CFSWF ប្រកាសដឹកនាំ កម្មករ ក្រុមហ៊ុន ឈេហ្វរ៉ុន ធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារ ៥ចំណុច
ដោយ៖ ឡុង គីមម៉ារីតា / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014
សហព័ន្ធសហជីព កម្មករ ចំណីអាហារ និងសេវាកម្ម កម្ពុជា ហៅកាត់ថា CFSWF ប្រកាសដឹកនាំ កម្មករ និយោជិត ក្រុមហ៊ុន ឈេហ្វរ៉ុន ខេមបូឌាលីមីធីត ធ្វើយុទ្ធនាការ តវ៉ា ចាប់ពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ តទៅ ដើម្បីទាមទារ ឲ្យក្រុមហ៊ុនដោះស្រាយ លក្ខខណ្ឌការងារ ចំនួន ៥ចំណុច។
នៅក្នុងលិខិតរបស់លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្មកម្ពុជា ចុះថ្ងៃទី២៩ ខែមេសា ផ្ញើជូននាយកក្រុមហ៊ុនឈេហ្វរ៉ុន (Chevron) លើកឡើងថា ដោយសារពេលកន្លងមក ក្រុមហ៊ុនបានព្រងើយកន្តើយក្នុងការដោះស្រាយលក្ខខណ្ឌការងារ និងការដំឡើងប្រាក់ឈ្នួលដែលក្រុមហ៊ុនបានដំឡើងក្នុងពេលថ្មីៗនេះ មិនអាចឆ្លើយតបនឹងការចំណាយ សម្រាប់ការរស់នៅប្រចាំថ្ងៃនោះ កម្មករនិយោជិតភាគច្រើនបំផុត បានផ្តិតមេដៃសម្រេច ក្នុងការធ្វើយុទ្ធនាការតវ៉ា និងធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនដោះស្រាយនូវសំណើរបស់ពួកគេ។
លិខិតដដែលបន្តថា ការធ្វើកូដកម្ម នឹងចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ តទៅ ដើម្បីទាមទារឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាចំនួន ៥ចំណុច ក្នុងនោះរួមមាន ទី១. សុំឲ្យក្រុមហ៊ុនរៀបចំបន្ទប់បំបៅដោះកូន និងទារកដ្ឋាន ឬផ្តល់ជាកញ្ចប់ថវិកាចំនួន ៣០ដុល្លារដល់កម្មករ ប្រសិនបើពុំមានលទ្ធភាពសាងសង់ ទី២. សុំឲ្យក្រុមហ៊ុនជ្រើសរើសកម្មករផ្នែកអនាម័យនៅតាមស្ថានីយ ជៀងវាងការដកហូតកម្លាំងកម្មករនៅផ្នែកផ្សេងៗទៀតខុសតួនាទី ទី៣. សុំឲ្យក្រុមហ៊ុនផ្តល់ការជប់លៀងប្រចាំឆ្នាំ ទី៤. សុំឲ្យក្រុមហ៊ុនផ្តល់ប្រាក់ខែទី១៣ជារៀងរាល់ឆ្នាំ និងទី៥. កំណត់ប្រាក់ឈ្នួលទៅតាមស្តង់ដាការរស់នៅរបស់កម្មករដោយផ្អែកលើកត្តាសេដ្ឋកិច្ច យ៉ាងហោចណាស់ ១៦០ដុល្លារក្នុង១ខែ៕
No comments:
Post a Comment