Paris Peace Accords 23 Oct. 1991

Wednesday, April 16, 2014

GW៖ កម្ពុជា​ ជា​ប្រទេស ​ដែល​សកម្មជន ​ការពារ​បរិស្ថាន​ និង​ដីធ្លី​ ជាច្រើន ​ត្រូវ​ បាន​សម្លាប់

GW៖ កម្ពុជា​ ជា​ប្រទេស ​ដែល​សកម្មជន ​ការពារ​បរិស្ថាន​ និង​ដីធ្លី​ ជាច្រើន ​ត្រូវ​ បាន​សម្លាប់

RFA | 16 April 2014
ឈុត វុទ្ធី ៣០៥
យុវជន ​មួយ​ក្រុម ​ដែល​ជា​សមាជិក និង​ជា​សកម្មជន ​នៃ​បណ្ដាញ​ យុវជន​កម្ពុជា ប្រារព្ធ​ខួប​ មរណភាព ​របស់​លោក ឈុត វុទ្ធី នៅ​ព្រះអង្គ ​ដងកើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ ទី២៦ ខែ​មេសា ឆ្នាំ​២០១៣។  RFA/Uon Chhin 
 
អង្គការ​ ការពារ​ ធនធាន​ធម្មជាតិ ឈ្មោះ ក្លូបប៊ល វីតណែស្ស (Global Witness, GW) ចាត់​ទុក​កម្ពុជា ថា,​ ជា​ប្រទេស​មួយ​ ដែល​មាន​សកម្មជន​ ការពារ​ បរិស្ថាន និង​ដីធ្លី​ ជាច្រើន ​ត្រូវ​ បាន​គេ​ សម្លាប់។  ស្ថាប័ន​អន្តរជាតិ ​មួយ​នេះ អំពាវនាវ ​ឲ្យ​រដ្ឋាភិបាល​ ចាត់​វិធាន​ការ​ ឲ្យ​បាន​តឹងរ៉ឹង ដើម្បី ​បញ្ឈប់ ​ការ​គំរាម​ កំហែង​នានា ​ទៅ​លើ​សកម្មជន​ ការពារ​ បរិស្ថាន និង​ដីធ្លី។


នៅ​ក្នុង ​របាយការណ៍​ សិក្សា​ ចុះ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៤ អង្គការ​ ក្លូបប៊ល វីតណែស្ស បាន​ផ្តល់​ចំណាត់​ថ្នាក់ ​ដល់​កម្ពុជា ស្ថិត​ក្នុង​លំដាប់ ​លេខ​៩ ក្នុង​ចំណោម ​ប្រទេស​ទាំងអស់ ​ចំនួន​ ៣៥ ដែល​មាន​សកម្មជន ​ការពារ​ បរិស្ថាន និង​ដីធ្លី ត្រូវ​ បាន​គេ​ សម្លាប់។

ក្នុង​ចំណោម​ប្រទេស​ទាំង​៣៥ នោះ ប្រទេស​ដែល​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ត្រូវ​បាន​គេ​សម្លាប់​ច្រើន​ជាង​គេ រួម​មាន​ប្រទេស​ប្រេស៊ីល (Brazil) ប្រទេស​ហុងឌុយរ៉ាស់ (Honduras) ប្រទេស​ហ្វីលីពីន (Philippines) ប្រទេស​ប៉េរូ (Peru) និង​ប្រទេស​កូឡុំប៊ី (Columbia)។ ចំណែក​ប្រទេស​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​៩ គឺ​នៅ​ពី​ក្រោយ​ប្រទេស​ម៉ិចស៊ិក (Mexico) ហ្គាតេម៉ាឡា (Guatemala) និង​ប្រទេស​ថៃ (Thailand)។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៣ ចំនួន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ដែល​ត្រូវ​បាន​គេ​សម្លាប់​មាន​សរុប​ចំនួន ១៣​នាក់។

ក្លូបប៊ល វីតណែស្ស ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ (London) និង​វ៉ាស៊ីនតោន​ឌីស៊ី (Washington D.C.) បាន​បង្ហាញ​ក្នុង​របាយការណ៍​កម្រាស់ ១៥​ទំព័រ​របស់​ខ្លួន​ថា មនុស្ស​ប្រមាណ​ជាង ៩០០​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ចំនួន​៣៥ លើ​ពិភពលោក ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣ ដោយសារ​ពួក​គេ​ទាំងអស់​នោះ​បាន​ចូល​រួម​សកម្មភាព​ការពារ​បរិស្ថាន និង​ដីធ្លី។ របាយការណ៍​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​លើ​ពិភពលោក ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ ពោល គឺ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១២ ចំនួន​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ដែល​ត្រូវ​គេ​សម្លាប់​បាន​កើន​ឡើង​ជិត ៣​ដង គឺ​កើន​ពី ៥១​នាក់​ក្នុង​ឆ្នាំ​២០០២ ដល់ ១៤៧​នាក់​ក្នុង​ឆ្នាំ​២០១២ ជា​ឆ្នាំ​ដែល​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ត្រូវ​បាន​គេ​សម្លាប់​ច្រើន​ជាង​គេ​បង្អស់។ របាយការណ៍​ឲ្យ​ដឹង​បន្ថែម​ថា ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣ មាន​ជន​ល្មើស​ចំនួន ១០​នាក់​ប៉ុណ្ណោះ ត្រូវ​គេ​ចាប់​ផ្ដន្ទាទោស ហើយ​ដែល​ចំនួន​នេះ​ស្មើ​ប្រមាណ ១% ប៉ុណ្ណោះ​នៃ​ហេតុការណ៍​សម្លាប់​សរុប។

ស្ថាប័ន​អន្តរជាតិ​ផ្នែក​ការពារ​បរិស្ថាន​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា កត្តា​សំខាន់ៗ​ដែល​បង្ក​ជម្លោះ ហើយ​ឈាន​ដល់​ការ​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​រួម​មាន ការ​រឹប​អូស​យក​ដី​ខុស​ច្បាប់ ការ​បែង​ចែក​ដី​ដោយ​អយុត្តិធម៌ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ ការ​ដក​ហូត​ដី​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម និង​រុក​រក​រ៉ែ ជាដើម។ ជុំវិញ​ការ​រឹប​អូស​យក​ដី​ខុស​ច្បាប់ និង​ការ​បែង​ចែក​ដី​ដោយ​អយុត្តិធម៌ ក្លូបប៊ល វីតណែស្ស ក៏​បាន​លើក​ឡើង​អំពី​ករណី​អាជ្ញាធរ​រដ្ឋាភិបាល បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ ១៤​ឆ្នាំ​ឈ្មោះ ហេង ចាន់ថា ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ ក្នុង​ពេល​ដែល​អាជ្ញាធរ​ធ្វើ​ប្រតិបត្តិការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ ដើម្បី​រឹប​អូស​យក​ដី​ពួក​គេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ក្លូបប៊ល វីតណែស្ស កត់​សម្គាល់​ដែរ​ថា កង្វះ​ខាត​ការ​ត្រួត​ពិនិត្យ​ជា​ប្រព័ន្ធ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​គំរាម​កំហែង គឺ​បាន​ជំរុញ​ឲ្យ​មាន​ការ​សម្លាប់ និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី។ លើស​ពី​នេះ ការ​ខក​ខាន​របស់​រដ្ឋាភិបាល និង​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ការពារ​ពួក​គេ ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​សម្លាប់​ដែរ។ ប្រការ​នេះ ក្លូបប៊ល វីតណែស្ស បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ម៉ឺងម៉ាត់ ដើម្បី​ការពារ​អ្នក​ការពារ​បរិស្ថាន និង​ដីធ្លី និង​នាំ​យក​ជន​ល្មើស​មក​ផ្ដន្ទាទោស។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ក្លូបប៊ល វីតណែស្ស រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សោកស្ដាយ​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​បាត់​បង់​ជីវិត តែ​លោក​ថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​រក​ឃើញ​ថា អ្វី​ជា​មូលហេតុ​នៃ​ការ​បាត់​បង់​ជីវិត​សកម្មជន​ការពារ​បរិស្ថាន និង​ដីធ្លី​ទាំង​នោះ​ទេ។ លោក​ថា ករណី​សម្លាប់​ខ្លះ​ត្រូវ​រក​ឃើញ​ថា មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ការពារ​បរិស្ថាន ឬ​ព្រៃ​ឈើ​ឡើយ។ ទោះ​យ៉ាង​ណា លោក​ថា រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ៖ «រដ្ឋាភិបាល​កំពុង​តែ ​ប្រឹង​ស្វែង​រក​ភស្តុតាង ហើយ​យើង​សូម​ឆ្លៀត​អំពាវនាវ​ថា បើ​ជន​ណា ឬ​បណ្ដា​អង្គការ​ណា​បាន​ប្រទះ​ឃើញ​នូវ​អ្វី​ដែល​ជា​ភស្តុតាង ដែល​អាច​ជាក់លាក់​យក​មក​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​បាន យើង​ស្វាគមន៍​នឹង​ទទួល បើ​សិន​ជា​មាន​ឃើញ​ភស្តុតាង​ផ្តល់ អា​ហ្នឹង​ជូន​មក​តុលាការ វា​មាន​ផល​ប្រយោជន៍​យុត្តិធម៌​ដល់​ជន​រងគ្រោះ។»

អង្គការ​ក្លូបប៊ល វីតណែស្ស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់ រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ការ​បំផ្លាញ​បរិស្ថាន អំពើ​ពុក​រលួយ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ កាល​ពី​ឆ្នាំ​២០០៩ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខឹង​សម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ចេញ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា កម្ពុជា ប្រទេស​សម្រាប់​លក់ បក​អាក្រាត​អំពី​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ទាក់ទង​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដើម្បី​ធ្វើ​វិនិយោគ​ទៅ​លើ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ នៅ​ឆ្នាំ​២០១០ អង្គការ​ដដែល​នេះ ក៏​បាន​ចេញ​របាយការណ៍​អំពី​ការ​បូម​ខ្សាច់​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ដោយ​លើក​ឡើង​ថា មុខ​ជំនួញ​នោះ គឺ​មាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង៕




No comments:

Post a Comment