លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រដែលចូលរួមហ្វឹកហាត់ធ្វើបាតុកម្មនាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣។
RFA/Mom Sophon
លោក សម រង្ស៊ី ថា បក្សនយោបាយ គួររួបរួមគ្នា ដោះស្រាយ បញ្ហាជាតិ
ដោយ វណ្ណ វិចារ / អាស៊ីសេរី | ៣០ មេសា ២០១៤
មេដឹកនាំ គណបក្ស ប្រឆាំង លោក សម រង្ស៉ី ប្រកាសថា គណបក្ស នយោបាយ ទាំងអស់ ត្រូវរួមសហការគ្នា ដោះស្រាយបញ្ហា របស់ ជាតិទាំងមូល។ ការប្រកាសបែបនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ក្នុងដំណើរវិលត្រឡប់ ពីបរទេសវិញ នាអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ក្នុងពេលដែលលោកឆ្លើយសំណួរ របស់ អ្នកកាសែតជុំវិញលទ្ធផល នៃបេសកកម្ម នៅតំបន់អឺរ៉ុប។
ប្រធានគណបក្សសង្គ្រោះជាតិ លើកឡើងថា កម្ពុជាកំពុងជួបបញ្ហាធ្ងន់ធ្ងរដែលគ្រប់ភាគីត្រូវតែរួមគ្នាដោះស្រាយ។ បញ្ហាទាំងនេះ រួមមានបញ្ហាទំនាស់ធ្លី បញ្ហាព្រៃឈើ បញ្ហាជីវភាពរស់នៅរបស់រាស្ត្រក្រីក្រ បញ្ហាយុវជនអត់មានការងារធ្វើ និងបញ្ហាចំណាកស្រុករាប់ម៉ឺនរាប់សែននាក់ក្នុង១ឆ្នាំៗជាដើម។
លោក សម រង្ស៉ី មានប្រសាសន៍ថា ប្រទេសនៅក្នុងតំបន់អឺរ៉ុប ចង់ឲ្យអ្នកនយោបាយខ្មែរដោះស្រាយបញ្ហាដោយសន្តិវិធី ហើយជំហររបស់គណបក្សសង្គ្រោះជាតិ គឺចង់ឲ្យមានការជជែកគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយសមស្រប។
«សំឡេង»
លោកក៏បានថ្លែងទាមទារឲ្យបើកទីលានប្រជាធិបតេយ្យមកវិញ បន្ទាប់ពីទីលានសម្រាប់បញ្ចេញមតិមួយនេះត្រូវបានអាជ្ញាធររាជរដ្ឋាភិបាលបិទតាំងពីដើមខែមករា មកនោះ។ លោកបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញ ពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្ដែងមតិ ហើយលោកនឹងទៅជួបពលរដ្ឋនៅទីលានប្រជាធិបតេយ្យជារៀងរាល់ថ្ងៃ។
គណបក្សសង្គ្រោះជាតិ បានជូនដំណឹងពីការជួបជុំឃោសនាបោះឆ្នោតនៅថ្ងៃទី២ ខែឧសភា ប៉ុន្តែការជួបជុំនេះ មិនត្រូវបានអាជ្ញាធរអនុញ្ញាតឡើយ។ សាលារាជធានីភ្នំពេញ ថែមទាំងហាមឃាត់មិនឲ្យកម្មករ និងសហជីពរៀបចំពិធីជួបជុំក្នុងទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ ខែឧសភា នោះទេ ព្រោះសំអាងថា រង់ចាំការស៊ើបអង្កេតពីភាពពីហេតុការណ៍បង្កហិង្សានៅផ្លូវវ៉េងស្រេង រួចរាល់សិន។
យ៉ាងណាក៏ដោយ សំណុំរឿងអំពើហិង្សានៅផ្លូវវ៉េងស្រេងនោះ ត្រូវបានបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។ ក្នុងនោះមនុស្ស ១៣នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខសង្គម ហើយជនជាប់ចោទទាំងនោះ នឹងឡើងសវនាការនៅថ្ងៃទី៦ ខែឧសភា ខាងមុខ។
នៅថ្ងៃដែលសង្គមស៊ីវិល និងបក្សប្រឆាំងមិនមានបំណងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ទីតាំងនោះគឺជាទីតាំងសម្រាប់ចតរថយន្តរបស់ក្រុមអ្នកកួកជេ ហើយសមត្ថកិច្ចខណ្ឌដូនពេញ ជាអ្នកដើរប្រមូលលុយ។
ទាក់ទងនឹងជំហររបស់គណបក្សប្រជាជនកម្ពុជាវិញ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង កាលពីថ្ងៃទី២៩ ខែមេសា មានប្រសាសន៍ប្រាប់មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិថា គណបក្សកាន់អំណាចមានបំណងចង់ឲ្យមានការចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី។ ប៉ុន្តែបក្សប្រឆាំងឯណោះវិញទេ ដែលប្រើយុទ្ធសាស្ត្រពស់ក្បាលពីរ ដោយមេដឹកនាំម្នាក់ឯកភាពជាមួយលោក ហ៊ុន សែន និងម្នាក់ទៀតប្រើយុទ្ធសាស្ត្រជំទាស់។
មន្ត្រីនាំពាក្យក្រសួងការបរទេសលោក កុយ គួង បញ្ជាក់យ៉ាងដូចនេះ៖ «តួយ៉ាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រីលោកបានបញ្ជាក់ថា ថ្មីៗនេះ ការសន្ទនាតាមទូរស័ព្ទរវាងលោក សម រង្ស៊ី ជាមួយសម្ដេចតេជោ គឺមានការឯកភាពគ្នាគ្រោងទៅជួបព្រះមហាក្សត្រដើម្បីការចុះហត្ថលេខានៃកិច្ចព្រមព្រៀងនៃបក្សទាំង២។ ប៉ុន្តែនៅពេលគាត់បានទាក់ទងមនុស្សទី២ ក្នុងគណបក្សគាត់ មនុស្សទី២ មានការជំទាស់ទៅជារឿងបរាជ័យទៅវិញ។ គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល នៅតែបើកចំហ ប្ដេជ្ញាចិត្តត្រូវតែបន្តការចរចា។»
កាលពីដើមខែមេសា លោក ហ៊ុន សែន និងលោក សម រង្ស៉ី បានជួបចរចាគ្នាតាមទូរស័ព្ទរយៈពេល ៤៥នាទី ។ លោក ហ៊ុន សែន បរិយាយបន្ទាប់ពីជំនួបថា លោកនិងមេបក្សប្រឆាំង និយាយត្រូវគ្នាស្ទើរគ្រប់រឿងទៅហើយ តែលោក សម រង្ស៉ី រង់ចាំការឯកភាពពីលោក កឹម សុខា ជាមុនសិន ហើយបើសិនណាបក្សទាំងពីរបរាជ័យក្នុងការចរចានោះ គឺជាកំហុសរបស់លោក កឹម សុខា។ ទោះជាយ៉ាងណាក្តី លោក កឹម សុខា បានវាយបកទៅលោក ហ៊ុន សែន វិញថា ប្រើយុទ្ធសាស្ត្រដដែលៗ មានបំណងចង់បំបែកបក្សប្រឆាំង និងមិនមានចេតនាល្អក្នុងការដោះស្រាយបញ្ហាជាតិនោះទេ៕
No comments:
Post a Comment