លោក ឈុត វុទ្ធី បង្ហាញរូបថតស្ដីពីសកម្មភាពកាប់ឈើនៅកម្ពុជា នៅក្នុងការិយាល័យរបស់លោក នារាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១១។
RFA/Tin Zakariya
សកម្មជន ព្រៃឈើ គ្រោងធ្វើពិធី រំឭកខួប ២ឆ្នាំ នៃការបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅកោះកុង
ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២១ មេសា ២០១៤
អង្គការ ការពារធនធានធម្មជាតិ គ្រោងប្រារព្ធពិធីបុណ្យរំលឹកខួប ២ឆ្នាំ នៃការបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី នៅថ្ងៃសៅរ៍ ទី២៦ មេសា នៅចំណុចវាលបី ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅកន្លែង ដែលលោកត្រូវបានឃាតកបាញ់។
ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់ គ្រោងជួបជុំគ្នានៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នៅទីកន្លែងដែលឃាតកបានបាញ់សម្លាប់លោក ឈុត វុទ្ធី អតីតប្រធានអង្គការការពារធនធានធម្មជាតិ ដើម្បីរំឭកខួប ២ឆ្នាំនៃការបាញ់សម្លាប់លោក នៅពេលដែលចុះទៅស៊ើបអង្កេតបទល្មើសព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ។
លោកបន្តថា បើគ្មានអ្វីប្រែប្រួលទេនោះ កម្មវិធីសូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នឹងត្រូវធ្វើឡើងនៅចន្លោះម៉ោង ១២ ដល់ម៉ោង ១រសៀល គឺនៅចន្លោះម៉ោងដែលលោកត្រូវឃាតកបាញ់សម្លាប់។ ពិធីនោះក៏មានការសូត្រពីជីវប្រវត្តិ និងសកម្មភាពខ្លះៗរបស់លោក ឈុត វុទ្ធី កន្លងមក ដែលបានចូលរួមជាមួយសកម្មជនឯទៀត ការពារព្រៃឈើ។
លោក ឈឹម សាវុធ៖ «សំខាន់បំផុតយើងរំលឹកខួបនៃការបាញ់សម្លាប់របស់រដ្ឋាភិបាលដែលរហូតមកដល់ពេលនេះមិនមានផ្ដល់យុត្តិធម៌ពិតឲ្យគាត់ ម្យ៉ាងយើងចង់រំលឹកពីរអនុស្សាវរីយ៍របស់គាត់ នៅពេលដែលគាត់រស់នៅគាត់ខំប្រឹងប្រែងការពារធនធានធម្មជាតិ អ៊ីចឹងចង់ពញ្ញាក់អារម្មណ៍ទាំងអស់គ្នាថា នឹងរួមគ្នាធ្វើការងារគាត់បន្តទៀតដើម្បីការពារធនធានធម្មជាតិនៅស្រុកខ្មែរ»។
សំណុំរឿងឃាតកម្មលើលោក ឈុត វុទ្ធី ត្រូវបានតុលាការខេត្តកោះកុង បិទសំណុំរឿងនោះកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដោយហេតុផលថា មន្ត្រីប៉េអឹមម្នាក់ដែលសង្ស័យថា ជាឃាតក បានស្លាប់។ ប៉ុន្តែគ្រួសារ លោក ឈុត វុទ្ធី យល់ថា មន្ត្រីប៉េអឹមនោះ គឺជាឃាតកសិប្បនិមិត្ត។
កូនប្រុសលោក ឈុត វុទ្ធី គឺលោក ឈើយ ឧត្តមរស្មី ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលសកម្មជនការពារព្រៃឈើមកពីបណ្ដាខេត្តនានា ដែលធ្លាប់សហការជាមួយឪពុកលោកកាលនៅរស់ មករលឹកខួបនៅកន្លែងកើតហេតុ។ លោកបន្តថា ក្រៅពីការរំឭកខួបនៃការបាញ់សម្លាប់ ២ឆ្នាំ ពិធីនេះក៏ជាសារមួយលើកកម្ពស់ស្មារតីដល់អ្នកការពារព្រៃឈើឲ្យបន្តរួមគ្នាធ្វើសកម្មភាពសង្គមទាំងឡាយជាផលប្រយោជន៍ជាតិ។
លោក ឈើយ ឧត្តមរស្មី៖ «អ្វីជាគោលដៅឪពុកខ្ញុំ គឺការពារព្រៃឈើ។ ខ្ញុំសំណូមពរឲ្យរដ្ឋាភិបាលជួយទប់ស្កាត់ពីបញ្ហាកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនៅកម្ពុជា»។
ដោយអស់ជំនឿលើប្រព័ន្ធតុលាការក្នុងស្រុក កូនប្រុសលោក ឈុត វុទ្ធី គ្រោងរកការជួយជ្រោមជ្រែងពីស្ថាប័នអន្តរជាតិមួយចំនួន ដើម្បីជួយឲ្យលោកមានលទ្ធភាពបញ្ជូនសំណុំរឿងករណីបាញ់សម្លាប់ឪពុកលោកនេះ ទៅតុលាការយុត្តិធម៌អន្តរជាតិ។
អង្គការការពារធនធានធម្មជាតិឈ្មោះ គ្លបល វីនេស (Global Witness) បានចេញរបាយការណ៍សិក្សាមួយ កាលពីថ្ងៃទី១៥ មេសា ដោយផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជា ស្ថិតក្នុងលំដាប់លេខ៩ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ៣៥ ដែលមានសកម្មជនការពារបរិស្ថាន និងដីធ្លី ត្រូវបានគេសម្លាប់ច្រើនជាងគេ។ របាយការណ៍ដដែលឲ្យដឹងថា នៅកម្ពុជា ក្នុងរយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ ពោលគឺពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ ចំនួនសកម្មជនការពារបរិស្ថាន និងដីធ្លីដែលត្រូវបានគេសម្លាប់មានសរុបចំនួន ១៣នាក់៕
No comments:
Post a Comment