អ្នកយកព័ត៌មានVOD លោក ឡាយ សាមាន ក្រោយពេលកម្លាំងសន្តិសុខវាយដំ(រូបថតសហការី)
អង្គការ អ្នករាយការណ៍ គ្មានព្រំដែន អំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ចេញមុខដោះស្រាយ ការប្រើហិង្សា លើអ្នកសារព័ត៌មាន VOD
ដោយ៖ ស៊ុន ណារិន / វីអូឌី | ថ្ងៃសៅរ៍ ទី3 ខែឧសភា ឆ្នាំ2014
អង្គការ អ្នករាយការណ៍ គ្មានព្រំដែន (Reporter Without Borders) សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ថ្កោលទោស ការប្រើហិង្សា លើអ្នកសារព័ត៌មានVOD និងស្នើឲ្យ មានការស៊ើបអង្កេត លើករណីនេះ ដើម្បីរកយុត្តិធម៌ ជូន អ្នកសារព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃសុក្រ ឲ្យដឹងថា អ្នកយកព័ត៌មានVOD លោក ឡាយ សាមាន ត្រូវបានសន្តិសុខខណ្ឌយ៉ាងតិច១០នាក់ កាលពីថ្ងៃសុក្រ វេលាម៉ោង ៤និង៥០នាទី វាយឲ្យរងរបួសធ្ងន់បាក់ឆ្អឹងថ្ពាល់ និងរបួសស្នាមលើរាងកាយ និងដៃ អំឡុងលោកចុះទៅយកព័ត៌មានទាក់ទងនឹងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជ ធានី ក្បែរទីលានប្រជាធិបតេយ្យ។ លោក បានសន្លប់មិនដឹងស្មារតី នៅពេលត្រូវបានសន្តិសុខខណ្ឌវាយនឹងដំបងឈើ និងទាត់ចំក្បាល និងដៃ។លោក កំពុងស្នាក់នៅគ្លីនិកឯកជនមួយ ដើម្បីសម្រាកព្យាបាល និងតាមដានជំងឺ។
នាយកកិច្ចការអាស៊ីប៉ាស៊ីហ្វិចនៃអង្គការអ្នករាយការណ៍គ្មានព្រំដែន លោក Benjamin Ismaïl មានប្រសាសន៍ថា រដ្ឋាភិបាល មិនអាចប្រកែកបានពីការទទួលខុសត្រូវក្នុងការបង្កើតអសន្តិសុខសម្រាប់អ្នកសារព័ត៌មានវិជ្ជាជីវៈនៅក្នុងប្រទេស។ លោកបញ្ជាក់ថា«នៅពេលដែលក្រុមសន្តិសុខ មិនទទួលខុសត្រូវដោយផ្ទាល់សម្រាប់ហិង្សាលើអ្នក កាសែតនេះ រដ្ឋាភិបាល ដើរតួនាទីអសកម្មចំពោះការវាយប្រហារលើសារព័ត៌មាន។ យើងអំពាវនាវឲ្យមានប្រតិកម្មជាបន្ទាន់របស់រដ្ឋាភិបាល និងវិធានការរឹងមាំមួយ ដើម្បីពារពារអ្នកសារព័ត៌មាន»។
នាយកប្រតិបត្តិCCIM លោកប៉ា ងួនទៀង មានប្រសាសន៍ថា ជនដៃដល់ ត្រូវនាំយកមកផ្តន្ទាទោស ហើយនិទណ្ឌភាពទៅលើអ្នកដែលប្រើហិង្សាឃោរឃៅប្រឆាំងនឹងអ្នកសារព័ត៌មាន ត្រូវតែបញ្ចប់។
ការប្រើហិង្សាលើអ្នកសារព័ត៌មានVOD កាលពីថ្ងៃសុក្រ កើតឡើងមួយថ្ងៃមុនទិវាសេរីភាពសារព័ត៌មានពិភពលោក ០៣ឧសភា៕
No comments:
Post a Comment