ស្ត្រីពីរនាក់លើកបដាដែលមានន័យថា យុត្តិធម៌សម្រាប់អ្នកសារព័ត៌មាន នាខាងមុខពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣។
RFA/Tin Zakariya
កម្ពុជា នៅតែ ជាប់ចំណាត់ថ្នាក់ ជាប្រទេស គ្មានសេរីភាព សារព័ត៌មាន
ដោយ យន់ សាមៀន / អាស៊ីសេរី | ០២ ឧសភា ២០១៤
អង្គការ ឃ្លាំមើលសេរីភាព អន្តរជាតិ ហ្វ្រីដឹម ហៅស៍ (Freedom House) កាលពីថ្ងៃព្រហស្បតិ៍ ទី១ ឧសភា បានចេញរបាយការណ៍មួយ ស្ដីពី សិទ្ធិសេរីភាព សារព័ត៌មាន សម្រាប់ឆ្នាំ២០១៤ រកឃើញថា សេរីភាព ផ្នែកសារព័ត៌មាន ពិភពលោក បន្តធ្លាក់ចុះ។ របាយការណ៍នេះ បន្តដាក់ចំណាត់ថ្នាក់ ប្រទេសកម្ពុជា នៅក្នុងប្រទេសប្រភេទ ប្រទេស ដែលគ្មាន សេរីភាព។
សេរីភាពសារព័ត៌មានពិភពលោក បានធ្លាក់ចុះរហូតដល់ចំណុចទាបបំផុតនៅក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ។ ការធ្លាក់ចុះនេះ ដោយសារមានការគាបសង្កត់នៅតាមប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា និងនៅសហភាពអឺរ៉ុប។ ចំណែកនៅប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក វិញ មានតែពលរដ្ឋចំនួន ២% នៃពលរដ្ឋទូទាំងតំបន់ អាចទទួលបានសារព័ត៌មានសេរី កាលពីឆ្នាំ២០១៣។
នាយកគម្រោងរបាយការណ៍សេរីភាពសារព័ត៌មាននៃអង្គការហ្វ្រីដឹមហៅស៍ លោក ការ៉ីន កាកេកា (Karin Karkekar) មានប្រសាសន៍ថា សេរីភាពសារព័ត៌មានបន្តធ្លាក់ចុះ ដោយសាររដ្ឋាភិបាលព្យាយាមរឹតត្បិត និងដាក់ទោសអ្នកសារព័ត៌មាន។ រដ្ឋាភិបាលមួយចំនួន និងស្ថាប័នឯកជនមួយចំនួន ធ្វើការវាយប្រហារលើអ្នកសារព័ត៌មាន និងព្យាយាមរារាំងអ្នកសារព័ត៌មាន មិនឲ្យមានឱកាសយកព័ត៌មាន ការគ្រប់គ្រងខ្លឹមសារព័ត៌មាន ហើយមានករណីខ្លះ អ្នកសារព័ត៌មានត្រូវបានបណ្ដេញចេញពីការងារដោយសារតែគំនាបនយោបាយ។
ប្រទេសកម្ពុជា ជាប់លេខរៀងទី១៤៧ ជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេស១៩៧។ ចំណាត់ថ្នាក់នៅកម្ពុជា ប្រសើរជាងប្រទេស សិង្ហបុរី ភូមា ឬ មីយ៉ាន់ម៉ា វៀតណាម ចិន និងកូរ៉េខាងជើង។ កូរ៉េខាងជើង ជាប្រទេសជាប់លំដាប់អាក្រក់បំផុតផ្នែកសេរីភាពសារព័ត៌មាន ចំណែកឯប្រទេសស៊ុយអែត ជាប្រទេសទទួលបានចំណាត់ថ្នាក់ល្អបំផុតលើពិភពលោកផ្នែកសេរីភាពសារព័ត៌មាន។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កំពុងបន្តធ្លាក់ចុះបន្ថែមទៀតនៅដើមឆ្នាំ២០១៤ នេះ ដោយសារសមត្ថកិច្ចរដ្ឋាភិបាលប្រើប្រាស់អំពើហិង្សាទៅលើអ្នកសារព័ត៌មាន និងប្រើប្រាស់តុលាការដើម្បីគំរាមកំហែងអ្នកសារព័ត៌មាន។ ថ្មីៗនេះ ក្នុងការបង្ក្រាបរបស់សមត្ថកិច្ចប្រឆាំងនឹងក្រុមកម្មករកាត់ដេរ និងបាតុករគណបក្សសង្គ្រោះជាតិ សមត្ថកិច្ចបានប្រើហិង្សាទៅលើអ្នកសារព័ត៌មាន ដែលទៅយកព័ត៌មានព្រឹត្តិការណ៍ទាំងនោះ។ កាលពីឆ្នាំ២០១៤ លោក សួន ចាន់ ភ្នាក់ងារកាសែតមាគ៌ាកម្ពុជា ប្រចាំខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមជនសង្ស័យវាយសម្លាប់ ក្រោយពេលលោកផ្សាយអត្ថបទមួយចំនួនពាក់ព័ន្ធនឹងការនេសាទត្រីខុសច្បាប់។
លោក អ៊ូ វីរៈ កត់សម្គាល់ថា វិបត្តិនយោបាយនៅកម្ពុជា បានអនុញ្ញាតឲ្យរដ្ឋាភិបាលឆ្លៀតឱកាសធ្វើការគំរាមកំហែងបន្ថែមទៀត ទៅលើអ្នកសារព័ត៌មាន៖ «ដោយសារឥឡូវនេះ គឺពីចុងឆ្នាំ២០១៣ មក ចាប់ពីការបោះឆ្នោត ហើយមានការបើកចំហគ្រាន់បើ ប៉ុន្តែដោយសារមានការចរចាគ្នា តែបច្ចុប្បន្ននេះហើយអត់ឃើញមានការបើកចំហ ឬមួយក៏ធូរស្រាល ហាក់មានការរឹតត្បិតទូទៅតែម្តង»។
របាយការណ៍មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សាយកាលពីខែកុម្ភៈ បង្ហាញថា សារព័ត៌មានក្នុងទម្រង់បោះពុម្ព វិទ្យុក្នុងស្រុក និងទូរទស្សន៍ ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតនៅកម្ពុជា ហើយគ្រប់ស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មានខ្មែរល្បីៗ ជាកម្មសិទ្ធិ ឬក៏គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
សារព័ត៌មានចំនួន៣០ ដែលបោះពុម្ពផ្សាយជាប្រចាំក្នុងប្រទេស ភាគច្រើនជាមុខសញ្ញារបស់រដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ។ ស្ថានីយឯករាជ្យមួយក្នុងចំណោម៤ ក្នុងប្រទេស គឺស្ថានីយវិទ្យុសំបុកឃ្មុំ បានប្រឈមការរឹតត្បិតជាច្រើនលើកច្រើនសា និងបានបិទស្ថានីយមិនឲ្យចាក់ផ្សាយជាច្រើនដង៕
No comments:
Post a Comment