មនុស្ស ស្លាប់ ជិត ៣០នាក់ ដោយគ្រោះថ្នាក់ ចរាចរណ៍ ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំ
ដោយ ដែន អយុធ្យា / RFA | 16 April 2014
មន្ត្រី នគរបាល ក្រសួង មហាផ្ទៃ បានបង្ហាញ ថា, ចាប់ពីថ្ងៃ ទី១៣ ដល់ថ្ងៃ ទី១៥ ខែមេសា នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំនេះ មានគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង នៅទូទាំង ប្រទេស ជិត១០០ ករណី និងបណ្ដាល ឲ្យមាន មនុស្ស ស្លាប់ និងរបួស ជាង ២០០នាក់។
របាយការណ៍ បឋម ស្ដីពី គ្រោះថ្នាក់ ចរាចរណ៍ ក្នុងអំឡុងពេល នៃពិធីបុណ្យ ចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នេះ មានចំនួន កើនឡើង ខ្ពស់ជាងឆ្នាំ កន្លងទៅ។
លោក គៀត ច័ន្ទថារិទ្ធ មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងជិត ១០០ករណី និងស្លាប់មនុស្សជិត ៣០នាក់ ព្រមទាំងមានរបួសធ្ងន់ស្រាលជិត ២០០នាក់។
លោកបន្តថា បើប្រៀបធៀប៣ថ្ងៃដូចគ្នាឆ្នាំ២០១៣ កន្លងទៅ ចំនួនគ្រោះថ្នាក់នេះបានកើនឡើងជាង ៣០ភាគរយ៖ «សរុប រួម ៣ថ្ងៃហ្នឹង គឺ គ្រោះថ្នាក់ ៩៨លើក បណ្ដាល ឲ្យមនុស្សស្លាប់ ២៩នាក់, រងរបួស ១៨៧នាក់, ក្នុងនោះ របួសធ្ងន់ ១៣១នាក់ និងរបួសស្រាល ៥៦នាក់។ អ៊ីចឹង បើ យើង ពិនិត្យគ្រោះថ្នាក់ ចរាចរណ៍នេះ ប្រៀបធៀប នឹង៣ថ្ងៃ ដូចគ្នា កាលពីឆ្នាំទៅមិញ គឺ កើនឡើងជាង ៣០ភាគរយ។ ចំនួន មនុស្សស្លាប់ប្រហាក់ប្រហែលគ្នា ប៉ុន្តែចំនួនអ្នករងរបួសកើនច្រើនប្រហាក់ប្រហែលជា ៦០ភាគរយ។»
លោក គៀត ច័ន្ទថារិទ្ធ បន្ថែមថា គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារអ្នកបើកបរមិនគោរពច្បាប់ គឺបើកបរក្នុងល្បឿនលឿន និងបើកប្រជែងគ្នា៖ «គ្រោះថ្នាក់នេះធ្វើ ឲ្យខូចខាតមធ្យោបាយធ្វើដំណើរម៉ូតូ ១២៨គ្រឿង រថយន្ត ២៩គ្រឿង និងរថយន្តធ្ងន់ ១គ្រឿង ហើយមធ្យោបាយផ្សេងៗ ៩គ្រឿង។ ភាគច្រើនគ្រោះថ្នាក់ដោយម៉ូតូ និងម៉ូតូ និងម៉ូតូជាមួយឡាន ឬរថយន្ត។ ប៉ុន្តែ យើងកត់សម្គាល់ថា មិនមានគ្រោះថ្នាក់ជាលក្ខណៈធំដុំ ដូចជាឡានធំ ឬឡានដឹកជញ្ជូនមនុស្សច្រើន គឺអត់មានទេ ប៉ុន្តែគ្រោះថ្នាក់ម៉ូតូ និងម៉ូតូ មានចំនួនច្រើន។ ក្នុងនោះយើងសង្កេតឃើញក្នុងចំណោមជនរងគ្រោះដែលបានទទួលរងគ្រោះ ថ្នាក់ចរាចរណ៍ហ្នឹង អ្នកដែលជិះម៉ូតូភាគច្រើន គឺអត់បានពាក់មួកការពារសុវត្ថិភាពទេ ទាំងអ្នកជិះពីក្រោយ និងអ្នកបើកបរ។»
ចំណែកលោកវរសេនីយ៍ទោ ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា មិនទាន់បូកសរុបរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងភ្នំពេញ នៃពិធីបុណ្យចូលឆ្នាំខ្មែរទេ។ លោកថា គ្រោះថ្នាក់នេះនឹងបូកសរុបនៅថ្ងៃទី១៧ ខែមេសា។ ប៉ុន្តែលោកព្យាករថា គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ទំនងជាអាចត្រូវថយចុះនៅឆ្នាំនេះ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំៗនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើនជាងគេ គឺនៅខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង តាកែវ និងខេត្តកំពត។ មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីអ្នកបើកបរក្នុងល្បឿនមិនគោរពស្លាកសញ្ញាចរាចរណ៍ ឬបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។
របាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០១៣ គិតចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៧ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជិត ១៥០ករណី (១៤៨)។ គ្រោះថ្នាក់នេះសម្លាប់មនុស្សជិត ៧០នាក់ (៦៧) និងរបួសជាង ៣០០នាក់ (៣០៣)៕
No comments:
Post a Comment