ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងពិធីរំឭកវិញ្ញាក្ខន្ធ ជនរងគ្រោះដែលបានបាញ់សម្លាប់នៅផ្លូវវ៉េងស្រេង (រូបថត៖ តាត ឧត្តម)
បទយកការណ៍៖ ការប្រារព្ធ ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១៤ ត្រូវបានរង ការបង្ក្រាប ពីក្រុមសន្តិសុខ
ដោយ៖ ណាត សុភាព និងអ៊ឹង ប៊ុនថន / វីអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014
ទិវាពលកម្មអន្តរជាតិ តែងធ្វើឡើង នៅសប្តាហ៍ទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។ នៅឆ្នាំនេះ ក៏ដូចឆ្នាំមុនៗ ដែរ មេដឹកនាំ សហជីព កម្មករ និយោជិត នៅទូទាំងពិពភលោក ក្នុងនោះ ប្រទេសកម្ពុជា ក៏ប្រារព្ធទិវានេះដែរ ដើម្បីសម្ដែងមតិ ចំពោះ វិបត្តិការងារ របស់ កម្មករ ដែលកើតមានរយៈពេលមួយឆ្នាំមកនេះ ដោយជំរុញ ទៅរដ្ឋាភិបាល និងនិយោជក ឲ្យគោរពច្បាប់ការងារ និងសិទ្ធិកម្មករ។
ប៉ុន្តែក្រុមសន្តិសុខដែលបញ្ជាដោយអាជ្ញាធរកម្ពុជា បានវាយបង្ក្រាបលើពលរដ្ឋមួយចំនួន នៅគ្រាដែលមានការប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០១៤នេះ។
នៅគ្រប់ច្រកចូលសំខាន់ៗ មកកាន់រាជធានីភ្នំពេញ រដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងសមត្ថកិច្ច និងកំលាំងសន្តិសុខស្ទើរគ្រប់ច្រកល្ហក ដែលមើលឃើញថា ជាផ្នែកមួយនៃការរឹតបន្តឹងសន្តិសុខ ចំពេលសហជីព កម្មករ និងគណបក្សប្រឆាំង ប្រកាសធ្វើការដង្ហែក្បួន ចូលមកកាន់ទីលានប្រជាធិបតេយ្យ និងរដ្ឋសភា ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១២៨។
កម្មករមានកាន់បដាធំៗ ដោយសរសេរថា "ត្រូវ ដំឡើងប្រាក់ឈ្នួល កម្មករឲ្យបានសមរម្យ ពោល១៦០ដុល្លារ ត្រូវគោរពច្បាប់ការងារ គោរពសិទ្ធិកម្មករ និងត្រូវដោះលែង តំណាងរបស់កម្មករ ដែលត្រូវបានឃុំខ្លួន"។
តំណាងកម្មករមកពីរោងចក្រឈ្មោះ ហុង ថិច ស្ថិតនៅភូមិព្រែកព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ខាំ សារឿន បានប្រសាសន៍ថា ពួកគាត់ជិតមួយពាន់នាក់ បានធ្វើដំណើរមកកាន់ទីលានប្រជាធិបតេយ្យ និងរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់ប្រាក់ឈ្នួល១៦០ដុល្លារ ក្នុង១ខែ និងទម្លាក់បទចោទលើមនុស្ស២៣នាក់ដែលជាប់ឃុំ តែត្រូវកម្លាំងសមត្ថកិច្ចជិត១០០នាក់ និងក្រុមសន្តិសុខប្រមាណជា៤០នាក់ បានរារាំងពួកគាត់ នឹងបិទផ្លូវជិតរង្វង់មូលចោមចៅ មិនឲ្យពួកគេចូលមករាជធានីភ្នំពេញនោះទេ។
លោក ខាំ សារឿន ហៅទង្វើរបស់សមត្ថកិច្ចថា ជាការបិទសិទ្ធិសេរីភាពរបស់ពួកគេក្នុងការសម្តែងមតិ។
ការប្រារព្ធទិវាពលកម្មអន្តរជាតិនៅនេះ ជាព្រឹត្តិការណ៍ក្តៅគគុក បន្ទាប់ពីមានការប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា រវាងកងកម្លាំងប្រដាប់អាវុធ ជាមួយ កម្មករ នៅមុខ សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ យ៉ាងហោចណាស់ ជិត៤០នាក់រងរបួសធ្ងន់ និងស្រាល ហើយ២៣នាក់ត្រូវបានឃុំខ្លួន។
កម្មកររាប់រយនាក់បានធ្វើពិធីបង្សុកូលឲ្យអ្នកស្លាប់៥នាក់នោះ ដោយមានការចូលរួមពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានគណបក្សមួយនេះ គឺលោក កឹម សុខា ផងដែរ។
សាច់ញាតិអ្នកស្លាប់ គឺអ្នកស្រី ខាត់ សំនឿង អំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តស្វែងរកយុត្តិធម៌ឲ្យគ្រួសារគាត់ និងជំរុញឲ្យរដ្ឋាភិបាលចាប់ជនល្មើស មកផ្តន្ទាទោសតាមច្បាប់។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ សន្យាចំពោះមុខកម្មករកម្មការិនីថា នឹងស្វែងរកជនឧក្រិដ្ឋ និងអ្នកនៅពីក្រោយការបាញ់សម្លាប់ យកទៅកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ លោក សម រង្ស៊ី ជំរុញឲ្យក្រុមគ្រួសារជនរងគ្រោះ រៀបចំពាក្យបណ្តឹងនេះ។
រីឯនៅម្តុំស្ពាននាគជិតទីលានប្រជាធិបតេយ្យ ក្រុមសន្តិសុខខណ្ឌដូនពេញ បានប្រើដំបងវាយឲ្យរងរបួស មនុស្សយ៉ាងតិច៤នាក់ នៅចំថ្ងៃទិវាពលរដ្ឋកម្មអន្តរជាតិនេះ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា យល់ថា រដ្ឋាភិបាលត្រូវពិចារណាឡើងវិញចំពោះការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការសម្តែងមតិ ការជួបជុំជាដើម។ លោកថា បើរដ្ឋាភិបាលនៅតែបន្តធ្វើបែបនេះ កម្ពុជានឹងបាត់បង់ជំនួយពីសហគមន៍អន្តរជាតិថែមទៀត។
ទីលានប្រជាធិបតេយ្យ ត្រូវបើកឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលមាន ទីតាំងនៅខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយអតីតអភិបាលរាជធានីលោក កែប ជុតិមា។ ទីលានប្រជាធិបតេយ្យ ជាកន្លែង ដែលប្រជាពលរដ្ឋ អាចប្រមូលផ្តុំ និងបញ្ចេញមតិបាន ស្របតាមច្បាប់ស្តីពីបាតុកម្ម។ ប៉ុន្តែទីនេះត្រូវបានអាជ្ញាធរបិទទាំងស្រុង មិនឲ្យនណាម្នាក់ចូលសំដែងមតិបានឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា កំពុងប្រែក្លាយទីលានប្រជាធិបតេយ្យបច្ចុប្បន្ន ឲ្យទៅជាគុកងងឹត ដោយសារអាជ្ញាធរអនុវត្តផ្ទុយពីច្បាប់ដែលបានចែង។ លោកបញ្ជាក់ថា នៅពេលគណបក្សសង្គ្រោះជាតិជាប់ឆ្នោត គណបក្សមួយនេះនឹងបើកទីលានប្រជាធិបតេយ្យថ្មី ដើម្បីឲ្យពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ដើម្បីបញ្ចេញមតិ។
អង្គការអន្តរជាតិផ្នែកការងារ(ILO) បានចេញសេចក្តីថ្លែងការណ៍ក្នុងឱកាសនេះថា “យើងត្រូវរក្សាលំហសកម្មភាពសហជីព ស្របច្បាប់ និងដោយសន្តិវិធី ក្នុងន័យទទួលស្គាល់តម្រូវការរបស់ពួកគេ ហើយផ្តល់ឲ្យពួកគេនូវឱកាសសមស្រប ដើម្បីសំដែងចេញនូវការទាមទាររបស់ខ្លួន”។ សេចក្តីថ្លែងការណ៍នេះ ក៏បញ្ជាក់ថា “ត្រូវតែធ្វើឲ្យកើតមាននូវបទដ្ឋាន ដែលបង្កើតឡើងដោយច្បាប់ជាតិ និងគោរពគោលការណ៍សាកលនៃសេរីភាព សមាគម និងអង្គការវិជ្ជាជីវៈ សេរីភាពនៃការបញ្ចេញមតិ និងការជួបជុំ រួមទាំងកាតព្ថកិច្ចនានា ក្រោមអនុសញ្ញាលេខ ៨៧ និង៩៨ ដែលត្រូវបានផ្តល់សច្ចាប័ន”។
ចំណែកមេដឹកនាំសហជីពវិញ បានយកឱកាសនេះ ទទួចឲ្យរដ្ឋាភិបាល បើកទីលានប្រជាធិបតេយ្យឡើងវិញ ធានាសេរីភាពបញ្ចេញមតិ សេរីភាពសហជីព និងគោរពសិទ្ធិកម្មករ ជាពិសេស ដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ និងដោះលែងជនជាប់ចោទ២៣នាក់ឲ្យមានសេរីភាពវិញ៕
No comments:
Post a Comment