Paris Peace Accords 23 Oct. 1991

Thursday, May 15, 2014

បុគ្គលិក​ ស្ថានីយ​ ប្រេង​ឥន្ធនៈ​ កាល់តិច​ ដាក់​ញត្តិ​ ជូន​ទូត​អាមេរិក​ ជួយ​អន្តរាគមន៍

បុគ្គលិក​ ស្ថានីយ​ ប្រេង​ឥន្ធនៈ​ កាល់តិច​ ដាក់​ញត្តិ​ ជូន​ទូត​អាមេរិក​ ជួយ​អន្តរាគមន៍

ដោយ ឡេង ម៉ាលី / RFA | 15 May 2014
បុគ្គលិក​កាល់តិច ៦១០
ប្រធាន​សហជីព​បុគ្គលិក​កម្មករ​កាល់តិច (Caltex) លោក យឿន រ៉េត ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នា​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤  RFA/Leng Maly


ការ​បន្ត​ ធ្វើ​កូដកម្ម​ របស់​ បុគ្គលិក​ កម្មករ ​ក្រុមហ៊ុន​ ប្រេង​ឥន្ធនៈ​ កាល់តិច (Caltex) នៅ​រាជធានី​ ភ្នំពេញ ឈាន​ចូល​ដល់​ ថ្ងៃ​ទី​៤​ហើយ​ រហូត ​មក​ដល់​ថ្ងៃ​ ទី​១៥ ឧសភា។   បុគ្គលិក​ កម្មករ​ ដែល​កំពុង​ តវ៉ា នៅ​តែ ​ទាមទារ​ ឱ្យ​ក្រុមហ៊ុន​ ដំឡើង​ប្រាក់​ខែ​ ដល់​ពួក​គេ​ ឱ្យ​បាន ១៦០​ដុល្លារ​ក្នុង​ មួយ​ខែ។  ក្រៅ​ពី​ការ​ ធ្វើ​កូដកម្ម ​នៅ​តាម​កន្លែង,  ពួក​គេ​ ក៏​ស្វែង​រក​អន្តរាគមន៍​ ពី​ស្ថានទូត​ សហរដ្ឋ​អាមេរិក ដែរ។

តំណាង​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច នៅ​រាជធានី​ភ្នំពេញ​ជាង ២០​នាក់ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ដើម្បី​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​ស្ថានទូត​នេះ។


អនុព័ន្ធ​សន្តិសុខ​រង​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ដេវិដ ខាបឡែន (David Kaplan) ចេញ​មក​ទទួល​ញត្តិ​របស់​បុគ្គលិក​កម្មករ​កាល់តិច ទាំង​នេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា ថ្លែង​បន្ទាប់​ការ​ប្រគល់​ញត្តិ​នេះ​ថា លោក ដេវិដ ខាបឡែន មិន​បាន​សន្យា​អ្វី​ចំពោះ​ពួក​លោក​ទេ៖ «គាត់​មិន​បាន​ប្រាប់​ទេ ប៉ុន្តែ​គាត់​យក​ញត្តិ​យើង​នេះ​ទៅ​ជួប​ខាង​ផ្នែក​គោល​នយោបាយ​របស់​ពួក​គាត់ ដើម្បី​ជួយ​អន្តរាគមន៍​បែប​ណា (មួយ)។ ប៉ុន្តែ​យើង​ជឿ​ថា រដ្ឋាភិបាល​អាមេរិក នឹង​មិន​ព្រងើយ​កន្តើយ​ទេ ដែល​យើង​មើល​ឃើញ​ថា នេះ​ជា​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាច​មាន​លទ្ធភាព ព្រោះ​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​គេ​អាច​ឱ្យ​បាន រឿង​អី កាល់តិច ឱ្យ​មិន​បាន? កាល់តិច ជា​ក្រុមហ៊ុន​អាមេរិក ហើយ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​លក់​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​គាត់​ប្រាកដ​ណាស់​ដែល​អាច​ឱ្យ​បង​ប្អូន​កម្មករ​និយោជិក​បាន»

ក្នុង​ញត្តិ​ដាក់​ជូន​ស្ថានទូត​សហរដ្ឋ​អាមេរិក នោះ បាន​សរសេរ​ថា ក្រុម​បុគ្គលិក​កម្មករ​ដឹង​ថា សហរដ្ឋ​អាមេរិក យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ការ​ប្រតិបត្តិការ​នៅ​បរទេស ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​អំពើ​ពុក​រលួយ ជាដើម។ ញត្តិ​បន្ត​ថា ក្រុមហ៊ុន​ឈេហ្វរ៉ុន​កម្ពុជា មិន​បាន​ផ្ដល់​ប្រាក់​ឈ្នួល​ដែល​ធានា​ការ​រស់​នៅ​សមរម្យ ស្រប​តាម​ច្បាប់​កម្ពុជា ទេ។ ខ្លឹមសារ​ញត្តិ​នេះ ស្នើសុំ​ស្ថានទូត​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​ឈេហ្វរ៉ុន​ កម្ពុជា លើ​ពីរ​ចំណុច គឺ​ទី​១ ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ឬ​ហៅ​ថា ប្រាក់​ខែ​ទី​១៣ យ៉ាង​ហោច​ណាស់​ឱ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​របស់​កម្មករ​និយោជិក ដោយ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៤។ ចំណុច​ទី​២ គឺ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​អនាម័យ ចាក់​សាំង និង​ប្ដូរ​ប្រេង​ម៉ាស៊ីន​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ និង​បន្ថែម​ប្រាក់​ឈ្នួល ៥០​ដុល្លារ​ទៀត​ដល់​បុគ្គលិក​ផ្នែក​បេឡា។ ការ​ដំឡើង​នេះ គឺ​អនុវត្ត​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ត​ទៅ។

ប្រធាន​សហជីព​មូលដ្ឋាន​នៃ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​កាល់តិច លោក យឿង រ៉េត បញ្ជាក់​ជំហរ​ថា បន្ទាប់​ពី​ដាក់​ញត្តិ​នេះ​រួច ពួក​លោក​មិន​បញ្ឈប់​ការ​តវ៉ា​នៅ​តាម​ស្ថានីយ​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ។ ប៉ុន្តែ លោក​សង្ឃឹម​លើ​ស្ថានទូត​អាមេរិក៖ «ខ្ញុំ ​រំពឹង​ទុក​ជោគជ័យ​ទៅ​លើ​ស្ថានទូត ព្រោះ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ស្តង់ដារ ហើយ​ជា​ក្រុមហ៊ុន​របស់​អាមេរិកាំង​ទៀត។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា អាមេរិកាំង មិន​បណ្ដែតបណ្ដោយ​ឱ្យ​រឿង​ហ្នឹង​អូស​បន្លាយ​ពេល​វេលា​ត​ទៅ​ទៀត​ទេ»

បុគ្គលិក​ធ្វើ​កូដកម្ម​មួយ​រូប លោក ឈួន សុភ័ណ្ណារ៉ា ត្អូញ​ថា ប្រាក់​ឈ្នួល​ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ការ​ទ្រទ្រង់​ ជីវភាព​បច្ចុប្បន្ន៖ «សម្រាប់​ប្រាក់​ខែ ១១០​ដុល្លារ តើ​យើង​អាច​រស់​នៅ​សមរម្យ​ទេ? ធម្មតា​យើង​ដឹង​ហើយ យើង​និយាយ​ពី​រោងចក្រ​វិញ គ្រាន់​តែ​រោងចក្រ​ចេញ​គោលការណ៍​ថា​ឡើង​ប្រាក់​ខែ​គោល ១០០ គោលការណ៍​ហ្នឹង​មិន​ទាំង​ចេញ​ថា​ឱ្យ ១០០​ផង ថ្លៃ​ឡើង​មុន​បាត់​ទៅ​ហើយ។ យើង​គិត​តែ​ថ្លៃ​ផ្ទះ ចុះ​ថ្លៃ​ម្ហូប​អាហារ អង្ករ​ត្រី​សាច់​ស្អីៗ​សុទ្ធ​តែ​ថ្លៃ សួរ​ថា​តើ​ប្រាក់​ខែ​ប៉ុណ្ណឹង​យើង​អាច​បែង​ចែក​គ្រប់​ទេ។ ហ្នឹង​សម្រាប់​អ្នក​ខ្លួន​មួយ។ ចុះ​សម្រាប់​មាន​ប្រពន្ធ​មាន​កូន? បើ​សិន​ជា​អ្នក​មាន​ប្រពន្ធ​ហ្នឹង​មាន​ការងារ​ដែរ នោះ​មិន​អី​ទេ។ ចុះ​សម្រាប់​ដែល​អត់​ការងារ​ធ្វើ ហើយ​បើ​សិន​គ្នា​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ មាន​កូន ឬ​មាន​ម្ដាយ​ចាស់​ជរា មាន​ឈឺ​ទៀត សួរ​តើ​ស្ថានភាព​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ម៉េច? ឬ​មួយ​ក៏​ឱ្យ​ពួក​គេ​រង់ចាំ​ថ្ងៃ​ស្លាប់?»

លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទេ ក្រុម​បុគ្គលិក​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម ដោយ​មិន​បម្រើ​សេវា​ដល់​អតិថិជន ហើយ​នឹង​តាម​ដាន​ដំណឹង​អំពី​ញត្តិ​ដែល​បាន​ដាក់​ទៅ​ស្ថានទូត​នេះ។ ក្រុម​បុគ្គលិក​កម្មករ ក៏​នឹង​ស្វែង​រក​ការ​គាំទ្រ​ជា​សកម្មភាព​សាមគ្គីភាព​ពី​សមាជិក និង​សហព័ន្ធ​សហជីព​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឈេហ្វរ៉ុន នៅ​កម្ពុជា ដែរ៕



No comments:

Post a Comment