អ្នកស្រី ឆាយ គឹមហ៊ន តំណាងអ្នកបុរីកីឡាផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ តាត ឧត្តម)
អ្នកបឹងកក់ និងបុរីកីឡា ដាក់ញត្តិ ជូនឧត្តមស្នងការរង UN ជួយអន្តរាគមន៍ រកដំណោះស្រាយ បញ្ហាដីធ្លី និងដោះលែង អ្នកទាំង ២៣នាក់
ដោយ៖ កាន់ វិច្ឆិកា / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014
តំណាង សហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណជាង ៥០នាក់ នឹងដាក់សុំញត្តិ សុំអន្តរាគមន៍ ពីឧត្តមស្នងការរង ទទួលបន្ទុកផ្នែក សិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា (UN) នៅល្ងាចថ្ងៃអង្គារនេះ ឲ្យជួយជំរុញ ទៅរដ្ឋាភិបាល ពន្លឿនការដោះស្រាយ បញ្ហាដីធ្លី និងដោះលែង ជនជាប់ចោទ ទាំង ២៣នាក់ ដែលកំពុងជាប់ឃុំ។
តំណាងអ្នកបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មានប្រសាសន៍នាល្ងាចថ្ងៃអង្គារនេះថា អ្នកស្រីត្រៀមដាក់ញត្តិជូនទៅឧត្តមស្នងការរងលោកស្រី Flavia Pansieri ស្នើឲ្យលោកស្រីជួយនាំពាក្យប្រាប់ទៅរដ្ឋាភិបាល ឲ្យពន្លឿនការដោះស្រាយវិវាទដីធ្លី នៅគ្រប់សហគមន៍ទាំងអស់ ជាពិសេសសហគមន៍បុរីកីឡា និងជនជាប់ចោទទាំង២៣នាក់។ អ្នកស្រីថា ញត្តិនេះក្រុមអ្នកស្រីបានយកទៅតាំងពីម៉ោង២រសៀល តែត្រូវបានមន្ត្រីអង្គការសហប្រជាជាតិឲ្យអ្នកស្រីរងចាំជួប និងប្រគល់ញត្តិដោយផ្ទាល់ នៅល្ងាចនេះ។
ប៉ុន្តែនៅម៉ោងជិត ៦ល្ងាចនេះ ពួកគេនៅពុំទាន់បានជួបឧបការីរងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅឡើយទេ។
ពាក់ព័ន្ធនឹងការដាក់ញត្តិរបស់សហគមន៍ទាំង២នេះ ប្រធានអង្គការសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា នេះជាការអនុវត្តវប្បធម៌អហិង្សារបស់ពលរដ្ឋដែលរងគ្រោះ ដោយពួកគេមិនមានជម្រើសណាផ្សេង ដើម្បីទាមទារឲ្យមានការដោះស្រាយឡើយ។ លោកថា អាជ្ញាធរក៏ដូចជាសមត្ថកិច្ច ត្រូវតែប្រកាន់យកភាពអហិង្សានេះ ដើម្បីដោះស្រាយបញ្ហា។
កន្លងមក អ្នកបុរីកីឡា ធ្លាប់បានដាក់ញត្តិ ជំរុញឲ្យសាលារាជធានីភ្នំពេញ ដាក់សម្ពាធឲ្យក្រុមហ៊ុន ផានអ៊ីមិច របស់លោកស្រី ស៊ុយ សុផាន សង់អាគារចំនួន១០ជូនពួកគេ តាមកិច្ចសន្យា ដែលបានព្រមព្រៀង តាំងពីឆ្នាំ២០០៤ ខណៈក្រុមហ៊ុននេះ សង់បានតែ ៨អាគារ រួចបណ្តេញអ្នកភូមិចេញ ផ្ទុយនឹងកិច្ចសន្យា។
ចំណែកតំណាងអ្នកភូមិបឹងកក់ ធ្លាប់ឲ្យដឹងដែរថា អនុក្រឹត្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ដីនៅតំបន់នោះ១២.៤៤ហិកតា តាំងពី ឆ្នាំ២០១១ សម្រាប់ពលរដ្ឋ ជិត១០០០គ្រួសារនៅតំបន់នោះ ប៉ុន្តែមកដល់ពេលនេះពួកគេប្រមាណ ៤០គ្រួសារទៀត នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ តាមអនុក្រឹត្យនៅឡើយ៕
No comments:
Post a Comment