សហគមន៍ អឺរ៉ុប អំពាវនាវ ឲ្យបក្សនយោបាយ ពង្រឹង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា
ដោយ យាង សុជាមេត្តា / RFA | 8 May 2014
ការអំពាវនាវនេះ ធ្វើឡើងក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនអាចទម្លុះភាពទាល់ច្រកនយោបាយដែលជាប់គាំង និងស្របពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាបមិនរើសមុខទៅលើការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងលិខិតចុះថ្ងៃទី៨ ខែឧសភា សម្រាប់ខួប ៦៤ឆ្នាំ នៃទិវាអឺរ៉ុប ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) កត់សម្គាល់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ កាលពីខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញសារយ៉ាងច្បាស់ទៅកាន់អ្នកនយោបាយកម្ពុជា។ លោកថា ការពុះកញ្ជ្រោលរបស់យុវជនចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កន្លងមក ក៏ជារឿងគួរឲ្យកត់សម្គាល់ដែរ ដែលប្រការនេះ បានឆ្លុះបញ្ចាំងអំពីក្តីប្រាថ្នា ការរំពឹង និងក្តីស្រមៃរបស់យុវជន ដែលចង់បានជីវិតដ៏ល្អប្រសើរមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង ថ្លែងបន្តថា បើទោះជាគណបក្សនយោបាយជាប់ឆ្នោតទាំង២ ពិភាក្សាគ្នាដោះស្រាយបញ្ហាជាប់គាំងនយោបាយក្នុងរូបភាពណាក៏ដោយ បញ្ហាសំខាន់បំផុត គឺត្រូវបន្តពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ។ លោកថា កំណែទម្រង់សំខាន់ៗមួយចំនួនត្រូវតែពន្លឿនទៅមុខ ព្រោះថា កំណែទម្រង់ទាំងនោះនឹងធ្វើឲ្យរដ្ឋាភិបាល និងប្រព័ន្ធតុលាការ អាចបម្រើប្រជាពលរដ្ឋខ្មែរទាំងមូល។
ក្រៅពីនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង ក៏កោតសរសើរចំពោះការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ដែលប្រការនេះបង្ហាញថា ប្រទេសកម្ពុជា ទំនងជាអាចឈានដល់ការសម្រេចបានតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សអង្គការ សហប្រជាជាតិ នៅឆ្នាំ២០១៥។ ទោះជាយ៉ាងណាក៏ដោយ លោកថា បញ្ហាប្រឈមរបស់កម្ពុជា បច្ចុប្បន្ន គឺត្រូវធ្វើយ៉ាងណាបន្តធានានិរន្តរភាពនៃការសម្រេចបានទាំងអស់ នេះទៅថ្ងៃខាងមុខទៀត ដោយផ្អែកលើការអភិវឌ្ឍ ផ្នែកប្រជាធិបតេយ្យ ដែលរួមមានកំណែទម្រង់ការបោះឆ្នោត ការគោរពសេរីភាពសម្ដែងមតិ សេរីភាពជួបជុំ និងសេរីភាពធ្វើបាតុកម្មជាដើម។
ទាក់ទងនឹងការអះអាងនេះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងស្វាគមន៍ ហើយថា ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា គឺមានសារសំខាន់ណាស់សម្រាប់ឲ្យគណបក្សនយោបាយចូលរួមគិតគូរស្វែងរក ដំណោះស្រាយទាំងអស់គ្នា។
លោក ឈាង វុន ថា ប្រជាធិបតេយ្យមិនអាចដោះស្រាយដោយមនុស្សមួយក្រុមបាននោះទេ វាទាមទារឲ្យមានការចូលរួមចំណែកទាំងអស់គ្នា។ លោកបន្តថា ភាពរអាក់រអួលដែលកើតឡើងក្រោយការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៣ គឺជាបញ្ហាសម្រាប់ទាំងអស់គ្នា។
លោក ឈាង វុន៖ «ខ្ញុំគិតថា នៅពេលដែលគណបក្សនយោបាយទាំង២ និយាយត្រូវរ៉ូវគ្នាតាមរយៈការចរចាដោះស្រាយបញ្ហាទាំងឡាយដែលមាន នៅពេលនោះហើយដែលប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានគាំពារ ដំណោះស្រាយធ្វើយ៉ាងណាឲ្យស្ថាប័នរដ្ឋ ឲ្យប្រជាពលរដ្ឋ ឲ្យដំណើរការរបស់រដ្ឋហ្នឹង បានទៅល្អ ម្នាក់ៗត្រូវ ពាក្យបារាំងហៅថា កុងស្យង់ (conscience) ណា ត្រូវមានមនសិការគិតពីប្រជាពលរដ្ឋជាធំ។»
ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ កំពុងកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា ទោះជាត្រូវជួបឧបសគ្គយ៉ាងណាក្តី។ ចំពោះការលើកឡើងរបស់លោក ឈាង វុន វិញ លោក យឹម សុវណ្ណ ថា ជាការយល់ឃើញល្អ ប៉ុន្តែខ្លាចតែគណបក្សប្រជាជនកម្ពុជា មិនមានឆន្ទៈដូចអ្វីដែលខ្លួនបាននិយាយ។
លោក យឹម សុវណ្ណ៖ «ចង់បានការដែលនិយាយហើយនិងអ្វីដែលមាននៅ ក្នុងបេះដូង ឲ្យវាដូចគ្នា បើថា យើងស្រុះស្រួលគ្នាថា ចាំបាច់ត្រូវតែមានដំណោះស្រាយនយោបាយ បានជំរុញប្រជាធិបតេយ្យបាន អាហ្នឹងជាការល្អតើ! ប៉ុន្តែសូមឲ្យធ្វើម៉េចបញ្ចប់នូវវិបត្តិនយោបាយដោយធ្វើការ កែទម្រង់ការបោះឆ្នោត ហើយនិងការបោះឆ្នោតឡើងវិញ គឺថា យ៉ាងយូរបំផុតដើមឆ្នាំ២០១៦ អាហ្នឹងវាជាកិច្ចការសាមញ្ញទេ គណបក្សសង្គ្រោះជាតិ មិនចង់បានអ្វីលើសពីហ្នឹងទេ។»
ជុំវិញការពង្រឹងដំណើរការប្រជាធិបតេយ្យនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង កត់សម្គាល់ថា មនុស្សគ្រប់រូបមិនប្រាកដថា យល់ស្របតាមអ្វីៗគ្រប់យ៉ាងទាំងអស់នោះទេ ប៉ុន្តែលោកថា ប្រជាធិបតេយ្យផ្ដល់សំឡេងឲ្យមនុស្សគ្រប់គ្នា ហើយតាមរយៈសំឡេងនេះ ពួកគេអាចស្វែងរកការព្រមព្រៀងគ្នាមួយបាន។ លោកថា ក្នុងនាមជាអ្នកផ្ដល់ជំនួយច្រើនជាងគេបង្អស់មកឲ្យកម្ពុជា សហគមន៍អឺរ៉ុបនឹងបន្តឈរខាងអ្នកដែលចូលរួមចែករំលែកនូវទិសដៅទាំង អស់នេះសម្រាប់ប្រទេសពួកគេ៕
No comments:
Post a Comment