន​មាន​ភាព​ស្រប​ច្បាប់​ប៉ុណ្ណា?»​
ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលកំពុង​កាន់​អំណាច​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ស្រុត​ចុះ​ប្រជាប្រិយភាព​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ​២០១៣ ​និង​បាន​រង​សម្ពាធ​ដោយ​បាតុកម្ម​ប្រឆាំង​នឹង​ខ្លួន​ជា​បន្ត​បន្ទាប់។​

លោក​ពូ សុធីរៈ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​គូស​បញ្ជាក់​ពី​ទំនាក់​ទំនង​នៃ​ភាព​ស្រប​ច្បាប់ឬ​មិន​ស្របច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា។​

«ប្រសិន​បើ​យើង​យល់​ស្រប​ថា​ ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​ហើយ​នោះ​ មិន​គួរ​សួរ​ពី​ភាព​ស្រប​ច្បាប់ឬ​មិន​ស្របច្បាប់​នៃ​សភា​នេះ​ទេ ​ពី​ព្រោះ​បើ​និយាយ​ពី​មូលដ្ឋាន​ច្បាប់ ​ព្រះ​មហាក្សត្រ​បាន​បើក​សម័យ​ប្រជុំ​រដ្ឋ​សភា​ដំបូង​ ហើយ​នីតិ​វិធី​ផ្លូវ​ច្បាប់​នានា​ត្រូវ​បាន​បំពេញ​យ៉ាង​ត្រឹមត្រូវ។ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ ដែល​បាន​ទៅ​បោះឆ្នោត ​នៅ​តែ​សួរ​ថា​តើ​ការ​បោះឆ្នោត​នេះ​សេរី​និង​យុត្តិធម៌​ហើយ​ឬ​នៅ?»​

លទ្ធផល​បោះឆ្នោត​កន្លង​មក​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទទួល​បាន​៥៥​អាសនៈ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នេះ​ទេ​ ​ដោយ​ចោទ​ថា​ ការ​បោះឆ្នោត​កន្លង​មក​មាន​ការ​កេង​បន្លំ​ និង​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ ដូច​ជា​ការ​បាត់​ឈ្មោះ​អ្នក​បោះឆ្នោត​ជាង​មួយ​លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត ​ការ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ​និង​ការ​លម្អៀង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទៅ​ខាង​គណបក្ស​កាន់​អំណាច។​
លោក​បណ្ឌិត ឡៅ មុងហៃ ​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ម្នាក់ ​អះអាង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ភាព​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។

«រដ្ឋាភិបាល​បច្ចុប្បន្ន ​តាម​ភាព​ជាក់ស្តែង​ជា​រដ្ឋាភិបាល​មួយ ​ប៉ុន្តែ​មិន​ទាន់​ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​ទេ។ ​ក្នុង​ន័យ​នេះ ​តាម​ភាព​ជាក់​ស្តែង​ ពួក​យើង​កំពុង​តែ​រស់​នៅ​ក្នុង​រដ្ឋ​មួយ​ដែល​ស្ថិត​ក្នុង​គ្រា​ប្រកាស​អាសន្ន។​ ប្រសិន​បើ​ខ្ញុំ​ចេញ​ពី​ទី​នេះ​ ខ្ញុំ​អាច​ត្រូវ​បាន​ចាប់​ខ្លួន​គ្រប់​ពេល​វេលា។ ​ពួកគេ​ហាម​ឃាត់​ការ​ធ្វើ​បាតុកម្ម ​ដូច្នេះ​តើ​ពួកគេ​ឈរ​លើ​មូលដ្ឋាន​អ្វី? ​តើ​រដ្ឋ​ស្ថិត​ក្នុង​ភាព​អាសន្ន​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​ព្រះ​មហាក្សត្រ? គឺ​អត់​មាន​ទេ។​ តើ​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី? ​នោះ​ក៏​អត់​មាន​ដែរ»។
លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ​ សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ ​Leeds​ ប្រទេស​អង់គ្លេសយល់​ថា ​ប្រជាប្រិយភាពរបស់​គណបក្ស​កាន់​អំណាច​មាន​ការ​ធ្លាក់​ចុះ​ ដោយសារ​ប្រជា​ពលរដ្ឋ​អាច​ទទួល​បាន​ព័ត៌មាន​ច្រើន​ជាង​មុន​និង​មាន​តម្រូវ​ការ​ច្រើន​ជាង​មុន។​

លោក​ឈាង វណ្ណារិទ្ធ​អត្ថាធិប្បាយ​បន្ថែម​ថា​ សម្ពាធ​ពី​សាធារណៈ​នឹង​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ទម្លុះ​ទម្លាយ​ភាព​ជាប់គាំង​ដ៏​រ៉ាំរៃ​នេះ​ក្នុង​ពេល​ឆាប់ៗ។​
«សំខាន់​គណបក្ស​នយោបាយ​ទាំង​សង​ខាង​គឺ​អស់​ខ្យល់​រៀង​ខ្លួន ​ហើយ​ប្រជាជន​តម្រូវការ​ឱ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់ ​ព្រោះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នៅ​កម្ពុជា ​ហើយ​យើង​មិន​ចង់​ឃើញ​សង្គមបែកបាក់​ទេ ​ដូច្នេះ​វា​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ស្វែងរក​ចំណុចរួម​ណា​មួយ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង»។​
លោក​ឈាង វណ្ណារិទ្ធ​ផ្តល់​អនុសាសន៍​ថា​ ច្រកនយោបាយ​ដ៏​សំខាន់​នៅ​កម្ពុជា​គឺ​កំណែ​ទម្រង់​ការ​បោះឆ្នោត ​និង​ស្ថាប័ន​របស់​រដ្ឋ ​និង​ការ​បោះឆ្នោត​មុន​អាណត្តិ ​ប្រសិន​បើ​ចាំ​បាច់៕

No comments:

Post a Comment