លោក ហោ ណាំហុង រិះគន់ គណបក្ស ប្រឆាំង មុខមន្រ្តី សិទ្ធិមនុស្ស UN
ដោយ៖ ស៊ុន ណារិន និងសុទ្ធ គឹមសឿន / វីអូឌី | ថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2014
រដ្ឋមន្ត្រី ក្រសួងការបរទេស កម្ពុជា លោក ហោ ណាំហុង នៅថ្ងៃអង្គារនេះ បានបកស្រាយ បញ្ហាគណបក្ស សង្រ្គោះជាតិ ទៅមន្រ្តី អង្គការ សហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស ដោយលើកឡើងថា គណបក្ស ប្រឆាំង ជាអ្នកធ្វើឲ្យ ការចរចា មិនទទួលបាន លទ្ធផល។
លោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃអង្គារនេះ បានជួបជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស។ ភាគីទាំងពីរ បានលើកពីកិច្ចសហប្រតិបត្តិការលើផ្នែកសិទ្ធិមនុស្ស។
លោក កុយ គួង ឲ្យដឹងទៀតថា លោក ហោ ណាំហុង បានពន្យល់ពីការផ្អាកនៃការជួបជុំនៅទីលានប្រជាធិបតេយ្យបណ្តោះអាសន្ន ដោយសាររាជរដ្ឋាភិបាល អស់ការអត់ធ្មត់នឹងការតវ៉ារបស់បក្ខប្រឆាំង។ លោក ហោ ណាំហុង បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយ តែគណបក្សប្រឆាំងទេ ប្រៀបដូចពស់ក្បាលពីរ គឺមួយបង្ហាញឆន្ទៈពិតប្រាកដចង់ដោះស្រាយ និងទីពីរ ចាំតែជំទាស់ ដែលនាំឲ្យការចរចាមិនទទួលលទ្ធផល។ លោកបានលើកឧទារណ៍នៃជំនួបកំពូលកាលពីថ្ងៃទី១៦ខែកញ្ញា ដែលមានការសុំតំណែងប្រធានរដ្ឋសភា និងជំនួបតាមរយៈទូរស័ព្ទរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី។
បន្ទាប់ពីបញ្ចប់សវនាការ លោកស្រី Flavia Pansieri ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ភាគីទាំងពីរ បានត្រួតពិនិត្យកិច្ចសហប្រតិបត្តិការដែលមានរយៈពេលជាង២០ឆ្នាំហើយទៅលើផ្នែកសិទ្ធិមនុស្ស។ លោកស្រីបញ្ជាក់ថា ភាគីទាំងពីរ ពិនិត្យថាតើផ្នែកណាដែលមានការរីកចម្រើន ហើយថាតើនឹងត្រូវពង្រឹងយ៉ាងណាដូចម្តេចទៀត។
កាលពីខែកុម្ភៈ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) ដាក់អនុសាសន៍កែលម្អស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចំនួន ២០៦ចំណុច ដែលក្នុងនោះប្រតិភូកម្ពុជា បានប្រកាសទទួលយក ១៧២ចំណុច និងស្នើពន្យារពេលទទួលលើ ៣៤ចំណុចទៀត រហូតដល់កិច្ចប្រជុំអនុម័តលើកទី២ ខែមិថុនាខាងមុខនេះ។
របាយការណ៍ដំណើរការត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ (UPR) ស្តីពីកម្ពុជា អនុម័តលើកទី១ នៅថ្ងៃទី៣១ ខែមករានេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយ ៧៦ប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ឲ្យដឹងថា អនុសាសន៍ ៣៤ចំណុចដែលរដ្ឋាភិបាល ពន្យារពេលទទួលយកនោះ មានដូចជា ការជំរុញការលើកស្ទួយសេរីភាពបញ្ចេញមតិ ការសម្រួលកិច្ចការសកម្មជនសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងសិទ្ធិការងារ ការបង្កើតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនក្រោមឥទ្ធិពលអ្នកនយោបាយ ការបញ្ចប់និទណ្ឌភាព និងការបញ្ឈប់ធ្វើទារុណកម្មឃោរឃៅ លើអ្នកទោសជាដើម។
លោកស្រី Flavia Pansieri ឧត្តមស្នងការរងទទួលបន្ទុកសិទ្ឋិមនុស្សអង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ មេសា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល០៥ថ្ងៃ។ លោកស្រី នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២ ខែឧសភា៕
No comments:
Post a Comment