Paris Peace Accords 23 Oct. 1991

Saturday, May 3, 2014

លោក ប៊្រែដ អាដាម៖ សេចក្ដី​ព្រាង​ច្បាប់​ ទាំង​បី​ របស់​ កម្ពុជា​ គឺ​ផ្ទុយ​ពី ​រដ្ឋធម្មនុញ្ញ

ប្រែដ អាដាម ៣០៥
លោក ប្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)។
Photo courtesy of Human Rights Watch

លោក ប៊្រែដ អាដាម៖ សេចក្ដី​ព្រាង​ច្បាប់​ ទាំង​បី​ របស់​ កម្ពុជា​ គឺ​ផ្ទុយ​ពី ​រដ្ឋធម្មនុញ្ញ

ដោយ ជី វិតា / អាស៊ីសេរី | ០៣ ឧសភា ២០១៤

សេចក្តី​ព្រាង​ច្បាប់​ បី ​ពាក់ព័ន្ធ​នឹង​ ប្រព័ន្ធ​តុលាការ រួម​មាន សេចក្តី​ព្រាង​ច្បាប់​ ស្ដីពី​ ការ​រៀប​ចំ  និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា ​នៃ​អង្គ​ចៅក្រម សេចក្តី​ព្រាង​ច្បាប់​ ស្ដីពី​ ការ​រៀប​ចំ ​អង្គការ​ តុលាការ និង​សេចក្តី​ព្រាង​ ស្ដីពី​ លក្ខន្តិកៈ​ នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ ​របស់​ គណៈកម្មការ​នីតិកម្ម​ នៃ​រដ្ឋសភា។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ប៊្រែដ អាដាម (Brad Adams) រិះគន់​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ថា បាន​រំលោភ​ដល់​ការ​បែង​ចែក​អំណាច​នៃ​ស្ថាប័ន​តុលាការ​ដែល​ជា​ការ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។
ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​នៅ​អាស៊ី លោក ប៊្រែដ អាដាម មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ ដែល​រដ្ឋាភិបាល​បាន​បញ្ជូន​ទៅ​រដ្ឋសភា​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ចំណុច​អាក្រក់​ជាច្រើន​ដែល​ជា​ការ​មាក់ងាយ​ដល់​រដ្ឋធម្មនុញ្ញ​កម្ពុជា ជា​ច្បាប់​កំពូល​នៃ​ប្រទេស។
លោក​ថា ជាង ២០​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​កម្ពុជា រង់ចាំ​អោយ​មាន​ច្បាប់​សំខាន់​ទាំង​នេះ​ក្នុង​ក្តី​សង្ឃឹម​ថា នឹង​អាច​ធ្វើ​អោយ​តុលាការ​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​នា​ពេល​បច្ចុប្បន្ន ក្លាយ​ជា​តុលាការ​ឯករាជ្យ បម្រើ​វិស័យ​យុត្តិធម៌​ដ៏​ពេញលេញ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ថា បើ​មិន​កែលំអ​ទេ​នោះ សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ​នឹង​ធ្វើ​អោយ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា បច្ចុប្បន្ន កាន់​តែ​មាន​សភាព​អាក្រក់​ឡើង។
លោក ប៊្រែដ អាដាម៖ «ចំពោះ​ខ្ញុំ សេចក្តី​ព្រាង​ច្បាប់​ទាំង​បី គឺ​នាំ​មក​នូវ​ការ​ខក​ចិត្ត និង​ជា​ការ​ប្រមាថ​ខ្លាំង​ណាស់​ដល់​ពលរដ្ឋ​កម្ពុជា ដែល​បាន​ប្រឹងប្រែង​តស៊ូ​មតិ​រាប់​សិប​ឆ្នាំ​មក​ហើយ ដើម្បី​ទាមទារ​អោយ​តុលាការ​ឯករាជ្យ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ បញ្ហា​ត្រង់​ថា មាត្រា​ជាច្រើន​នៅ​ក្នុង​ច្បាប់​ទាំង​នេះ បាន​ផ្តល់​អំណាច​អោយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ទៅ​លើ​កិច្ចការ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។ អំណាច​ទាំង​នោះ​រួម​មាន ការ​តែង​តាំង ការ​កោះ​ប្រជុំ របៀបវារៈ​នៃ​អង្គ​ប្រជុំ និង​ការ​ចាត់​ចែង​ថវិកា ជាដើម។ និយាយ​រួម គឺ​ច្បាប់​នេះ នឹង​ធ្វើ​អោយ​តុលាការ​ស្ថិត​នៅ​ក្រោម​ក្រសួង​យុត្តិធម៌ ជា​ផ្លូវ​ការ។ ប្រាកដ​ណាស់ រដ្ឋាភិបាល​នឹង​ប្រកែក​ថា​ទេ មិន​ដូច្នេះ​ទេ។ ប៉ុន្តែ ខ្លឹមសារ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ បង្ហាញ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ព្យាយាម​អោយ​តុលាការ​ស្ថិត​ក្រោម​ក្រសួង​យុត្តិធម៌ ដែល​ជា​ស្ថាប័ន​ចំណុះ​រដ្ឋាភិបាល​យ៉ាង​ពិត​ប្រាកដ។ ការ​ពិត​ទៅ អ្វី​ដែល​ខ្ញុំ​និយាយ​នេះ គឺ​កំពុង​កើត​មាន​រួច​ស្រេច​ទៅ​ហើយ។ ចៅក្រម​បាន​ប្រាប់​យើង​អំពី​រឿង​នេះ»
តើ​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល អាច​ធ្វើ​អ្វី​បាន​ខ្លះ​ក្នុង​ដំណាក់​ការ​នេះ នៅ​ពេល​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា កំពុង​ពិនិត្យ​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ ហើយ​ដែល​អាច​នឹង​ត្រូវ​អនុម័ត​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ។ លោក ប៊្រែដ អាដាម បាន​លើក​ទឹក​ចិត្ត​អោយ​សង្គម​ស៊ីវិល បង្កើន​ការ​តស៊ូ​មតិ​អោយ​កាន់​តែ​ផុសផុល។
លោក ប៊្រែដ អាដាម៖ «ពួក​គេ​អាច​ធ្វើ​យុទ្ធនាការ​អោយ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដើម្បី​ទាមទារ​ការ​កែលំអ​ច្បាប់​ទាំង​នេះ។ បញ្ហា​នេះ វា​ទាក់ទង​យ៉ាង​សំខាន់​ទៅ​លើ ថា​តើ​សង្គម​កម្ពុជា នឹង​ក្លាយ​ទៅ​ជា​សង្គម​ដែល​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ ឬ​អត់? ឥឡូវ​នេះ កម្ពុជា មិន​មែន​ជា​ប្រទេស​ដែល​ប្រកាន់​យក​ច្បាប់​ជា​ធំ​រួច​ទៅ​ហើយ។ ហើយ​ច្បាប់​ទាំង​នេះ អាច​នឹង​ផ្លាស់​ប្ដូរ​កម្ពុជា អោយ​ក្លាយ​ទៅ​ជា​ប្រទេស​យក​ច្បាប់​ជា​ធំ។ យើង​នឹង​ចូល​រួម​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ជាមួយ​ពួក​គេ ដើម្បី​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ។ ខ្ញុំ​នៅ​ចាំ​បាន​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​គ្រប់​គ្នា​ចូល​រួម​សហការ​គ្នា យើង​អាច​បញ្ឈប់​បាន​នូវ​ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​អាក្រក់​មួយ។ ដូច្នេះ ខ្ញុំ​គិត​ថា អង្គការ​សង្គម​ស៊ីវិល មិន​គួរ​បោះ​បង់​ការ​តស៊ូ​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​តែ​ប្រឹងប្រែង​ទ្វេដង​ថែម​ទៀត។ សំខាន់​នោះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​អោយ​សហគមន៍​ប្រទេស​ម្ចាស់​ជំនួយ អ្នក​សារព័ត៌មាន ជាពិសេស​នោះ គឺ​សាធារណជន​កម្ពុជា បាន​ដឹង​អំពី​សារសំខាន់​នៃ​ច្បាប់​នេះ និង​យល់​អំពី​ចំណុច​អាក្រក់​ណា​ខ្លះ​ដែល​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ»
រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​មាន​សេចក្តី​ព្រាង​ស្ដីពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ និង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា ដែល​ត្រូវ​រដ្ឋសភា​កំពុង​ពិចារណា​នោះ សុទ្ធ​សឹង​តែ​ត្រូវ​បាន​អ្នក​ច្បាប់​ពី​ប្រទេស​បារាំង ជួយ​តាក់​តែង​ឡើង។ ប៉ុន្តែ លោក ប៊្រែដ អាដាម មាន​ប្រសាសន៍​ថា លោក​មិន​ជឿ​ថា ទីប្រឹក្សា​ច្បាប់​បារាំង ចង់​បង្កើត​ប្រព័ន្ធ​យុត្តិធម៌​មិន​ឯករាជ្យ​មួយ​អោយ​កម្ពុជា នោះ​ទេ។ លោក​ថា បារាំង បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ជាច្រើន ស្នើ​អោយ​កម្ពុជា ធ្វើ​កំណែ​ទម្រង់​បង្កើត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​មួយ។ លោក ប៊្រែត អាដាម អះអាង​ថា យោង​តាម​បទ​ពិសោធន៍ រដ្ឋាភិបាល​កម្ពុជា តែង​កែប្រែ​សេចក្តី​ព្រាង​ច្បាប់​តាម​តម្រូវ​ការ​របស់​ខ្លួន៕

No comments:

Post a Comment