Paris Peace Accords 23 Oct. 1991

Wednesday, April 30, 2014

សេចក្តី​ព្រាង​ច្បាប់​ ឧក្រិដ្ឋកម្ម ​អ៊ីនធឺណិត​ កម្ពុជា ​នាំ​ឲ្យ​ អ្នក​វិភាគ​ បារម្ភ

Lary អាយុ​២៧ឆ្នាំ ថត​រូប​ប្រើ​ iPad នៅ​រាជធានី​ភ្នំពេញ។

សេចក្តី​ព្រាង​ច្បាប់​ ឧក្រិដ្ឋកម្ម ​អ៊ីនធឺណិត​ កម្ពុជា ​នាំ​ឲ្យ​ អ្នក​វិភាគ​ បារម្ភ

 — សេចក្តី​ព្រាង​ច្បាប់​ អំពី​ ឧក្រិដ្ឋកម្ម ​តាម​អ៊ីនធឺណិត (Cybercrime Law) ​ដែល​កំពុង​ត្រូវ ​អាជ្ញាធរ​កម្ពុជា រៀបរៀង​យ៉ាង​សម្ងាត់​ អស់​រយៈ ២​ឆ្នាំ ​មក​ហើយ​ ប៉ុន្តែ ​រហូត​មក​ដល់​ពេល​នេះ  រដ្ឋាភិបាល ​បាន​បដិសេធ ​មិនពិគ្រោះ​អ្វី​ទាំង​អស់​ ជាមួយ​នឹង ​ក្រុមអង្គការ ​សង្គម​ស៊ីវិល។  ថ្មីៗ​នេះ មាន​ការ​លេច​ធ្លាយ​ឯកសារ​ សេចក្តី​ព្រាង​ច្បាប់​ នេះ​ ហើយ​ បទ​បញ្ញត្តិ ​មួយ​ចំនួន​ នៅ​ក្នុង​សេចក្តី​ព្រាង​នេះ​ បាន​នាំ​ឲ្យ​ មាន​ការ​បារម្ភ​ ថា​ គណបក្ស ​កាន់​អំណាច​ របស់​ ប្រទេស​កម្ពុជា​ អាច​នឹង​ប្រើ​ច្បាប់​នេះ ចំពោះ​ អ្នក​រិះគន់​ខ្លួន ​នៅ​ពេល​ខាង​មុខ។

អង្គការ​សេរីភាព​ព័ត៌មាន​ឈ្មោះ Article 19 ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​បាន​ចេញ​ផ្សាយ​ការ​វាយតម្លៃរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​របស់​កម្ពុជា។ អង្គការ​នេះ​និយាយ​ថា វិធានការ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ទេ ដែល​នឹង​គំរាម​កំហែង​ដល់​សិទ្ធិ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។


សេចក្តី​ព្រាង​ច្បាប់​នេះ ដែល​ត្រូវ​បាន​គេ​ចាប់​ផ្តើម​រៀបរៀង​កាល​ពី​ពីរ​ឆ្នាំ​មុន​ កាន់​តែ​មាន​សារៈសំខាន់​ឡើងនៅក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។ នៅ​ក្នុង​ការ​បោះឆ្នោត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជ័យជម្នះ​ដោយ​ប្រផិតប្រផើយ ដោយ​ទទួល​បាន​សន្លឹក​ឆ្នោត​ប្រហែល​ពាក់​កណ្តាល​និង​អាសនៈក្នុង​សភា​៦៨​ក្នុង​ចំណោម​អាសនៈ​ទាំង​អស់​១២៣។

ជា​ច្រើន​ឆ្នាំ​មក​ហើយ គណបក្ស​ប្រជាជន​កម្ពុជាបាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ក្តោបក្តាប់​ទាំង​ស្រុង​លើ​បណ្តាល​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់ និង​រួម​ទាំង​លើ​ស្ថានីយ៍​វិទ្យុ​និង​សារព័ត៌មាន​ភាគ​ច្រើន​ផង​ដែរ។

ការណ៍​នេះ​បាន​បង្ខំ​ឲ្យ​គូ​បដិបក្ខ​នយោបាយត្រូវ​ចាប់​យក​បណ្តាញ​សង្គម​ដូច​ជា Facebook YouTube និង​ឧបករណ៍​តាម​អ៊ីនធឺណិត​ដទៃ​ទៀត ​ដើម្បី​ប្រស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​គាំទ្រ។ ជា​លទ្ធផល ​គណបក្ស​ប្រឆាំង​បាន​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជាទាំង​ស្រុង​នៅ​លើ​បណ្តាញ​អ៊ីនធឺណិត​ ហើយ​គណបក្ស​ប្រឆាំង​បាន​ទទួល​អាសនៈចំនួន​៥៥​ក្នុង​សភា គឺ​កើន​ឡើង​ជិត​ទ្វេ​ដង។ តាំង​ពី​ពេល​នោះ​មក អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​ការ​បោះឆ្នោត​ដោយ​សារ​ការ​លួច​សន្លឹក​ឆ្នោត។

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​មើល​ស្រាល​ចំពោះឥទ្ធិពល​នៃសកម្មភាព​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​នេះ​ដើម្បី​តាម​ទាន់​និន្នាការ​នេះ​បាន​ទទួល​បរាជ័យ។ លោក វីរៈ ​ថ្លែង​ថា បទ​បញ្ញត្តិ​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិតដែល​រដ្ឋាភិបាល​ចង់​ដាក់​ឲ្យ​សភា​អនុម័ត​នៅក្នុង​ឆ្នាំ​នេះ គួរ​ត្រូវគេ​ពន្យល់​ក្នុង​បរិបទ​នេះ។

លោក​ពន្យល់​ថា៖ «គណបក្ស​កាន់​អំណាច​មាន​ការ​រសាយ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការណ៍​ដែល​ពួក​គេ​មិន​អាច​យក​ឈ្នះ​ការ​ប្រកួត​នៅ​លើ​អ៊ីនធឺណិត។ ពួក​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្តេចទេ។ ពួក​គេ​បាន​ព្យាយាម​ប្រើ​វិធី​ផ្សេងៗ​មក​ហើយ។ ពួក​គេ​បាន​ព្យាយាមចាយ​លុយ​យ៉ាង​ច្រើន​ទៅ​លើ​យុទ្ធនាការ​នេះ ប៉ុន្តែ​នៅ​តែ​មិន​បាន​លទ្ធផល​អ្វី។ ដូច្នេះ​ពួក​គេច្បាស់​ជា​មាន​ការ​រសាយ​ចិត្ត​យ៉ាង​ខ្លាំង។ ដូច្នេះ​ហើយ រដ្ឋាភិបាល​កំពុង​ពិនិត្យ​លទ្ធភាព​នៃ​ការ​ប្រើ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ​ ជា​ឧបរណ៍ក្នុង​រឿង​នេះ។ គឺ​ដោយ​សារ​ពួក​គេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​ទៀត។ ហើយ​ការ​បោះឆ្នោត​កន្លង​ទៅ​នេះ​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​របស់​មន្ត្រី​រដ្ឋាភិបាល។» ​ ​

លោក​ អ៊ូ វីរៈ និយាយ​ថា​ គណបក្ស​កាន់​អំណាច​ដឹង​ថា ​ខ្លួន​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​ទាញ​យក​ការ​គាំទ្រ​មក​វិញ។ លោក​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​មាន​សមាសភាព​ក្មេង​ជាង​និង​មាន​ការិយាធិបតេយ្យ​តិច​ជាង​បច្ចុប្បន្ន នោះ​ពួក​គេ​ប្រហែល​ព្យាយាម​សម្រប​តាម​និន្នាការ​និង​ចូល​រួម​ប្រកួត​យក​ការ​គាំទ្រ​នយោបាយ​ពី​ពលរដ្ឋ​កម្ពុជា​ដែល​ប្រើប្រាស់​ហ្វេសប៊ុកប្រមាណ​ជាង​មួយ​លាន​អ្នក​ និង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​៣​លាន​នាក់​នោះ​ហើយ។

«ប៉ុន្តែ​ខ្ញុំ​គិត​ថា ​រឿង​នេះ​មិន​អាច​ទៅ​រួច​ទេ​ជាមួយ​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន។ អញ្ចឹង​វា​ប្រាកដ​ណាស់​ថា ពួក​គេ​នឹង​ឆ្លើយ​តប​វិញ​ដោយ​ព្យាយាម​បង្កើត​ច្បាប់​ផ្សេងៗ ដើម្បី​ពួក​គេ​អាច​គ្រប់គ្រង​តាម​របៀបរបស់​ពួក​គេវិញ»។

ច្បាប់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ​ក៏​អាច​ប៉ះពាល់​ជនបរទេស​ដែល​ជា​ក្រុម​ហេគឃឺ​ (hackers) ​ឬ​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​ដែល​ប្រើ​ប្រទេស​កម្ពុជា​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​អ៊ីនធឺណិត​នៅ​ក្រៅ​ប្រទេស។

កាល​ពី​ថ្ងៃ​អង្គការ​សប្តាហ៍​មុន រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា​ ខ្លួន​បាន​សហការ​ជាមួយ​ទី​ភ្នាក់ងារ​ស៊ីប​អង្កេត FBI របស់​សហរដ្ឋ​អាមេរិក​ដើម្បី​តាម​ចាប់អ្នក​ហេគឃឺ​ខ្មែរ​ពីរ​នាក់​ដែល​ជា​សមាជិក​របស់​ក្រុម​សម្ព័ន្ធ​ហេគឃឺពិភពលោក​ឈ្មោះ Anonymous ឬ​អនាមិក។ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ ដោយ​មូលហេតុ​ថា​ការ​ស៊ើប​អង្កេត​កំពុងបន្ត។

បទ​បញ្ញត្តិជា​ច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នេះ​មាន​ចែង​អំពី​ទណ្ឌកម្ម​ធ្ងន់ធ្ងរ។

ជា​ឧទាហរណ៍ ការ​ផ្សាយ​ឬ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ដែល​គណៈកម្មាធិការមួយ​តែងតាំង​ដោយ​រដ្ឋាភិបាល​កំណត់​ថា​ប៉ះពាល់​ដល់​អធិបតេយ្យភាព​និង​បូរណភាព​របស់​ប្រទេស​ អាច​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ។ ឧក្រិដ្ឋកម្មមិន​ច្បាស់​លាស់​មួយ​ចំនួន​ទៀត​រួម​មាន៖ សកម្មភាព​ដែលប៉ះពាល់​«សេចក្តី​ថ្លៃ​ថ្នូរ​របស់​ស្ថាប័ន​រដ្ឋាភិបាល​ឬ​ក្រសួង​ឬ​មន្ត្រី​ណា​រដ្ឋាភិបាល​ណា​មួយ» ញុះញង់​ឲ្យ​មាន​«អនាធិបតេយ្យ» ឬ​បង្ក​ឲ្យ​មាន​អស្ថេរភាព។

ម៉្យាង​ទៀត បុគ្គល​ដែល​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​ក៏​ត្រូវ​គេ​ដក​ហូត​សិទ្ធិ​ពលរដ្ឋ​ ហើយ​ត្រូវ​រារាំង​ពី​វិជ្ជាជីវៈ​របស់​ពួក​គេអស់​មួយ​ជីវិត។

នៅ​ពេល​ត្រូវ​សុំ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​នេះ ស្ថានទូត​សហរដ្ឋ​អាមេរិក​និយាយ​ថា​ ខ្លួន​បាន​ដឹង​ថា​អ្នក​វិភាគ​ឯករាជ្យ​មួយ​ចំនួន​បាន​សម្តែង​ការ​បារម្ភ​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ ដោយ​ហេតុ​ថា​ច្បាប់​នេះ​មាន​ភាព​ទូលំទូលាយ​ពេក​ ហើយ​អាច​ត្រូវគេ​ប្រើ​ដើម្បីរិត​ត្បិតសេរីភាព​នៃ​ការបញ្ចេញ​មតិ​លើ​អ៊ីនធឺណិត។ អ្នក​នាំពាក្យ​ស្ថានទូត​មួយ​រូប​ថ្លែង​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​យ៉ាង​ខ្លាំង​ដល់សេរីភាព​បញ្ចេញ​មតិ មិន​ថានៅ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ឬ​នៅ​តាម​ទី​សាធារណៈ​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​ពិគ្រោះអំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ។

លោក Phu Leewood ទី​ប្រឹក្សា​រដ្ឋាភិបាល​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​ ក៏​បាន​ផ្តល់​យោបល់​ដូច​គ្នា​នេះ​ដែរ​ដល់​គណៈកម្មាធិការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ។ ប៉ុន្តែ​លោក​ថា គណៈកម្មាធិការ​នេះមិន​អើពើ​នឹង​ការ​ប្រឹក្សា​របស់​លោក។

«ដំណើរការ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​មាននីតិវិធី​តាក់តែង​ច្បាប់​តាម​បែប​ប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យ​ទេ។ ជា​ធម្មតា​ ដំបូង​គេ​ត្រូវ​មាន​ឯកសារ​សារបាន​អំពី​បញ្ហា​នេះ រួច​មក​គេ​ត្រូវ​តាក់តែង​ឯកសារ​ស​មួយ​ទៀត​ទាក់ទង​រឿង​នេះ។ បន្ទាប់​មកត្រូវ​ទុក​ឲ្យ​សាធារណជន​ពិភាក្សា​អំពី​ឯកសារ​ស​នេះ។ ពេល​ដែល​សាធារណជន​ពិភាក្សា​ចប់​សព្វ​គ្រប់​ទើប​យើង​អាច​ដាក់​ឯកសារ​នេះ​ឆ្លងគណៈរដ្ឋមន្ត្រី ហើយ​បន្ទាប់​មក​ទើប​បញ្ជូន​ទៅ​សភា​ដើម្បី​ការ​អនុម័ត។ ប៉ុន្តែសេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​ឆ្លង​នីតិវិធី​នេះ​ទេ»។

លោក Pu Leewood និយាយ​ថា នៅ​មាន​បញ្ហាមួយ​ចំនួន​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ រួម​ទាំង​ការណ៍​ដែល​គណៈកម្មការ​តាក់តែង​ច្បាប់​នេះ​មិន​បាន​ពិគ្រោះ​អ្វីនឹង​ចៅក្រម ឬ​មេធាវី​ឡើយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ទោសសម្រាប់​បទល្មើសក្នុង​អ៊ីនធឺណិត​មាន​លក្ខណៈ​ធ្ងន់ធ្ងរខ្លាំង​ជាង​បទ​ល្មើស​ដូច​គ្នា​ដែល​កើត​ឡើង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ​ការពារ​សិទ្ធិ​ព័ត៌មានឈ្មោះ Article 19 ឬ មាត្រា​១៩ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិលសិន​មុន​នឹង​បញ្ជូន​បន្ត​សេចក្តី​ព្រាង​ច្បាប់​នេះ។ គេ​មិន​ប្រាកដ​ថា​រឿង​នេះ​នឹង​កើត​ឡើង​ឬ​ទេ។ វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ជាច្រើន​ដង​តែ​មិន​បាន​ជោគជ័យ។ ហើយ​មន្ត្រី​ពីរ​រូប​ដែល​មាន​ជាប់​ទាក់ទង​នឹង​ការ​រៀបរៀង​សេចក្តី​ព្រាង​ច្បាប់​នេះ មកទល់​នឹង​ពេល​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

No comments:

Post a Comment