Paris Peace Accords 23 Oct. 1991

Thursday, May 15, 2014

សមាគម​ វៀតណាម​ គ្រោង​ធ្វើ​បាតុកម្ម​ ប្រឆាំង​រដ្ឋាភិបាល ​ចិន​ មុខ​ទូត​ចិន​ ប្រចាំ​កម្ពុជា

សមាគម​ វៀតណាម​ គ្រោង​ធ្វើ​បាតុកម្ម​ ប្រឆាំង​រដ្ឋាភិបាល ​ចិន​ មុខ​ទូត​ចិន​ ប្រចាំ​កម្ពុជា

ដោយ ទេព សុរ៉ាវី / RFA | 15 May 2014
វៀតណាម ៦១០
ជនជាតិ​វៀតណាម​កាន់​ទង់ជាតិ​តវ៉ា​មុខ​រោងចក្រ​ នា​ខេត្ត​ប៊ិញយឿង (Binh Duong) ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ២០១៤។  Photo: AFP


សមាគម​សហព័ន្ធ​ ខ្មែរ​-វៀតណាម​ ប្រចាំ​កម្ពុជា​ ប្រតិកម្ម​ ចំពោះ​ ការដាក់​ពង្រាយ​ ឧបករណ៍​ បូម​ប្រេង​ របស់​ ប្រទេស​ចិន នៅ​ក្នុង​ដែន​ទឹក​ កំពុង​ មាន​ជម្លោះ​ ជាមួយ​ ប្រទេស​វៀតណាម។   សមាគម​សហព័ន្ធ​ ខ្មែរ​-វៀតណាម​ ប្រចាំ​កម្ពុជា ដែល​មាន​សមាជិក​ ៥​ពាន់​នាក់ បាន​ជួប​ប្រជុំ​ ពិភាក្សា​គ្នា ដើម្បី​ ត្រៀម​ប្រឆាំង​ បក​ទៅ​រដ្ឋាភិបាល​ ចិន ​វិញ ​នៅមុខ​ស្ថានទូត​ ចិន​ ប្រចាំ​កម្ពុជា   ទាក់ទង​ នឹង​ការ​ឈ្លានពាន​ ដែន​សមុទ្រ​ នៅ​ភាគ​ ខាងត្បូង​ នៃ​ប្រទេស​ វៀតណាម។   អាជ្ញាធរ​ខ្មែរ​ ព្រមាន​ថា​ ទឹកដី​កម្ពុជា មិន​អនុញ្ញាត​ ឲ្យ​ជនបរទេស ប្រើប្រាស់​ ប្រឆាំង​ នឹង​ប្រទេស​ ណាមួយ​ទេ,  ហើយ​ នឹង​ចាត់​វិធានការ​ តាម​ច្បាប់​ ចំពោះ​ ការ​រឹង​ ទទឹង​ធ្វើបាតុកម្ម​ក្នុង​ ទឹកដី​កម្ពុជា។


មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ បញ្ជាក់​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិនបាន​ចែង​ឬ​ផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ ហើយ​ថែមទាំង​ព្រលយ​ពាក្យ​ថា​ចំណងមិត្តភាព​ម៉ឺន​ឆ្នាំ​រវាង​កម្ពុជា និង​វៀតណាម ក៏​មិន​បន្ទន់​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ បាន​ដែរ។

ការ​លើក​ឡើង​នេះ គឺ​នៅ​ពេល​ដែល​ខាង​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា កំពុង​ត្រៀម រៀបចំ​សកម្មភាព​មួយ​ចំនួន ដើម្បី​ប្រឆាំង​និង​រដ្ឋាភិបាល​ចិន។ សមាគម​នេះ​ក៏​គ្រោង​ធ្វើបាតុកម្ម​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ចិន នៅ​ខាង​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ខណៈ​ដែល​ជនជាតិ​និង​អាជ្ញាធរ​វៀតណាម កំពុង​ផ្ទុះ​កំហឹង​កញ្ជ្រោល​ទាមទារ ឲ្យ​ប្រទេស​ចិន​ដក​ឧបករណ៍​បូម​ប្រេង​ក្នុង​ដែនសមុទ្រ ភាគ​ខាងត្បូង ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម។

​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា លោក ស៊ឹម ជី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា​ត្រៀម ធ្វើ​សកម្មភាព​ខ្លះ​ប្រឆាំង​និង​ប្រទេស​ចិន។ តែ​លោក​មិនបាន​ទម្លាយ​ថា​សកម្មភាព​ប្រឆាំង​ទាំងនោះ និង​ធ្វើ​តាមរយៈ​រូបភាព​ណាខ្លះ​ទេ។ លោក​គ្រាន់តែ​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​ធ្វើ​ឡើង​នា​ពេល​ខាងមុខ៖ «គម្រោង​របស់​សមាគម​ខ្ញុំ​មិន ​ទាន់​មាន​គម្រោង​ថា​ធ្វើបាតុកម្ម​ទេ កំណត់​ពេលណា​នឹង​ខ្ញុំ​នឹង​ជម្រាប​ពេល​ក្រោយ។ ប៉ុន្តែ​ខ្ញុំ​នឹង​មាន​សកម្មភាព​ខ្លះៗ​ចំពោះ​ការ​ប្រឆាំង​នឹង​រដ្ឋ​ចិន។»

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់​ប្រកាស​ជា​ចំហ​រថា​ប្រទេស​វៀតណាម​ជា​មហាមិត្ត​ជាមួយ​កម្ពុជា។ តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ ប្រាប់​ថា​ចំណងមិត្តភាព​ស្និទ្ធស្នាល​ជាមួយ ប្រទេស​វៀតណាម មិនមែន​មានន័យថា​កម្ពុជា​ត្រូវតែ អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត ដោយ​មិន​គោរព​ច្បាប់​ឡើយ។ លោក ខៀវ សុភ័ក្រ បញ្ជាក់​ថា​កម្ពុជា​គោរព​ច្បាប់ និង​ប្រទេស​មាន​អព្យាក្រឹត​អចិន្ត្រៃយ៍ ហើយ​ប្រសិនបើ​សមាគម​វៀតណាម​នៅតែ​រឹងទទឹង​យក​ទឹកដី​កម្ពុជា ជា​កន្លែង​តវ៉ា​ប្រឆាំង​ចិន​នោះ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាមច្បាប់៖ «កម្ពុជា ​របស់​យើង​ជា​ប្រទេស​អព្យាក្រឹត​អចិន្ត្រៃយ៍​មិន​ប្រកាន់​ថា​ខាង​ណា​ទេ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​បរទេស​ដាក់​ទីតាំង​យោធា ក្នុង​ទឹកដី​យើង​ទេ​ក្នុង​ន័យ​នេះ​ថា​បានសម្រេច​ក្ដី​ថា មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​ទៀត​មិន​ថា​ប្រទេស​ចិន​ទេ ប្រទេស​ណា​ក៏​ដោយ​និយាយ​ជា​រួម​ទោះបីជា​អាមេរិក​ក៏​មិន​ឲ្យ​ធ្វើ ចិន​ក៏​មិន​ឲ្យ​ធ្វើ។»

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រួយបារម្ភ​ថា​រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ពិបាក​ក្នុង​ការ​សម្រេចចិត្ត នៅ​ពេល​ដែល​មហាមិត្ត​ទាំងពីរ គឺ​ប្រទេស​វៀតណាម​និង​ចិន ឈ្លោះ​គ្នា​រឿង​ដណ្ដើម​ដែន​កោះ។ លោក​បន្ត​ថា​ត្បិត​រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ពី​ភាព​អព្យាក្រឹត និង​ឯករាជ្យ​របស់​ប្រទេស ប៉ុន្តែ​ជា​បទពិសោធន៍​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​នូវ​ប្រតិកម្ម​ជនបរទេស ដែល​ចង់​យក​ទឹកដី​កម្ពុជា​ជា​កន្លែង​ឃោសនា ឬ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ។ លោក​បាន​លើក​ឧទាហរណ៍​ថា កាលដែល​ប្រទេស​ថៃ​វឹកវរ​ផ្នែក​នយោបាយ ហើយ​ហាម​មិន​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន ចូល​ប្រទេស​បាន​នោះ ស្រាប់តែ​លោក ថាក់ ស៊ីន បាន​មក​ឃោសនា និង​ជួប​អ្នកគាំទ្រ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដោយមាន​អ្នកគាំទ្រ​ច្រើន​ពាន់​នាក់​ចូលរួម ហើយ​ប្រទេស​វៀតណាម​អាច​ប្រើ​វិធី​ស្រដៀង​គ្នា​នេះ ដោយ​យក​ចំណងមិត្តភាព យក​មក​ដាក់​មុខ​ឲ្យ​កម្ពុជា​ពិបាក បដិសេធ​សំណើ​របស់​ខ្លួន៖ «ចុះបើ​ជនជាតិ​យួន​ធ្វើ​បាន ចុះ​ជនជាតិ​ចិន​ធ្វើ​បានទេ? ម្ល៉ោះ​ហើយ​វា​ទៅជា​មាន​ចម្បាំង​រវាង​ជនជាតិ​ទាំងពីរ​ដែល​មាន​វត្តមាន​នៅ​កម្ពុជា មិន​ជា​ការ​ល្អ​ទេ​សម្រាប់​យើង​នឹង។»

លោក ឡៅ ម៉ុងហៃ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រក្សា​អព្យាក្រឹត​ឲ្យ​រឹងមាំ។ ពិសេស​សូម​ឲ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​រស់នៅ​កម្ពុជា​កុំ​ជ្រួលជ្រើម​ធ្វើបាតុកម្ម​ដែល​នាំ​ឲ្យ​មាន ​ហិង្សា​ក្នុង​ទឹកដី​កម្ពុជា។

ទាក់ទង​បញ្ហា​នេះ​ដែរ កាលពីដើម​ខែ​ឧសភា ប្រទេស​ចិន​បាន​ដាក់​កប៉ាល់​ទៅ​ខួង​ប្រេង​នៅ​កោះ​ហ្វាងសា (Hoang Sa) ឬ​ត្រឿងសា (Truong) ភាគ ​ខាងត្បូង​ក្នុង​ដែនសមុទ្រ ប្រទេស​វៀតណាម ដោយមាន​ទាំង​កង​ទាហាន និង​យន្តហោះ​ទៅ​ការពារ រារាំង​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម មក​ឆាឆៅ​ឬ​បណ្ដេញ​ពួកគេ​ពី​ដែនសមុទ្រ​នោះ​ថែមទៀត។ ទាំង​អាជ្ញាធរ​ចិន និង​អាជ្ញាធរ​វៀតណាម បាន​ប៉ះ​គ្នា​២​លើក​មក​ហើយ ដោយ​ភាគី​ទាំងពីរ​បាន​បាញ់​ទឹក​ពន្លិច​ទូក​គ្នា​ទៅវិញទៅមក។

ក្រោយ​ការ​បរាជ័យ ឲ្យ​ចិន​ដក​កប៉ាល់​ខួង​ប្រេង​ចេញពី​កោះ​ហ្វាងសា នោះ​ជនជាតិ​វៀតណាម បាន​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា ដែល​នេះ​ជា​ការ​ប្រឆាំង​ដ៏​កម្រ​ឃើញ​មួយ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត ដោយ​ពួកគេ​បាន​ចេញ​តវ៉ា​តាម​ផ្លូវ​និង​គ្រវី ទង់ជាតិ​វៀតណាម ប្រឆាំង​នឹង​ការ​ពង្រាយ​ឧបករណ៍​បូម​ប្រេង​របស់​ចិន ទៅ​ក្នុង​ដែនសមុទ្រ​ភាគ​ខាងត្បូង។

អ្នក​តវ៉ា​បាន​ប្រឆាំង​ក្រុមហ៊ុន​ចិន ហើយ​បាន​ដុត​រោងចក្រ​ជាច្រើន​ជា​កម្មសិទ្ធិ​របស់​អ្នក​វិនិយោគ​ចិន។
ព័ត៌មាន​ពី​រយទ័រ ផ្សាយ​ថា​មានការ​ប៉ះទង្គិច​ហិង្សា រហូត​បណ្ដាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា នៅ​ក្នុង​ខេត្ត​ហាទីន (Ha Tinh) ក្នុងនោះ​មានកម្ម​ករ​ជា​ជនជាតិ វៀតណាម​៥​នាក់​និង​ជនជាតិ​ចិន ១៦​នាក់៕




No comments:

Post a Comment