រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ថាច់ ផែន ថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០១៤ នាសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental Hotel) រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។
RFA/Morm Moniroth
មន្ត្រី ជាន់ខ្ពស់ ក្រសួងព័ត៌មាន ហៅការប្រើ ហិង្សា លើអ្នកកាសែត ជាបញ្ហា កើតឡើង ដោយចៃដន្យ
ដោយ សុ ជីវី / អាស៊ីសេរី | ០៣ ឧសភា ២០១៤
មន្ត្រីជាន់ខ្ពស់ នៃក្រសួងព័ត៌មាន បានចាត់ទុក សេរីភាពសារព័ត៌មាន នៅកម្ពុជា ថា មានភាពប្រសើរ នៅពេលដែលប្រទេសនេះ មានស្ថាប័នសារព័ត៌មាន ច្រើនស្អេកស្កះ។ ទោះជាយ៉ាងនេះក្តី មន្ត្រី ដដែលក៏ទទួលស្គាល់ ថា មានអ្នកសារព័ត៌មាន មួយចំនួន ត្រូវរងគ្រោះ ដោយកម្លាំងអាជ្ញាធរវាយ នៅពេលបង្ក្រាប ការតវ៉ាម្តងៗ។
ចំណែកក្រុមអង្គការមិនមែនរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ព្រួយបារម្ភពីការរំលោភបំពានលើសិទ្ធិអ្នកសារព័ត៌មាន និងរុញច្រានពួកគេអោយឋិតក្នុងស្ថានភាពពុំមានសុវត្ថិភាព ក្នុងការបំពេញការងារ។
រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ថាច់ ផែន ហៅការប្រើអំពើហិង្សាទៅលើអ្នកសារព័ត៌មានពីសំណាក់ក្រុមកងកម្លាំងអាជ្ញាធរ ថាជាបញ្ហាដែលកើតឡើងដោយចៃដន្យ នៅពេលមានការអនុវត្តច្បាប់ម្ដងៗ ហើយជាទូទៅ រដ្ឋាភិបាលពុំមានចេតនាបង្ករបួសស្នាមទៅលើអ្នកសារព័ត៌មានឡើយ។
លោក ថាច់ ផែន ទទួលស្គាល់ថា អ្នកសារព័ត៌មាននៅកម្ពុជា ក្នុងពេលបច្ចុប្បន្នពិតជាឋិតក្នុងស្ថានភាពអាក្រក់មែន ជាក់ស្តែង គឺអ្នកព័ត៌មានរងរបួសធ្ងន់ស្រាល ស្របពេលដែលកំពុងបំពេញបេសកកម្មរបស់ខ្លួនតាមវិជ្ជាជីវៈ៖ «ក្នុងសង្គមមួយដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ សព្វថ្ងៃនេះយើងមានប្រព័ន្ធផ្សព្វផ្សាយមួយដ៏សម្បូរណ៍បែបកំពុងបម្រើសេវាផ្តល់ការអប់រំ និងកម្សាន្តដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន»។
អ្នកសារព័ត៌មាននៃគេហទំព័រថ្មីៗ កញ្ញា អ៊ីស្សា រូហានី មានប្រសាសន៍ថា នាង និងអ្នកសារព័ត៌មានដទៃទៀត កំពុងមានការលំបាកក្នុងការប្រឈមជាមួយកងកម្លាំងអាជ្ញាធរ ដែលនិយមប្រើហិង្សា៖ «សម្រាប់ខ្ញុំនៅពេលមានបញ្ហាដែលគេបង្ក្រាបចឹង ពេលខ្លះយើងអត់ហ៊ានចូលទៅក្នុងហេតុការណ៍ហ្នឹងទេ ដោយសារតែយើងឃើញអាជ្ញាធរមានដំបងអ៊ីចឹង យើងគួរអោយញញើត ហើយខ្លាច ខ្ញុំអត់ហ៊ានចូលទៅទេ ខ្លាចសុវត្ថិភាពខ្លួនឯង ខ្លាចចូលទៅគេនឹងអាចវាយយើង ចឹងបានត្រឹមតែស្រែក»។
អង្គការយូណេស្កូ បានកត់សម្គាល់ថា ឆ្នាំ២០១៤ ជាឆ្នាំដែលមានស្ថានភាពអាក្រក់បំផុតចំពោះអ្នកសារព័ត៌មាននៅក្នុងពិភពលោក។ គិតមកត្រឹមឆ្នាំ២០១៤ នៅកម្ពុជា មានអ្នកសារព័ត៌មានចំនួន ១២នាក់ត្រូវសម្លាប់។ តំណាងអង្គការយូណេស្កូ អ្នកស្រី អាន ឡឺម៉ែស្រ្ត (Anne Lemaistre) ជំរុញអោយរដ្ឋាភិបាលកម្ពុជា ពិនិត្យលើច្បាប់មួយចំនួន ដូចជា ក្រមព្រហ្មទណ្ឌ ធ្វើយ៉ាងណាជួយសម្រួលដល់សុវត្ថិភាពអ្នកសារព័ត៌មានឡើងវិញ៖ «នៅកម្ពុជា គឺត្រូវការពិនិត្យលើបទដ្ឋានច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមព្រហ្មទណ្ឌ ដើម្បីបង្កើតលក្ខខណ្ឌល្អសម្រាប់សេរីភាពសារព័ត៌មានដែលធានាថា អ្នកសារព័ត៌មានមិនត្រូវចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ ស្របគ្នានេះ ក៏គិតគូរពីការកសាងសមត្ថភាពអ្នកសារព័ត៌មាន»។
ស្របគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលអោយគោរពសេរីភាព និងធានាសុវត្ថិភាពអ្នកសារព័ត៌មាន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ជំរុញអោយរដ្ឋាភិបាលចេញបញ្ជាភ្លាមៗអោយកងកម្លាំងអាជ្ញាធរ បញ្ចៀសការដៅមុខសញ្ញាលើអ្នកសារព័ត៌មាន និងស៊ើបអង្កេតរាល់ការប្រើហិង្សាលើអ្នកសារព័ត៌មាន។
សម្រាប់ឆ្នាំ២០១៤ នេះ អង្គការផ្ទះសេរីភាព (Freedom House) បានចាត់ថ្នាក់ប្រទេសកម្ពុជា ជាប់លេខរៀងទី១៤៧ ជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេស១៩៧។ ចំណាត់ថ្នាក់នៅកម្ពុជា ប្រសើរជាងប្រទេស សិង្ហបុរី ភូមា ឬមីយ៉ាន់ម៉ា វៀតណាម ចិន និងកូរ៉េខាងជើង៕
No comments:
Post a Comment