មេធាវី លោក វន់ ពៅ បារម្ភ នីតិវិធីតុលាការ អូសបន្លាយពេល ខណៈកូនក្តី លោក កាន់តែ ឈឺធ្ងន់
ដោយ៖ ជន ស្រីណុច / វីអូឌី | ថ្ងៃអាទិត្យ ទី4 ខែឧសភា ឆ្នាំ2014
មេធាវី ការពារក្តី លោក វន់ ពៅ នៅថ្ងៃអាទិត្យនេះ សម្តែងការព្រួយបារម្ភ ពីនីតិវិធីតុលាការ ក្នុងការបើកសវនាការ សាកសួរ មានភាពយឺតយ៉ាវ ខណៈកូនក្តី របស់ លោក កំពុងមានជំងឺធ្ងន់ធ្ងរ។
លោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជា និងជាមេធាវីការពារក្តីលោក វន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រាប់ VOD នៅថ្ងៃអាទិត្យទី០៤ នេះថា លោក នៅតែបារម្ភចំពោះការនីតិវិធីជំនុំជម្រះរបស់តុលាការ ដែលមានភាពយឺតយ៉ាវ ករណីអ្នកជាប់ចោទទាំង២៣នាក់ ជាពិសេស លោក វន់ ពៅ ដែលមានរបួស និងជម្ងឺប្រចាំកាយធ្ងន់ធ្ងរ។
លោកគិតថា កន្លងទៅ ចៅក្រមហាក់ដាក់បន្ទុកទៅលើជនជាប់ចោទច្រើន និងមិនពិចារណា ចំពោះភស្តុតាងដែលមេធាវី បានលើកឡើងនោះទេ។ ចំពោះសវនាការនៅថ្ងៃទី ០៦ ខែ ឧសភា ខាងមុខ លោកគិតថា អាចនឹងមិនខុសគ្នាដែរ ហើយនឹងមិនបានបញ្ចប់ការសាកសួរជនជាប់ចោទដែលនៅសេសសល់ទាំងនោះ។
កាលពីថ្ងែទី ២៥ ខែមេសា ក្រោយសវនាការរយៈពេល១ថ្ងៃ អង្គជំនុំជម្រះ បានសាកសួរ តែលើជនជាប់ចោទ៤នាក់ជាកម្មករនៅរោងចក្រយ៉ាកជីងតែប៉ុណ្ណោះ។ ចំណែកជនជាប់ចោទ១៩នាក់ផ្សេងទៀត ដែលមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផងនោះ គឺមិនទាន់បានសាកសួរនោះ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង២២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។ ក្នុងចំណោមជនជាប់ចោទទាំង ២៣នាក់ មានជនជាប់ចោទពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី ០៧ខែកុម្ភៈ។ ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment