កម្មកររោងចក្រ ភើមៀរ (Pemir) ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ ធ្វើកូដកម្ម នៅថ្ងៃ៣០ មេសា ឆ្នាំ២០១៤។
RFA/Mom Sophon
កម្មករ ជិត២០០នាក់ នៅរោងចក្រ ភើមៀរ បន្តធ្វើកូដកម្ម មិនចូលធ្វើការ
ដោយ ខែ សុណង / អាស៊ីសេរី | ០២ ឧសភា ២០១៤
កម្មករ ជិត ២០០នាក់ ក្នុងចំណោម ៤០០នាក់ នៅរោងចក្រ ភើមៀរ (Pemir) ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបន្តធ្វើ កូដកម្ម មិនចូលធ្វើការ ខណៈកម្មករ ជាង ១០០នាក់ បោះបង់ ការតវ៉ា ដោយសារ ភ័យខ្លាច ការគំរាមកំហែង របស់ ថៅកែរោងចក្រ នៅពេលកម្លាំងកងរាជអាវុធហត្ថ ជាច្រើននាក់ ត្រូវពង្រាយ នៅខាងមុខ រោងចក្រ។
មន្ត្រីសហព័ន្ធសហជីពចលនាកម្មករ លោក ឈឹង សុផារី ថ្លែងនៅថ្ងៃទី២ ឧសភា ថា កម្មករបានបន្តធ្វើកូដកម្មដោយឈរទាមទារឲ្យថៅកែគោរពលក្ខខណ្ឌការងារនៅខាងមុខរោងចក្រ ប៉ុន្តែភាគីរោងចក្របានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ ២០នាក់ ប្រដាប់ដោយកាំភ្លើង មកបំបែកមិនឲ្យកម្មករតវ៉ា ប៉ុន្តែពុំបណ្ដាលឲ្យប៉ះទង្គិច ឬរងរបួសធ្ងន់ធ្ងរនោះទេ។ លោកថា កម្មករមួយចំនួនក្នុងចំណោមអ្នកតវ៉ា បានចូលធ្វើការវិញនៅរសៀលថ្ងៃដដែល ដោយបារម្ភខ្លាចថាថៅកែមិនបើកប្រាក់ឈ្នួលឲ្យពួកគេ នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ។
កម្មករបានស្នើសុំ ៤ចំណុចទៅក្រុមហ៊ុន ទី១គឺសុំឲ្យក្រុមហ៊ុនកុំបញ្ឈប់កម្មករដែលគ្មានកំហុស និងទទួលយកកម្មករ ៤០នាក់នោះចូលធ្វើការវិញ។ ទី២ សុំឲ្យក្រុមហ៊ុនផ្ដល់លុយបាយថ្ងៃត្រង់ ២ពាន់រៀល។ ទី៣ សុំឲ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួល និងប្រាក់រង្វាន់ក្នុងពេលធ្វើកូដកម្ម និងទី៤ ស្នើសុំឲ្យក្រុមហ៊ុនកុំបង្ខំកម្មករឲ្យធ្វើការថែមម៉ោង។
កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ មេសា ភាគីរោងចក្រ និងមន្ត្រីក្រសួងការងារ ធ្លាប់បានចរចាសម្របសម្រួលជាមួយកម្មករម្ដងរួចមកហើយ ដោយខាងក្រុមហ៊ុនយល់ព្រមទទួលយកសំណើ ២ចំណុច ក្នុងចំណោម ៤ចំណុចដែលកម្មករទាមទារ គឺនឹងមិនបញ្ឈប់កម្មករដែលគ្មានកំហុស ហើយទទួលយកកម្មករ ៤០នាក់ចូលធ្វើការវិញ និងចំណុចយល់ព្រមមកទៀត គឺថាក្រុមហ៊ុននឹងមិនបង្ខំកម្មករឲ្យធ្វើការថែមម៉ោងទៀតទេ។ ប៉ុន្តែកម្មករចង់ឲ្យក្រុមហ៊ុនទទួលយកទាំង ៤ចំណុច។
យ៉ាងណាក៏ដោយ កម្មករមួយចំនួនអះអាងថា ពួកគេបានធ្វើកូដកម្មតាំងពីថ្ងៃទី២៣ ខែមេសា មកដល់ថ្ងៃទី២ ឧសភា ហើយនឹងនៅតែបន្តធ្វើកូដកម្មទៀតរហូតភាគីរោងចក្រយល់ព្រមតាមការទាមទារ៕
No comments:
Post a Comment