សហរដ្ឋ អាមេរិក ជំរុញ ឲ្យមាន លទ្ធិប្រជាធិបតេយ្យ ឡើងវិញ ក្នុងប្រទេស ថៃ
VOA | ២៤ ឧសភា ២០១៤
ក្រសួង ការបរទេស សហរដ្ឋ អាមេរិក កំពុងជំរុញ ឲ្យពួកយោធា ដាក់ ឲ្យមាន រដ្ឋាភិបាល ស៊ីវិល ឡើងវិញ ធ្វើឲ្យប្រទេស វិលត្រឡប់ ទៅកាន់ ប្រជាធិបតេយ្យវិញ, ហើយ នឹងគោរព សិទ្ធិមនុស្ស និងសេរីភាព សំខាន់ៗ។
លោករដ្ឋមន្រ្តី ការបរទេស សហរដ្ឋ អាមេរិក John Kerry បាននិយាយ ខ្លាំងៗ នៅក្នុង សេចក្តីថ្លែងការណ៍ ថា, «គ្មាន មូលហេតុ សមរម្យ សម្រាប់ រដ្ឋប្រហារ យោធា នេះទេ។»
លោកស្រី Kristie Kenney ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ បានប្រាប់ VOA ថា ការដណ្តើមអំណាចខាងយោធា នឹងមានភាពសាំញ៉ាំសម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលមានតាំងពីឆ្នាំ១៨៨៣។
«រដ្ឋប្រហារក្នុងប្រទេសថៃ នឹងមានផលអវិជ្ជមាន។ មានការសើរើពិនិត្យមើលថ្នាក់ខ្ពស់ឡើងវិញនៅក្នុងរដ្ឋធានីវ៉ាស៊ីន តោនដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកពីជំនួយរបស់យើងហើយនឹងការពាក់ព័ន្ធ របស់យើងជាមួយថៃ ជាពិសេសជាមួយយោធាថៃ»។
ថៃ ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាមេរិកនៅក្នុងតំបន់ភូមិភាគអាស៊ី អាគ្នេយ៍។ ប្រទេសទាំង២ បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងតំបន់ហៅថា «ពស់វែកមាស ឬ Cobra Gold » ក៏ប៉ុន្តែ ក៏មានកិច្ចសហប្រតិបត្តិការសំខាន់ៗនៅក្នុងវិស័យនានាចាប់តាំងពី សុខភាពសាធារណៈដល់ការការពារសត្វព្រៃ។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មានប្រសាសន៍បន្តទៀតថា រដ្ឋប្រហារកាលពីថ្ងៃព្រហស្បត៍ ដែលបានព្យួររដ្ឋធម្មនុញ្ញដែរនោះ ហើយបានដាក់បម្រាមគោចរណ៍នៅពេលយប់ជា «ការភ្ញាក់ផ្អើលបន្តិចដល់យើងទាំងអស់គ្នា» ថ្វីបើមានការលំបាកខាងនយោបាយអស់រយៈពេលជាច្រើនខែដែលបាននាំឲ្យ មានរដ្ឋប្រហារហើយការដាក់ច្បាប់អាជ្ញាសឹកដោយអគ្គមេបញ្ជារការ យោធាកាលពីព្រឹកថ្ងៃអង្គារ។
«មានសញ្ញាថា អ្វីៗ មិនជាធម្មតា។ ក៏ប៉ុន្តែ និយាយតាមការពិត មុនពេលការប្រកាស បានកើតមានឡើង ភាគីពាក់ព័ន្ធទាំងអស់ បានជួបជុំគ្នា ខ្ញុំ គិតថា យើងទាំងអស់គ្នា បានគិតថា មានឱកាសយ៉ាងច្រើននៃការសន្ទនាគ្នាពិតប្រាកដដែលយើងទាំងអស់គ្នា បានស្វែងរក»។
បន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃព្រហស្បត៍ សេចក្តីរាយការណ៍ ចុះផ្សាយនៅក្នុងប្រព័ន្ធ Internet បាននិយាយស្មានៗថា នាយករដ្ឋមន្រ្តីស្តីទីនិងសមាជិកផ្សេងទៀតរបស់គណៈរដ្ឋមន្រ្តីដែល ត្រូវបានគេបណ្តេញចេញពីតំណែង បានជ្រកពួនក្នុងស្ថានទូតសហរដ្ឋអាមេរិក។
លោកស្រីឯកអគ្គរដ្ឋទូត Kenney បានបដិសេធសេចក្តីរាយការណ៍នោះហើយ បានមានប្រសាសន៍ថា សេចក្តីរាយការណ៍ទាំងនោះ ចង្អុលបង្ហាញដល់ភាពគ្រោះថ្នាក់នៃការរឹតត្បិតរបស់មេដឹកនាំរដ្ឋ ប្រហារលើសេរីភាពហើយនឹងបណ្តាញផ្សាយព័ត៌មាន។
«លោកនិងខ្ញុំ អាចសន្ទនាគ្នានៅទីនេះដែលប្រជារាស្រ្តក្នុងប្រទេសថៃ មិនមានលទ្ធភាពសន្ទនាគ្នា។ ដូច្នេះ ការណ៍នេះ នាំឲ្យមានពាក្យចចាមអារ៉ាមយ៉ាងច្រើន ពីព្រោះតែ គ្មានទូរទស្សន៍ វិទ្យុ ការពិភាក្សាជាធម្មតា។ ហើយ ខ្ញុំ គិតថា នេះ ជាគ្រោះថ្នាក់បំផុតនៅក្នុងសង្គម»។
សេចក្តីថ្លែងការណ៍ប្រើពាក្យពេចន៍ខ្លាំងៗរបស់ក្រសួងការបរទេសសហរដ្ឋ អាមេរិកកាលពីថ្ងៃព្រហស្បត៍ បានហៅ ការដណ្តើមយកអំណាចដោយកម្លាំងយោធារបស់ថៃថា ជា «រដ្ឋប្រហា» ដែលផ្ទុយពីប្រតិកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដល់ស្ថានភាពក្នុង ប្រទេសអេហ្ស៊ីបកាលពីឆ្នាំទៅ។ នៅពេលដែលយោធារបស់អេហ្ស៊ីប បានទម្លាក់រដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោត ពួកមន្រ្តីសហរដ្ឋអាមេរិក មិនបានចាត់ទុកសកម្មភាពនោះថា ជារដ្ឋប្រហារទេ។
ពួកអ្នកវិភាគ និយាយថា ប្រតិកម្មខុសគ្នា អាចត្រូវពន្យល់មួយផ្នែកដោយពីរបៀបនៃការប្រើវាក្យស័ព្ទ អាចមានផលប៉ះពាល់ជំនួយបរទេស។
នៅក្រោមច្បាប់ជំនួយបរទេស សហរដ្ឋអាមេរិក ត្រូវព្យួរជំនួយដល់ប្រទេសនានាដែល មានរដ្ឋប្រហារយោធា។
អេហ្ស៊ីប ទទួលជំនួយបរទេសប្រហែល១ពាន់៥រយលានដុល្លាពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
បន្ទាប់ពីរដ្ឋប្រហារក្នុងប្រទេសថៃ កាលពីឆ្នាំ២០០៦ សហរដ្ឋអាមេរិក បានព្យួរជំនួយខាងហ្វឹកហាត់យោធានិងការថែររក្សាសន្តិភាព ក៏ប៉ុន្តែ មានតម្លៃសរុបតែ២៤លានដុល្លាទេ៕
No comments:
Post a Comment