Paris Peace Accords 23 Oct. 1991

Wednesday, May 14, 2014

មន្ត្រី​ បក្ស​ប្រឆាំង​ ថា​, បុគ្គលិក​ ក្រុមហ៊ុន​ រារាំង​ មិន​ ឲ្យ​ជួប​អ្នក​រងគ្រោះ​ ដីធ្លី​ នៅ​មណ្ឌលគិរី

មន្ត្រី​ បក្ស​ប្រឆាំង​ ថា​, បុគ្គលិក​ ក្រុមហ៊ុន​ រារាំង​ មិន​ ឲ្យ​ជួប​អ្នក​រងគ្រោះ​ ដីធ្លី​ នៅ​មណ្ឌលគិរី

ដោយ រដ្ឋា វិសាល / RFA | 13 May 2014

បេក្ខជន​ តំណាង​រាស្ត្រ​ ជាប់​ឆ្នោត​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ លោក សុន ឆ័យ ចោទ​ប្រកាន់​ បុគ្គលិក​ ក្រុមហ៊ុន វីឡេក ឌីវឺឡបមែន (Village Development) នៅ​ខេត្ត​ មណ្ឌលគិរី ថា​ មាន​ចេតនា​ រារាំង ​ដំណើរ​ទស្សនកិច្ច​ ជួប​ប្រជាពលរដ្ឋ​ ជន​ជាតិ​ដើម​ ភាគ​តិច ដែល​មាន​បញ្ហា​ រំលោភ​បំពាន ​ដីធ្លី​ ព្រៃ​ឈើ​ ពី​សំណាក់​ ក្រុមហ៊ុន។


ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ នៅ​ថ្ងៃ​អង្គារ ទី​១៣ ខែ​ឧសភា ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ក្រុម កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ឡៅកា ឃុំ​រមនា ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។
លោក សុន ឆ័យ រៀប​រាប់​ថា បុគ្គលិក​ក្រុមហ៊ុន​ព្យាយាម​បិទ​ផ្លូវ មិន​ឲ្យ​ក្រុម​ការងារ​លោក​ចូល​ទៅ​ពិនិត្យ​មើល​ព្រៃ​សហគមន៍​ដែល​ជាប់​ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​កាប់​យក​ឈើ​មាន​តម្លៃ និង​ឈូស​ឆាយ​យក​ដី​សហគមន៍​ពី​សំណាក់​ក្រុមហ៊ុន និង​ឈ្មួញ​ពាក់ព័ន្ធ។ លោក​អះអាង​ថា បុគ្គលិក​ក្រុមហ៊ុន​មាន​ចេតនា​បិទ​បាំង​សកម្មភាព​កាប់​បំផ្លាញ​ធនធាន​ ធម្មជាតិ និង​រំលោភ​សិទ្ធិ​រស់​នៅ​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច៖ «គេ ​មក​ឈរ​ដាក់​ឡាន​ពីរ​បី​ឃាំង​មិន​ឲ្យ​ខ្ញុំ​ទៅ ហើយ​ពេល​យើង​ចេះ​តែ​ដើរ​ទៅ គេ​ធ្វើ​ចង់​ដូច​ជា​មក​ទប់ស្កាត់។ ពួក​ហ្នឹង​ឃើញ​ជាក់ស្តែង ដូច​គ្មាន​ការ​គោរព​ច្បាប់ ជា​មនុស្ស​ដែល​យល់​ពី​ការងារ​ខេត្ត នយោបាយ​ការពារ​ព្រៃ​ឈើ ឬ​ក៏​តួនាទី​របស់​សហគមន៍​ព្រៃ​ឈើ គឺ​គាត់​មក​គាត់​អាង​អ្នក​ធំ​ពី​ក្រោយ​ខ្នង មក​ដល់​គំរាម មក​ដល់​សម្ដី​ឈ្លើយ​កោង​កាច ទោះ​បី​យើង​ទៅ​ហ្នឹង​មាន​រថយន្ត​មាន​ដាក់​ស្លាក​ព្រឹទ្ធសភា​ទៅ​ជាមួយ គឺ​គាត់​អត់​ឈឺ​ក្បាល»

សហគមន៍​ជនជាតិ​ដើម​ព្នង ភូមិ​ឡៅកា កាល​ពី​ចុង​ឆ្នាំ​២០១៣ បាន​ធ្វើ​ការ​តវ៉ា និង​ដាក់​ពាក្យ​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន វីឡេក ឌីវឺឡបមែន គឺ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច ថា​បាន​ឃុបឃិត​ជាមួយ​អ្នក​ជំនួញ​ឈើ​មួយ​រូប គឺ​ឧកញ៉ា លឹម ប៊ុនណា ចូល​កាប់​ឈើ​ផលិត​ទឹក​ជ័រ​របស់​សហគមន៍​អស់​រាប់​ពាន់​ដើម និង​ឈូស​ឆាយ​ព្រៃ​សហគមន៍​យក​ដី​អស់​ជាង ៣០០​ហិកតារ សម្រាប់​ដាំ​កៅស៊ូ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ណា​ម្នាក់ សុំ​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ក៏ប៉ុន្តែ​ស្មៀន​ឃុំ​រមនា លោក ជ្រម ធីល បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​ដូច​គ្នា ប៉ុន្តែ​មន្ត្រី​មូលដ្ឋាន​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ស្រប​ពេល​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ៖ «គេ ​រំសាយ​អស់​ហើយ ខ្ញុំ​ទើប​នឹង​មក​ដល់ ខ្ញុំ​មក​ដល់​ក្រោយ​តើ។ គាត់​អញ្ជើញ​ទៅ​វិញ​បាន​ខ្ញុំ​មក ដល់​គាត់​អញ្ជើញ​ឡើង​ឡាន​ហើយ បាន​ខ្ញុំ​ដឹង​ដំណឹង ខ្ញុំ​មក​ដល់ ខ្ញុំ​មក​អត់​ទាន់»

យ៉ាង​នេះ​ក្តី អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក យឹម លុច អះអាង​ថា នេះ​ជា​ការ​បំពង​សំឡេង​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​ពី​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ពីព្រោះ​កន្លង​ទៅ​នេះ សមាជិក​សហគមន៍​ភាគ​ច្រើន​បាន​ទទួល​យក​សំណង​ផល​ប៉ះពាល់​ពី​ក្រុមហ៊ុន​រួច​ ហើយ។ លោក​បញ្ជាក់​ថា ភរិយា​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ប៉ុនប៉ង​ចូល​បរិវេណ​ដី​ក្រុមហ៊ុន​ដោយ​គ្មាន ​ការ​អនុញ្ញាត ទើប​អ្នក​ទទួល​ខុស​ត្រូវ​មិន​ឲ្យ​ចូល៖ «ខ្ញុំ​ឃើញ​ភាព​ លម្អៀង​របស់​គេ​ហ្នឹង គេ​និយាយ​មិន​សមរម្យ​ច្រើន​ណាស់។ និយាយ​រួម គេ​មិន​គាំទ្រ​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ ដល់​អ៊ីចឹង និយាយ​ចូល​គ្នា​វា​អត់​កើត។ គេ​និយាយ​អត់​យក​ផ្លូវ​ច្បាប់​មក​និយាយ គេ​និយាយ​ក្នុង​ន័យ​ជា​បក្ស​ប្រឆាំង​វិញ​ណា។ ធម្មតា​ក្រុមហ៊ុន​គេ​មាន​ច្បាប់​មាន​ទម្លាប់ បើ​ចង់​ចូល​ទៅ​ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន។ អ៊ីចឹង​ទេ មេការ​គេ​ទទួល​បញ្ជា​ពី​ក្រុមហ៊ុន​ហ្នឹង​ទៅ គឺ​មិន​ឲ្យ​ចូល»

កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី បាន​ដាក់​ពាក្យ​ប្ដឹង​ចោទ​មេការ​ក្រុមហ៊ុន វីឡេក ឌីវឺឡបមែន ឈ្មោះ ខុម និង​បក្ខពួក ថា​បាន​បើក​រថយន្ត​ពីរ​គ្រឿង គំរាម​បុក​សម្លាប់​សកម្មជន​សិទ្ធិ​មនុស្ស​បី​រូប រួម​ជាមួយ​ប្រជាពលរដ្ឋ​សហគមន៍ ៩​នាក់ រស់​នៅ​ភូមិ​ឡៅកា ដែល​បាន​រួម​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រៃ​សហគមន៍ ដើម្បី​ស៊ើប​អង្កេត​ពី​បទល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​បដិសេធ​ថា មិន​បាន​គំរាម​សម្លាប់​ទេ គឺ​បុគ្គលិក​ក្រុមហ៊ុន​បាន​បើក​រថយន្ត​តាម​ឃាត់​ដំណើរ​មន្ត្រី​សិទ្ធិ​ មនុស្ស ដែល​ចូល​ក្នុង​បរិវេណ​ក្រុមហ៊ុន​ដោយ​គ្មាន​ការ​អនុញ្ញាត។ រហូត​បច្ចុប្បន្ន សំណុំ​រឿង​ក្តី​នេះ​ឋិត​ក្នុង​ចំណាត់​ការ​របស់​មន្ត្រី​តុលាការ​ខេត្ត​នៅ​ ឡើយ៕




No comments:

Post a Comment