សភា គ្រោងអនុម័ត សេចក្ដីព្រាងច្បាប់ ទាក់ទង តុលាការ នៅថ្ងៃ២០ ឧសភា
ដោយ ទីន ហ្សាការីយ៉ា / RFA | 13 May 2014
អ្នកច្បាប់ បានលើកឡើង ថា, ស
សភានឹងអនុម័តសេចក្ដីព្រាងច្បាប់ទាំងបីទាក់ទងនិងតុលាការ នៅថ្ងៃទី២០ ខែឧសភា ខាងមុខ ទោះបីជាស្ថានភាពនយោបាយស្ថិតនៅក្នុងភាពចម្រូងចម្រាស់ មិនទាន់ត្រូវរ៉ូវគ្នារវាងគណបក្សជាប់ឆ្នោតទាំង២ក្ដី។
សេចក្ដីព្រាងច្បាប់ដែលសភានឹងអនុម័តនោះរួមមាន សេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំអង្គការតុលាការ សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា។
ប្រធានគណៈកម្មការសេដ្ឋកិច្ច និងសវនកម្មនៃរដ្ឋសភា លោកបណ្ឌិតរដ្ឋ ជាម យៀប ឲ្យដឹងនៅថ្ងៃទី១២ ឧសភាថា គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា បានកំណត់កាលបរិច្ឆេទដើម្បីអនុម័តសេចក្ដីព្រាងច្បាប់នេះហើយ គឺនៅថ្ងៃអង្គារ ទី២០ ឧសភា។ លោកបន្ថែមថា សេចក្ដីព្រាងច្បាប់នេះរដ្ឋាភិបាលបានធ្វើឡើងជាង ១០ឆ្នាំមកហើយ ទើបតែពេលនេះសភានឹងអនុម័តក្នុងសប្ដាហ៍ក្រោយ៖ «នីតិកាល ទី៣ ធ្វើមិនចេញ ហើយនីតិកាលទី៤ ក៏មិនចេញរួច ទើបដល់ដើមនីតិកាលទី៥ ទើបបានចេញរួច ដោយមានការឧបត្ថម្ភពីអ្នកច្បាប់បារាំង និង ចៃកា ដែលជាអ្នកជួយដល់ក្រសួងយុត្តិធម៌កន្លងមកបានច្បាប់ហ្នឹងចេញបាន។»
លោក ជាម យៀប អះអាងថា រដ្ឋាភិបាលនឹងធ្វើច្បាប់បីទៀត គឺច្បាប់ស្ដីពីតុលាការពាណិជ្ជកម្ម ច្បាប់ស្ដីពីតុលាការការងារ និងច្បាប់ស្ដីពីតុលាការរដ្ឋបាល៖ «សព្វថ្ងៃដូចជាជម្លោះខាង ពាណិជ្ជកម្ម យើងឲ្យតុលាការទូទៅកាត់ក្ដី។ មិនមែនមើលស្រាលលើគាត់ទេ។ ចេះឯងឲ្យក្រែងចេះគេ ជួនកាលគាត់អត់បានដឹងអំពីយុត្តិសាស្ត្រ ឬយុទ្ធវិធី ឬបច្ចេកទេសនៃការងារពាណិជ្ជកម្មច្បាស់លាស់។ កាលណាចៅក្រមមិនយល់អំពីការងារហ្នឹង មានពេលខ្លះអាចកាត់ក្ដីទៅអគតិ មិនសមស្រប ឬអយុត្តិធម៌ក៏មានដែរ...។»
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឆ្លើយតបថា ការអនុម័តសេចក្ដីព្រាងច្បាប់របស់សភាឯកបក្សនៅពេលនេះ មិនឆ្លុះបញ្ចាំងពីការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទេ គឺច្បាប់នេះ បម្រើផលប្រយោជន៍ឲ្យគណបក្សកាន់អំណាចច្រើនជាង។ លោក កឹម សុខា អះអាងថា សមាជិកសភាគណបក្សសង្គ្រោះជាតិ ក៏ចង់ចូលសភាដែរតែលុះត្រាណាសភានោះ អាចធ្វើការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋជាធំ មិនមែនសភាបម្រើឲ្យគណបក្សដូចបច្ចុប្បន្ននេះទេ។
មេធាវីប្រធានការិយាល័យក្រុមអ្នកច្បាប់អមរិន្ទ្រ លោកបណ្ឌិត សុក សំអឿន មានប្រសាសន៍ថា សភានឹងអនុម័តសេចក្ដីព្រាងច្បាប់ នៅខណៈដែលគណបក្សជាប់ឆ្នោតមួយទៀត គឺគណបក្សសង្គ្រោះជាតិមិនព្រមចូលសភានោះ មិនឆ្លុះបញ្ចាំងពីសភានៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យនោះ ទេ៖ «និយាយរឿងផ្លូវច្បាប់យើងពិបាក និយាយថាខុសត្រូវណាស់ ច្បាប់ហ្នឹងកើតឡើងត្រូវគោរព។ គ្រាន់តែថាធម្មតាអាចពាក់ព័ន្ធនឹងនយោបាយ វាអាចគ្រាន់តែបង្ហាញឃើញថា គណបក្សកាន់អំណាចគាត់អត់ខ្វល់នឹងប្រជារាស្ត្រ អ៊ីចឹងវាអាចប៉ះពាល់កិត្យានុភាពរបស់គណបក្សចំពោះប្រជារាស្ត្រ។»
សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំអង្គការតុលាការមាន ៨ជំពួក និង ៩១មាត្រា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្ដម ក្រុមប្រឹក្សានៃអង្គចៅក្រម មាន ៦ជំពួក និង ១១មាត្រា និងសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ៦ជំពូក និង ៣១មាត្រា។
របាយការណ៍ឃ្លាំមើលសភារយៈពេល៦ខែ របស់អង្គការខុមហ្វ្រែល រកឃើញថា ក្នុងឆមាសដំបូងនៃរដ្ឋសភានីតិកាលទី៥ ចាប់ពីខែកញ្ញាឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ ការអនុម័តសេចក្ដីព្រាងច្បាប់ភាគច្រើនសំឡេង ៦៦ លើ ៦៦សំឡេង ដូចជាសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងមុខងារសាធារណៈ និងច្បាប់ផ្សេងៗទៀតជាដើម។
នៅក្នុងការពិភាក្សានិងអនុម័តច្បាប់នេះ តំណាងរាស្ត្រមានតែសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា តែមួយ នោះស្ទើរតែមិនបានជជែកវែកញែកឲ្យបានផុលផុសនោះឡើយ។ ខុមហ្វ្រែលវាយតម្លៃថា ដំណើរការរដ្ឋសភានីតិកាលទី៥នេះ ដែលជាសភាឯកបក្សមិនអាចបំពេញតួនាទីរបស់ខ្លួនបានល្អទេ៕
No comments:
Post a Comment