បក្សប្រឆាំង ជំរុញ ឲ្យរដ្ឋាភិបាល លុបចោល ស្ថាប័នអាជ្ញាធរ អប្សរា
ដោយ ហង្ស សាវយុត / RFA | 9 May 2014
គណបក្សសង្គ្រោះជាតិ បង្ហាញជំហរចង់ឱ្យរដ្ឋាភិបាលលុបស្ថាប័នអាជ្ញាធរអប្សរាចោល ពីព្រោះតែគណបក្សនេះយល់ឃើញថា អាជ្ញាធរនេះបានគ្រប់គ្រងតំបន់ការពារអង្គរ ដោយបង្កើតភាពអយុត្តិធម៌ជាច្រើនទៅលើការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអសកលនៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែឧសភា កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានវាយប្រហារចំៗទៅលើអាជ្ញាធរអប្សរាថា ការគ្រប់គ្រងតំបន់ការពារអង្គរ គឺមានភាពអយុត្តិធម៌ និងពុករលួយ៖ «អយុត្តិធម៌ ណាស់តំបន់នេះ ជនពុករលួយ ក្រុមគ្រួសារ បក្ខពួកគេ អ្នករកស៊ីខិលខូច សង់អូតែល សណ្ឋាគារ តាមតែអំពើចិត្ត បើប្រជារាស្ត្រសង់ខ្ទម១ សូម្បីតែសង់ផ្ទះបាយ១ សង់បង្គន់១ ក៏អត់ឱ្យសង់។ ផ្ដាច់មុខឱ្យក្រុមហ៊ុនរកស៊ីខិលខូចបក្ខពួកគេ យកសំណូកសូកប៉ាន់ឱ្យអ្នកដឹកនាំប្រទេស ធ្វើអ្វីបានតាមចិត្ត។ ដូច្នេះ លុបចោលទៅអប្សរាហ្នឹង រៀបចំឱ្យមានស្ថាប័នមួយទៀត។»
ការរិះគន់របស់មេដឹកនាំគណបក្សប្រឆាំងនេះ បន្ទាប់ពីគេដឹងថា ក្រុមហ៊ុន សុខា អូតែល របស់លោកឧកញ៉ា សុខ គង់ បានការអនុញ្ញាតពីអាជ្ញាធរអប្សរា ឱ្យសាងសង់រមណីយដ្ឋានមួយឈ្មោះ សុខា សៀមរាប នៅទល់មុខតំបន់អង្គរឃ្យុងយូ ដែលជាតំបន់មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅ និងសង់លំនៅឋានបានទេ។
កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅ ក្រុមហ៊ុន សុខា អូតែល បានចំណាយប្រាក់ជាច្រើនលានដុល្លារអាមេរិក ក្នុងការចាប់ផ្ដើមសាងសង់សណ្ឋាគារថ្មីមួយទៀត ដើម្បីស្រូបយកចំណូលពីវិស័យទេសចរណ៍។
អនុប្រធានក្រុមហ៊ុន សុខា អូតែល គឺលោក ហ៊ឺ ហេង ថ្លែងក្នុងពិធីបើកការដ្ឋានកាលពីថ្ងៃទី៣០ ខែមេសា ថា រមណីយដ្ឋាន សុខា សៀមរាប គឺជាសណ្ឋាគារខ្នាតប្រណីតដែលសាងសង់លើផ្ទៃដីទំហំ ១៤ហិកតារ ក្នុងចំណោមផ្ទៃដីសរុបចំនួន ២៤ហិកតារ។ រមណីយដ្ឋាននេះសម្រាប់បម្រើសេវាកម្មទេសចរណ៍ជាច្រើនផ្នែក ដូចជា មានបន្ទប់ស្នាក់នៅ មានមណ្ឌលកម្សាន្ត មានអាងហែលទឹក និងសាលមហោស្រព ជាដើម៖ «នៅឆ្នាំ២០១៤ នេះ អាជ្ញាធរអប្សរា បានអនុញ្ញាតឱ្យក្រុមហ៊ុនយើងខ្ញុំសាងសង់រមណីយដ្ឋាន សុខា សៀមរាប នៅខេត្តសៀមរាប។ ដោយយោងតាមការអនុញ្ញាតជាផ្លូវការនេះ ការរៀបចំប្លង់ គឺបានអនុវត្តតាមសៀវភៅបន្ទុក និងការណែនាំរបស់អាជ្ញាធរអប្សរា។ រមណីយដ្ឋាន សុខា សៀមរាប នេះ សាងសង់នៅលើផ្ទៃដីប្រមាណ ១៤ហិកតារ មានកម្ពស់អគារខ្ពស់បំផុតត្រឹម ៣ជាន់ ស្មើនឹង ១២ម៉ែត្រ ត្រឹមស្លាបជញ្ជាំង ចែកចេញជាសណ្ឋាគារ សុខា បាយ័ន មានចំនួន ២១៨បន្ទប់។ សណ្ឋាគារ សុខា បន្ទាយស្រី មានចំនួន ១៩៤បន្ទប់។ សណ្ឋាគារ សុខា តាព្រហ្ម មានចំនួន ១៩៤បន្ទប់ សរុបទាំងអស់មានចំនួន ៦០៦បន្ទប់។»
មន្ត្រីអាជ្ញាធរអប្សរាបានបញ្ចេញប្រតិកម្មតបនឹងការរិះគន់របស់ មេដឹកនាំគណបក្សប្រឆាំងនោះ។ អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ មានប្រសាសន៍ថា លោកមិនដឹងច្បាស់លាស់ទេថា លោក សម រង្ស៊ី ដែលរិះគន់រឿងសំណង់សណ្ឋាគារនោះ តើគាត់បានស្គាល់តំបន់អង្គរដែរឬក៏យ៉ាងណា? លោក ប៊ុន ណារិទ្ធិ បញ្ជាក់ថា តំបន់ដែល លោក សម រង្ស៊ី រិះគន់នោះមិនមែនជាតំបន់អង្គរដែលច្បាប់បានហាមឃាត់ មិនឱ្យសាងសង់ឡើយ។ ដូច្នេះ សូមឱ្យ លោក សម រង្ស៊ី មុននឹងរិះគន់ ត្រូវសួរអ្នកភូមិឱ្យច្បាស់លាស់សិន ថាតើអង្គរនៅទីណា? និងមានបង្គោលព្រំដែនកំណត់ត្រឹមណា?៖ «មិនដឹងជាគាត់មានចេតនា ឬក៏អចេតនា តែបើស្ដាប់ទៅ គឺមានបំណងបំភ័ន្តមតិមហាជន។ មិនមែនជាតំបន់អង្គរផង ថាអង្គរតំបន់ដែលគេសម្រាប់សាងសង់រចនាសម្ព័ន្ធសម្រាប់បម្រើការឱ្យ វិស័យវប្បធម៌ទេសចរណ៍ វាស្របតាមទិសដៅនៃការបង្កើតតំបន់អស់ហ្នឹងហើយ។ តំបន់អស់ហ្នឹងបង្កើតសុទ្ធតែមានអនុក្រឹត្យ មានព្រះរាជក្រឹត្យ តាមហូរហែអីអ៊ីចឹង។ អ៊ីចឹងទាល់តែមើលឯកសារឱ្យច្បាស់លាស់ ព្រំប្រទល់នៅឯណា ហើយលក្ខន្តិកៈគេប្រើប្រាស់តំបន់នីមួយៗយ៉ាងម៉េច? អាហ្នឹងបានយើងនិយាយគ្នាកើត។»
ទោះយ៉ាងណា ប្រជាពលរដ្ឋ និងអតីតម្ចាស់ដីខ្លះនៅក្នុងតំបន់នោះ នៅតែរិះគន់ថា អាជ្ញាធរអប្សរាដែលជាអ្នកអនុញ្ញាតឱ្យក្រុមហ៊ុន សុខា អូតែល សាងសង់សណ្ឋាគារនៅលើតំបន់ដែលហាមឃាត់មិនឱ្យប្រជាពលរដ្ឋសាងសង់ ឬក៏រស់នៅបាននោះ គឺជាអំពើខុសច្បាប់។
តំណាងរាស្ត្រមួយរូប គឺលោក សុន ឆ័យ អះអាងថា លោកមានដីទំហំជាង ៣ហិកតារ នៅក្នុងតំបន់ដែលក្រុមហ៊ុន សុខា អូតែល កំពុងសាងសង់សណ្ឋាគារនោះ។ កាលពី៣ឆ្នាំមុន អាជ្ញាធរអប្សរាបានប្រើអំណាចតុលាការ ដកហូតយកដីរបស់លោកទាំងនោះ ដោយចេញថ្លៃឱ្យលោកតែ ៥កាក់ក្នុង១ម៉ែត្រការ៉េ នៅស្របពេលដែលដីថ្លៃប្រមាណ ៨០ដុល្លារក្នុង១ម៉ែត្រការ៉េ។
លោក សុន ឆ័យ បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន លោកនៅមិនទាន់ចុះហត្ថលេខាប្រគល់ដីនោះនៅឡើយ ហើយលោកនៅតែបន្តការតវ៉ាតាមផ្លូវច្បាប់៖ «ខ្ញុំមានសិទ្ធិសង់ អូតែលដែរទេតើ! មិនមែនមានតែ សុខ គង់ ហើយនិងសុខ អាន ឯណា? មិនទាន់ដាច់ស្រេច ហើយយកដីទៅឱ្យ សុខ គង់ ដើម្បីសង់អូតែល នេះជាអំពើខុសច្បាប់ធ្ងន់ធ្ងរ។ បើថាជាអប្សរាចង់បានយកទៅសង់សាលារៀន ឬក៏សង់មន្ទីរពេទ្យ ខ្ញុំប្រគល់ឱ្យទទេ អត់យកលុយទេ។ ឆ្លៀតឱកាសនេះដែរ សូមអំពាវនាវថា ដីនោះទោះបីយកទៅសង់អីក៏មិនទាន់ចប់រឿងដែរ។»
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតនៅខេត្តសៀមរាប រិះគន់ថា បច្ចុប្បន្នគេឃើញអាជ្ញាធរអប្សរាដែលកំណត់តំបន់ការពារអង្គរ ហាក់ដូចជាមិនច្បាស់លាស់ទេ គឺតំបន់ណាដែលមានប្រជាពលរដ្ឋរស់នៅ បែរជាតឹងតែងមិនឱ្យសាងសង់ តែបើតំបន់ណាមានអ្នកមានអំណាចរស់នៅ ហាក់ព្រំប្រទល់មិនសូវច្បាស់លាស់ទៅវិញ។
លោក សុន ឆ័យ ឱ្យដឹងថា បញ្ហាដែលអាជ្ញាធរអប្សរាដកហូតយកដីរបស់លោក តាមរយៈតុលាការ ហើយបែរជាប្រគល់ទៅឱ្យក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ យកទៅសង់សណ្ឋាគារនោះ គឺលោកនឹងនន្ដប្ដឹងទៅស្ថាប័នអន្តរជាតិ។ លោក សុន ឆ័យ បញ្ជាក់ថា លោកកំពុងពិភាក្សាជាមួយមេធាវីរបស់លោក ដើម្បីរៀបចំធ្វើពាក្យប្ដឹងជុំវិញរឿងនេះ៕
No comments:
Post a Comment