Paris Peace Accords 23 Oct. 1991

Wednesday, May 28, 2014

ពលរដ្ឋ ​នៅ​ស្វាយរៀង ​ចោទ​អាជ្ញាធរ​ ថា​ មិន​អើពើ​ ពី​ការ​ នាំ​កូន​ជ្រូក ​ឈឺ​ ពី​វៀតណាម | Svay Rieng villages accuse the authority of indifference to sick pigs entering in from Vietnam

ពលរដ្ឋ ​នៅ​ស្វាយរៀង ​ចោទ​អាជ្ញាធរ​ ថា​ មិន​អើពើ​ ពី​ការ​ នាំ​កូន​ជ្រូក ​ឈឺ​ ពី​វៀតណាម

ដោយ ហ៊ុំ ចំរើន / RFA | ២៧ ឧសភា ២០១៤
ខេត្ត​ស្វាយរៀង ៦១០
១១-ឧសភា-២០១៤៖ ទី​រួម​ខេត្ត​ស្វាយរៀង។  Photo: RFA

ប្រជាពលរដ្ឋ ​នៅ​ស្រុក ​រមាសហែក ខេត្ត​ ស្វាយរៀង ចោទ​ប្រកាន់​ អាជ្ញាធរ​ស្រុក​ ថា មិន​អើពើ​ ឈ្មួញ ​នាំ​កូន​ជ្រូក ​ឈឺ​ ពី​ប្រទេស​ វៀតណាម ចូល​ តាម​ច្រក ​របៀង​ មក​លក់​ យ៉ាង​គគ្រឹក គគ្រេង​ នៅ​កម្ពុជា ទេ។  កូន​ជ្រូក​ ឈឺ​ ដែល​នាំ​ចូល ​មក​នោះ បាន​ចម្លង​ មេរោគ​ ដល់​ជ្រូក ​របស់​ អ្នក​ភូមិ ​នៅ​តាម​ជាយ​ដែន ងាប់​ ជា​បន្តបន្ទាប់។  ប៉ុន្តែ អភិបាល​ ស្រុក​ បញ្ជាក់​ថា ពុំ​ទទួល​ បាន​ព័ត៌មាន​ ការ​នាំ​ជ្រូក​ចូល ​មក​កម្ពុជា នៅ​ឡើយ, ហើយ​ លោក​ ថា​ នឹង​តាម​ដាន ​ការងារ​នេះ។

ប្រជាពលរដ្ឋ​ អំពាវនាវ​ សូមឲ្យ​អាជ្ញាធរ ​ប្រចាំ​ការ តាម​ច្រក ​ព្រំដែន​ កម្ពុជា-​វៀតណាម និង​មន្ត្រី​ពាក់ព័ន្ធ ចាត់​វិធានការ​ ទប់ស្កាត់​ ជា​បន្ទាន់ ដើម្បី ការពារ​ កុំ​ឲ្យ​ ជំងឺ​ ឆ្លង​មក​ជ្រូក ​របស់​ អ្នក​ភូមិ។

អ្នក​ភូមិ​ម្នាក់ លោក អ៊ឹម សំអូន រស់​នៅ​ភូមិ​តាសួស ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា កូន​ជ្រូក​រាប់​ពាន់​ក្បាល ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​របៀង​ត្រឡោកបែក ក្នុង​មួយ​ថ្ងៃ​ប្រមាណ ៥០​ទ្រុង ហើយ​មួយ​ទ្រុង​ពី ២០ ទៅ ៣០​ក្បាល​ជ្រូក ទាំង​យប់​ថ្ងៃ​មក​លក់​នៅ​កម្ពុជា យ៉ាង​គគ្រឹកគគ្រេង ដោយ​ពុំ​មាន​ការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ឡើយ។ លោក អ៊ឹម សំអូន បន្ត​ថា កូន​ជ្រូក​ដែល​នាំ​ចូល​មក​នោះ ភាគ​ច្រើន​ជា​ជ្រូក​ឈឺ ខ្លះ​បាន​ងាប់ ខណៈ​ដែល​ដឹក​តាម​រថយន្ត​ចូល​មក​នោះ ហើយ​បាន​ចម្លង​មេរោគ​ដល់​ជ្រូក​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ជាយ​ដែន​ងាប់ ​ជា​បន្តបន្ទាប់។
លោក អ៊ឹម សំអូន៖ «អឺ! ប៉ះពាល់​ដូច​ថា​វា​ដឹក​ជ្រូក​ពី​កើត​មក អា​ខ្លះ​ជួន​កាល​ទៅ​អា​ជ្រូក​ឈឺ​វា​ហ្នឹង វា​ក្រវាត់​ចោល​ពេញ​ហ្នឹង​ទៅ​លេង​ពេញ​ភូមិ​ណាស់! បាទ! ពេល​អ៊ីចឹង វា​ប៉ះពាល់​ប្រជាពលរដ្ឋ ឥឡូវ​អា​អ្នក​ចិញ្ចឹម​ជ្រូក​ម្នាក់ៗ​ងាប់​ទាំង​ទ្រុងៗ​ណោះ។ ហើយ​ដឹក​មក​ចេញ​ពី​យួន​មក មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​ប្រហែល​ជា ៥០​ទ្រុង​ដែរ។ ឥឡូវ​ជ្រូក​វា​ដឹក​ទៅ​ខាង​ព្រៃវែង វិញ​បង! ឥឡូវ​ថ្ងៃ​មិន​សូវ​ប៉ុន្មាន​ទេ ច្រើន​ដឹក​ចេញ​យប់​ហ្មង​បង!»

ចំណែក​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាសហែក ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា ឈ្មួញ​នាំ​កូន​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ភាគ​ច្រើន​ធ្វើ​សកម្មភាព​នៅ​ពេល​យប់​ចូល​មក​កម្ពុជា តាម​ច្រង​របៀង​ដោយ​សេរី ពុំ​មាន​អាជ្ញាធរ​ណា​ចេញ​មក​ទប់ស្កាត់​នោះ​ទេ។ លោក​បន្ត​ថា ជ្រូក​ដែល​នាំ​ចូល​មក​នោះ បង្ក​បញ្ហា​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ជាយ​ដែន ហើយ​បាន​ទៅ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ដោះស្រាយ​ច្រើន​លើក​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ហាក់​ធ្វើ​ព្រងើយ មិន​អើពើ​ពី​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ​ឡើយ៖ «រៀង​រាល់​បង! ដឹក​មាន​ថ្ងៃ​មាន​យប់​ដឹក បង​ចេញ​ជួន​កាល​ម៉ោង​៨​បាន​ចេញ​មក​ពី​វៀតណាម ជួន​កាល​ម៉ោង​៩​អ៊ីចឹង​ទៅ ហើយ​ជួន​កាល​ថ្ងៃ​ម៉ោង​២ ម៉ោង​៣។ ដឹក​ចេញ​មក​ហ្នឹង​មិន​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ទេ​បង! បាទ! ត្រួត​ពិនិត្យ​ម៉េច​ហ្នឹង​បាន បើ​នៅ​ពេល​យប់​ពី​ណា​មក​ត្រួត​ពិនិត្យ​បង!»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ការ​នាំ​កូន​ជ្រូក​ឈឺ​ពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​របៀង​មក​កម្ពុជា នេះ​នៅ​ឡើយ​ទេ។ លោក​ថា បញ្ហា​នេះ​ប្រសិន​បើ​មាន​មែន ករណី​នេះ​អាច​ពាក់ព័ន្ធ​នឹង​មន្ត្រី​ប្រចាំ​ការ​នៅ​ច្រក​ព្រំដែន ហើយ​លោក​នឹង​តាម​ដាន​ចាត់​វិធានការ​លើ​ការងារ​នេះ៖ «សូម​អធ្យាស្រ័យ វា​គ្មាន​លាភ​សក្ការៈ​អី​ទេ ចូល​មក​បើ​ចូល​មក​យប់​វា​មាន​តែ​វា​ត្រូវរ៉ូវ​ជាមួយ​ពួក​ឆ្លង​ដែន​ហ្នឹង បាន​ចូល​មក​បាន ហើយ​អាជ្ញាធរ​នេះ​គ្មាន​ដឹង​ទេ មេ​ភូមិ​មេ​ឃុំ គាត់​អត់​ទាន់​រាយការណ៍​ឲ្យ​ខ្ញុំ អត់​ទាន់​ណាស់! ខ្ញុំ​ឡើង​នៅ​ស្រុក​នេះ​វា​ក្ដាប់​ច្រើន ដល់​អ៊ីចឹង​វា​ក្ដាប់​អត់​បាន។ ចាំ​មើល​ខ្ញុំ​ព្យាយាម​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​រឿង​ហ្នឹង​ណាស់!»

តែ​យ៉ាង​ណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា កូន​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាំង​ពី​ចុង​ខែ​មេសា ជា​បន្តបន្ទាប់​រហូត​មក។ ចាប់​តាំង​ពី​ពេល​នោះ​មក កូន​ជ្រូក​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​តាម​ជាយ​ដែន​កម្ពុជា​វៀតណាម នៅ​ស្រុក​រមាសហែក ឈឺ​ងាប់​បន្ត​កន្ទុយ​គ្នា​ជា​ហូរហែ។ ក្រៅ​ពី​នោះ ការ​នាំ​កូន​ជ្រូក​ពី​ប្រទេស​វៀតណាម បាន​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ ខ្មែរ​នៅ​តាម​ជាយ​ដែន កូន​ជ្រូក​របស់​ពួក​គាត់​ធ្លាក់​ថ្លៃ គឺ​គ្មាន​ទីផ្សារ​សម្រាប់​លក់។ បញ្ហា​នេះ បើ​ពុំ​មាន​ការ​ទប់ស្កាត់​ទាន់​ពេល​ទេ អ្នក​ភូមិ​ដែល​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ នឹង​បាត់​បង់​អាជីព​នេះ​នៅ​ថ្ងៃ​ខាង​មុខ៕


No comments:

Post a Comment