Paris Peace Accords 23 Oct. 1991

Wednesday, May 28, 2014

នាយក​រដ្ឋមន្ត្រី ​រិះគន់​ បក្ស​ប្រឆាំង ​ថា ​មាន​ទស្សនៈ ​ចម្លែកៗ​ ទាក់ទង​ នឹង គ.ជ.ប.

នាយក​រដ្ឋមន្ត្រី ​រិះគន់​ បក្ស​ប្រឆាំង ​ថា ​មាន​ទស្សនៈ ​ចម្លែកៗ​ ទាក់ទង​ នឹង គ.ជ.ប.

ដោយ វណ្ណ វិចារ / RFA | ២៧ ឧសភា ២០១៤

បាតុកម្ម​ប្រឆាំង​គ.ជ.ប ៣០៥
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ ដើម្បី​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៤ ខែ​មេសា ឆ្នាំ​២០១៣។  RFA/Den Ayuthea

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក ​ថា, បក្ស​ប្រឆាំង ​មាន​ទស្សនៈ​ ចម្លែកៗ ​ទាក់ទង ​នឹង​របៀប​ ធ្វើ​ការ​ របស់​ គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.)។  ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ នៅ​ថ្ងៃ ​ទី​២៧ ខែ​ឧសភា ចំ​ថ្ងៃ​ ដែល​ គ.ជ.ប. ប្រកាស​លទ្ធផល ​បោះ​ឆ្នោត ​ជ្រើស​តាំង​ សមាជិក​ ក្រុមប្រឹក្សា​ រាជធានី, ខេត្ត, ខណ្ឌ, ក្រុង, ស្រុក។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​រិះគន់​បក្ស​ប្រឆាំង​ថា គណបក្ស​មួយ​នេះ​ធ្លាប់​តែ​មិន​ពេញ​ចិត្ត​នឹង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ ​បោះ​ឆ្នោត។ ប៉ុន្តែ បក្ស​នេះ​បែរ​ជា​ទទួល​យក​លទ្ធផល​ជ្រើស​តាំង​សមាជិក​ក្រុមប្រឹក្សា ដែល​រៀបចំ​ដោយ គ.ជ.ប ដដែល​ទៅ​វិញ។ លោក​បន្ត​ថា លោក​កោត​សរសើរ​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុមប្រឹក្សា ដែល​ទើប​តែ​បញ្ចប់​នា​ពេល​ថ្មីៗ ហើយ​ក៏​សូម​សរសើរ​ចំពោះ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​ចូលរួម​ផង​ដែរ។ តែ អ្វី​ដែល​ចម្លែក​បំផុត​ក្នុង​ស្រុក​ខ្មែរ​នោះ គឺ​គណបក្ស​ដែល​ធ្លាប់​រិះគន់ គ.ជ.ប បែរ​ជា​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ទៅ​វិញ៖ «អ្នក​ដែល​មិន​ពេញ​ចិត្ត ​នឹង​គណៈកម្មាធិការ បែរ​ជា​ចូល​មក​បោះ​ឆ្នោត​ដដែលៗ ថា​មិន​ចូល​ចិត្ត​រឿង​វា​អា​ចឹង វា​ឆ្ងល់​ដែរ អា​ហ្នឹង​វា​មិន​មែន​ជា​សារ​នយោបាយ​អី​ទេ ប៉ុន្តែ​រឿង​ចម្លែកៗ​នៅ​ស្រុក​ខ្មែរ វា​មាន​ដែរ មិន​មែន​មាន​តែ​នៅ​ស្រុក​ថៃ នោះ​ទេ។»

ក្រៅ​ពី​ចំអក​ឲ្យ​បក្ស​ប្រឆាំង លោក ហ៊ុន សែន ក៏​ថ្លែង​ប្រៀបធៀប​ការ​បោះ​ឆ្នោត​របស់​កម្ពុជា និង​ការ​បោះ​ឆ្នោត​នៅ​បរទេស​ទៀត​ផង។ លោក​បន្ត​ថា ប្រទេស​ថៃ ព្រះមហាក្សត្រ​ទទួល​ស្គាល់​ទាហាន​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ថា​ស្រប​ច្បាប់។ ចំណែក​ឯ​អ៊ុយក្រែន បោះ​ឆ្នោត​បណ្ដើរ លើក​ទ័ព​ប្រុង​ច្បាំង​បណ្ដើរ ចុះ​ហេតុ​អ្វី​បាន​ជា​កម្ពុជា បោះ​ឆ្នោត​ចប់ មហាក្សត្រ​ឡាយព្រះហស្តលេខា​ហើយ បែរ​ជា​នៅ​មាន​បញ្ហា​ដដែល​នោះ? លោក​បញ្ជាក់​ថា បញ្ហា​នៅ​កម្ពុជា មិន​មាន​អ្វី​ធំ​ដុំ​ឡើយ។

ទោះ​យ៉ាង​ណា​ក៏ដោយ ប្រមុខ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង លោក សម រង្ស៉ី និង​លោក កឹម សុខា បាន​ធ្វើ​សន្និសីទ​កាសែត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដោយ​ប្រកាស​ពី​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​កន្លង​ទៅ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​នេះ​អាច​ទទួល​យក​បាន តែ​គណបក្ស​នេះ​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​កែ​ទម្រង់ គ.ជ.ប ឲ្យ​ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ ហើយ​បក្ស​សង្គ្រោះ​ជាតិ ក៏​នៅ​តែ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ ពី​ឆ្នាំ​២០១៣ ដដែល។

លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ក្រុមប្រឹក្សា​ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កើន​សំឡេង​ឆ្នោត និង​កើន​អាសនៈ​ក្រុមប្រឹក្សា​ដូច​គ្នា។ សំឡេង​ឆ្នោត​ទាំង​នោះ​បាន​មក​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ដែល​សម្ដេច​ក្រុម​ព្រះ​ធ្លាប់​ដឹក​នាំ។

ចំណែក​ឯ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា ធ្លាប់​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ថា គ.ជ.ប. មិន​តប​នឹង​បក្ស​ប្រឆាំង​ឡើយ បើ​ទោះ​ជា​បក្ស​ប្រឆាំង​ចោទ គ.ជ.ប. ថា លម្អៀង ហើយ​ទទួល​យក ឬ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ក៏ដោយ​ចុះ ព្រោះ​នេះ​ជា​សិទ្ធិ​របស់​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​នឹង​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ ក្រុមប្រឹក្សា​នៅ​វេលា​ម៉ោង ៧ និង ៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា តាម​រយៈ​ទូរទស្សន៍​ជាតិ និង​វិទ្យុជាតិ​កម្ពុជា៕


No comments:

Post a Comment