លោកស្រីហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ.
RFI/ Siv Channa
មន្ត្រី សិទ្ធិមនុស្ស ជាន់ខ្ពស់ ជំរុញឱ្យ រដ្ឋាភិបាល បើក ទីលានប្រជាធិបតេយ្យ
ដោយ ស៊ុន មេសា / RFI | ០២ ឧសភា ២០១៤
នៅរសៀលថ្ងៃសុក្រទី២ ឧសភា នេះ ក្នុងសន្និសីទសារព័ត៌មាន នៅការិយាល័យ អង្គការ សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរង សិទ្ធិមនុស្ស របស់ អង្គការ សហប្រជាជាតិ បានជំរុញឱ្យ រដ្ឋាភិបាលកម្ពុជា ដកបម្រាម បិទទីលានប្រជាធិបតេយ្យ ចេញ។ ការជម្រុញបែបនេះ គឺ ខណៈពេល ដែលទីលានប្រជាធិបតេយ្យ ត្រូវបានរដ្ឋាភិបាល ប្រកាសបិទ ក្រោមហេតុផល ស៊ើបអង្កេត តាំងពីដើមខែមករា។
“ខ្ញុំជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដកបម្រាមបិទទីលានប្រជាធិបតេយ្យចេញជាបន្ទាន់” នេះជាប្រសាសន៍របស់លោកស្រីហ្វ្លាវា ផាន់សៀរី ដែលបានបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបញ្ចប់ទស្សនៈកិច្ចរស់លោកស្រីនៅកម្ពុជា។
លោកស្រីបានបញ្ជាក់ថាការបើកទីលានប្រជាធិបតេយ្យឡើងវិញ គឺដើម្បីធានាឱ្យប្រជាពលរដ្ឋទាំងអស់អាចអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំ។ សូមបញ្ជាក់ថារដ្ឋាភិបាលបានបិទទីលានប្រជាធិបតេយ្យតាំងពីដើមខែមករាមកក្រោយការផ្ទុះអំពើហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងជាប់ឃុំ កាលពីដើមខែមករា។
ទាក់ទងនឹងអំពើហិង្សានេះ លោកស្រី ឧត្តមស្នងការរងបានសម្តែងការសោកស្តាយជាខ្លាំងចំពោះអំពើហិង្សានេះ ហើយលោក ស្រី ក៏មិនភ្លេចឡើយការអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ចាត់វិធានការចាប់ជនដៃដល់ដាក់ទោសតាមច្បាប់ជាធរមាន។ ចំណែកឯអំពើហិង្សាទៅលើបុរសម្នាក់ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា លោកស្រីហ្វ្លាវា ក៏បានលើកឡើងថា វាជាការសោកស្តាយ ហើយថាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាបានធ្លាក់មួយកម្រិតខណៈដែលកម្ពុជាបានគោរពសិទ្ធមញ្ចេញមតិ និងសិទ្ធការជួបជុំត្រូបានធានានៅកម្ពុជា។
ដោយសារតែមានអំពើហិង្សានៅកម្ពុជាផ្ទូនរយៈពេលចុងក្រោយនេះ លោកស្រី ហ្វ្លាវា ក៏បានក្រើនរម្លឹកដល់រដ្ឋាភិបាលកម្ពុជាពីកាតព្វកិច្ចរបស់រដ្ឋក្នុងការគោរតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក្នុងការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីផងដែរ។
សូមរម្លឹកថា លោកស្រីហ្វ្លាវា ផាន់សៀរី បានបំពេញទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេល៥ថ្ងៃនៅកម្ពុជា ក្នុងនោះលោកស្រីបានជួបជាមួយប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោក ឱម យិនទៀង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងមន្ត្រីអង្គការសង្គមស៊ីវិល។
ក្នុងសន្និសីទសារព័ត៌មានប្រមាណ៣០នាទី លោកស្រី ហ្វ្លាវា ផាន់សៀរី ក៏បានលើកឡើងបន្ថែមពីបញ្ហានីតិរដ្ឋ កំណែទម្រង់ច្បាប់ប្រព័ន្ធតុលាកានៅកម្ពុជា កំណែទម្រង់ប្រព័ន្ធពន្ធនាគារ បញ្ហាដីធ្លី និងបញ្ហាការសុំសិទ្ធិជ្រកកោនផងដែរ។ ក្រៅពីបញ្ហាការបើកទីលានប្រជាធិបតេយ្យឡើងវិញ លោកស្រីឧត្តមស្នងការរង ហ្វ្លាវា ផាន់សៀរី បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបន្តកំណែទម្រង់របស់ខ្លួន ហើយថាកម្ពុជាអាចធ្វើបាន៕
No comments:
Post a Comment