Amnesty International ស្នើកុំឲ្យមាន កិច្ចព្រមព្រៀង រវាង កម្ពុជា និងអូស្ត្រាលី លើជនភៀសខ្លួន
ដោយ៖ ស៊ុន ណារិន និងតាំង វីដា / វីអូឌី | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014
អង្គការ លើកលែងទោស អន្តរជាតិ (Amnesty International) ស្នើឲ្យ កម្ពុជា ពិចារណាឡើងវិញ ពីសំណើរ សុំតាំងលំនៅ របស់ ជនភៀសខ្លួន អូស្ដ្រាលី ដោយលើកឡើង ថា ប្រទេសទាំងពីរ មិនគួរមាន កិច្ចព្រមព្រៀង នេះទេ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ មន្ត្រីក្រសួងការបរទេសកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍លើការសុំតាំងលំនៅរបស់ជនភៀសខ្លួនអូស្ដ្រាលី ប៉ុន្ដែនៅពុំទាន់បានចុះកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ដោយរង់ចាំការសិក្សាជាមុនសិន។
សេចក្តីថ្លែងការណ៍របស់អង្គការលើកលែងទោស ចុះផ្សាយនៅថ្ងៃទី០១ខែមេសា ឲ្យដឹងថា អូស្ត្រាលី និងកម្ពុជា គួរតែកុំឲ្យមានកិច្ចព្រមព្រៀងសម្រាប់ជនភៀសខ្លួននេះ ដោយសារស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ សេចក្តីថ្លែងការណ៍បន្តថា ប្រទេសអូស្ត្រាលី គួរតែបញ្ចប់ការឃុំអ្នកភៀសខ្លួនស្វែងរកលំនៅដ្ឋាន មិនមែនរកប្រភពផ្សេងៗ សម្រាប់ការទទួលខុសត្រូវជនភៀសខ្លួន ដូចជាប្រទេសក្រីក្រខ្លាំងនោះទេ។
ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចនៃអង្គការលើកលែងទោសអន្តរជាតិ លោក Richard Bennett មានប្រសាសន៍ថា «ប្រទេសកម្ពុជា គួរតែដឹងពីភាពប្រថុយប្រថានធ្ងន់ធ្ងរជុំវិញការរៀបចំនេះ និងត្រូវតែពិចារណាថាតើខ្លួនពិតជារួចរាល់សម្រាប់ចូលរួមហើយឬនៅ។ » លោកបញ្ជាក់ថា សមត្ថភាពរបស់ប្រទេសកម្ពុជា នៅមានក្រមិតនៅឡើយក្នុងដំណើរការទទួលយកអ្នកភៀសខ្លួន និងកំពុងតែប្រឈមនឹងការគោរព និងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។
អង្គការលើកលែងទោសអន្តរជាតិ ក៏បានរិះគន់ពីស្ថានភាពជម្រកជនភៀសខ្លួននៅNauru ស្ថិតក្នុងភាពអាក្រក់ ដោយមានអ្នករងគ្រោះទាំងផ្នែករាងការយ និងសតិអារម្មណ៍។ អង្គការលើកឡើងថា ប្រទេសកម្ពុជា មិនមែនជាជម្រើសពិតប្រាកដទេ សម្រាប់កិច្ចព្រមព្រាងជនភៀសខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ប្រាប់VODនៅថ្ងៃសុក្រនេះថា កម្ពុជាគ្រាន់តែយល់ព្រមជាគោលការណ៍លើសំណើររបស់ប្រទេសអូស្រ្តាលីតែប៉ុណ្ណោះ ហើយគណៈកម្មការពិសេស នឹងសិក្សាពីផលប៉ះពាល់ និងផលប្រយោជន៍នៃកិច្ចព្រមព្រៀងនេះ «កន្លងមកយើងគ្រាន់តែយល់ព្រមជាគោលការណ៍ប៉ុណ្ណោះ យល់ព្រមគ្រាន់ពិនិត្យសំណើរបស់អូស្ត្រាលីនោះ មានន័យថាមកដល់ពេលនេះ យើងមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយទេ ខ្ញុំមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ ពីព្រោះឥឡូវនេះយើងមានគណៈកម្មការដើម្បីធ្វើការសិក្សា រឿងហ្នឹង។»
កាលពីខែធ្នូ ឆ្នាំ២០០៩ ជនជាតិ Uighur ២២នាក់ដែលរត់ភៀសខ្លួនពីខេត្តXinjiang ប្រទេសចិន ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួនជាមួយឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជា ត្រូវអាជ្ញាធរខ្មែរចាប់បញ្ជូនត្រឡប់ទៅស្រុកវិញតាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានលើកឡើងថា មានហេតុផលពីរយ៉ាង ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលយកជនភៀសខ្លួនពីប្រទេសអូស្ដ្រាលី ក្នុងនោះ គឺកម្ពុជាកន្លងមកទទួលជំនួយប្រទេសនេះច្រើន ហើយចង់បន្ដសុំជំនួយបន្តទៀត និងរាជរដ្ឋាភិបាលចង់ទាញប្រជាប្រិយភាពពីសំណាក់អន្ដរជាតិ ខណៈពេលកម្ពុជាកំពុងមានរឿងចម្រូងចម្រាស់លើបញ្ហាសិទ្ធិមនុស្ស។ លោក បានបង្ហាញពីក្តីព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្ស ប្រសិនបើកម្ពុជាទទួលយកជនភៀសខ្លួនទាំងនោះ នៅពេលដែលកម្ពុជាខ្លួនឯង នៅមិនទាន់អាចការពារសិទ្ធិប្រជាពលរដ្ឋខ្លួនឯងបានល្អនៅឡើយ។លោកបញ្ជាក់ថា«ប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភ គឺសិទ្ធិសម្រាប់ជនភៀសខ្លួន ព្រោះអីប្រទេសកម្ពុជា គឺបរាជ័យក្នុងការការពារសិទ្ធិរបស់ប្រជាពលរដ្ឋខ្លួន មិនដែលជាសមាជិកដ៏ល្អ នៃអង្គការសហប្រជាជាតិ ទាក់ទងកតិកាសញ្ញាស្តីពីសិទ្ធិមនុស្ស យើងបានបរាជ័យច្រើនរឿងរួចមកហើយ។»
មន្ត្រីជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវតែសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តទទួលយកជនភៀសខ្លួនរបស់ប្រទេសអូស្ដ្រាលីទាំងនោះ «នៅកម្ពុជាយើងបច្ចុប្បន្ន បញ្ហានៃការគោរពសិទ្ធិមនុស្ស កំពុងតែធា្លក់ចុះ អ៊ីចឹងមុននឹងនោះ ទាល់តែយើងពង្រឹងខ្លួនរបស់យើង ឲ្យសមទៅតាមប្រទេស ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទីផ្សារការងារ មានអីច្រើនសម្រាប់ទទួលទៅ គេមានការងារធ្វើសមរម្យ។»
តែទោះជាយ៉ាងណា លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបទេស បានលើកឡើងថា ការឯកភាពជាគោលការណ៍នេះ គឺជាការអនុវត្តនូវគោលនយោបាយមនុស្សធម៌របស់កម្ពុជា ហើយការរិះគន់ណាមួយនោះ គឺជាសិទ្ធិរបស់អ្នករិះគន់៕
No comments:
Post a Comment