ជនរងគ្រោះ ក្នុងការប៉ះទង្គិចគ្នាជាមួយសន្តិសុខខណ្ឌដូនពេញ (រូបថត៖ ឡាយ សាមាន)
បុរសម្នាក់ របួសក្បាល ដោយសារ ការបំបែក របស់ អាជ្ញាធរ មុនការទៅដល់ របស់ ថ្នាក់ដឹកនាំ CNRP
ដោយ៖ ឡាយ សាមាន / វីអូឌី | ថ្ងៃសុក្រ ទី2 ខែឧសភា ឆ្នាំ2014
បុរសម្នាក់ បានរងរបួសក្បាល ក្នុងការប៉ះទង្គិចគ្នាមួយប្រាវ រវាង មន្ត្រីសន្តិសុខ គណបក្ស សង្គ្រោះជាតិ និងក្រុមសន្តិសុខ ខណ្ឌដូនពេញ ខណៈដែល អាជ្ញាធរ បានបន្ថែមកម្លាំង ការពារទីលានប្រជាធិបតេយ្យ ព្រោះដឹង ថាលោក សម រង្ស៊ី នឹងជួបជុំ អ្នកគាំទ្រ លោក នៅទីនោះ។
នៅរសៀលនេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយខែល និងក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណ៣០០ ទៅ៤០០នាក់ បានដាក់ពង្រាយនៅក្បែរស្ពាននាគ និងនៅក្បែរវត្តភ្នំ ហើយបរិវេណទីលានប្រជាធិបតេយ្យ នៅតែបន្តហ៊ុមព័ទ្ធដោយលួសបន្លា និងរនាំងការពារ ដោយមិនអនុញ្ញាតឲ្យនណាម្នាក់ចូលទៅកាន់ទីនោះឡើយ។
តែទោះជាយ៉ាងណា នៅពេលដែលមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន បានទៅដល់ទៅនោះ នៅម៉ោងជាង៣រសៀលនេះ ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានព្យាយាមបំបែកដោយប្រើហិង្សា បណ្តាលឲ្យបុរសម្នាក់ឈ្មោះ ពេជ្រ សំណាង រងរបួសក្បាល នៅពេលដែលបុរសរូបនោះ ព្យាយាមការពារមន្ត្រីគណបក្សសង្គ្រោះជាតិមួយរូប។
ការបន្ថែមកម្លាំងរបស់អាជ្ញាធររាជធានីភ្នំពេញ នៅតំបន់នោះ ធ្វើឡើងខណៈលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ គ្រោងនឹងជួបជុំជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួន នៅម៉ោង ៤រសៀលនេះ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រោងជួបជុំជាមួយសមាជិករបស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ស្រុក-ខណ្ឌ បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សនេះ បានចុះទៅភូមិព្រែកបិ ឃុំកោះធំ-ខ ស្រុកកោះធំ ខេត្តកណ្តាល ដើម្បីបើកយុទ្ធនាការឃោសនាថ្ងៃដំបូង៕
No comments:
Post a Comment