Paris Peace Accords 23 Oct. 1991

Friday, May 2, 2014

បទ​វិភាគ៖ តើ​ ការ​ទាមទារ​ ដំឡើង​ប្រាក់ខែ​គោល​ របស់ ​កម្មករ​ ជា​ការ​ញុះញង់​ ឬ​​បញ្ហា​ក្រពះ?

កម្មករ បាតុកម្ម ៦១០
កម្មករ​តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ឆ្នាំ​២០១៣។
RFA/Mom Sophon

បទ​វិភាគ៖ តើ​ ការ​ទាមទារ​ ដំឡើង​ប្រាក់ខែ​គោល​ របស់ ​កម្មករ​ ជា​ការ​ញុះញង់​ ឬ​​បញ្ហា​ក្រពះ?

ដោយ​ សេក បណ្ឌិត / អាស៊ីសេរី |​ ០១ ឧសភា ២០១៤

មន្ត្រី​រដ្ឋាភិបាល ​នៃ​គណបក្ស​ ប្រជាជន តែង​តែ​លើក​យក​រឿង​ ការ​តវ៉ា​ របស់​ កម្មករ​ ក្នុង​ការ​ទាម​ទារ ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ ​នោះ ថា​ ជា​រឿង​នយោបាយ​ ដោយ​មាន​ការ​ញុះញង់ ​ពី​គណបក្ស ​សង្គ្រោះ​ជាតិ និង​មេដឹកនាំ ​សហជីព ​មួយ​ចំនួន​ទៀត​​ ជា​ដើម។
តើ​ ការ​ទាម​ទារ​ ដំឡើង​ប្រាក់​ខែ​គោល​ របស់​ កម្មករ​ កន្លង​មក និង​បាន​ធ្វើ​បាតុកម្ម​ ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន ​កម្លាំង​សមត្ថកិច្ច ​រដ្ឋាភិបាល​ បង្ក្រាប​នោះ ​ ធ្វើ​ឡើង​តាម​ការ​ញុះញង់ ឬ​ក៏​ដោយសារ​តែ​ បញ្ហា​ក្រពះ​ស្រេកឃ្លាន?
បញ្ហា​បាតុកម្ម​នៅ​កម្ពុជា គឺ​ជា​រឿង​ដ៏​ពេញ​និយម​មួយ​ដែល​កំពុង​ល្បី​ល្បាយ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​ឆ្នាំ​២០១៤ នេះ។ បាតុកម្ម​នេះ​កើត​ឡើង​គ្រប់​បែប​បទ​ច្រើន​មុខ​ច្រើន​យ៉ាង រហូត​មាន​មនុស្ស​ស្លាប់ របួស ពិការ​មួយ​ជីវិត ជាប់​គុក​ច្រវាក់​ជា​ច្រើន​នាក់​ទៀត​ផង។
នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នេះ សន្ទុះ​ធ្វើ​បាតុកម្ម​មាន​ចំនួន​ច្រើន​នៅ​រោងចក្រ​ខុសៗ​គ្នា។ សំឡេង​ស្រែក​តវ៉ា​តាមរយៈ​ដើរ​ក្បួន​បាតុកម្ម​បាន​លាន់​ឮ​ទ្រហឹង​ពេញ​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ទោះបី​ជា​រដ្ឋាភិបាល​ថ្មីៗ​នេះ​បាន​ដំឡើង​ប្រាក់ខែ​គោល​បាន​មួយ​កម្រិត គឺ​ពី ៨០ ទៅ ១០០​ដុល្លារ​ទៅ​ហើយ​ក្ដី។ ក្នុង​នោះ​មាន​ទាំង​មាន​ទាំង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង។
រដ្ឋាភិបាល​ឯក​បក្ស​នីតិកាល​ទី​៥ នេះ តាម​មើល​ទៅ​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​ការ​ដឹក​នាំ។ ដៃ​ម្ខាង​រវល់​ដោះ​ស្រាយ​រឿង​ជម្លោះ​នយោបាយ​ជាប់​គាំង ដៃ​ម្ខាង​ទៀត​ដោះ​ស្រាយ​រឿង​បាតុកម្ម និង​ស្វែង​រក​ជំនួយ​ដើម្បី​បន្ត​និរន្តភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បន្ត​ទៀត។
បើ​មើល​ពី​សន្ទុះ​បាតុកម្ម​វិញ គឺ​មាន​ច្រើន​ក្រុម​ក្រៅ​ពី​ក្រុម​កម្មករ គឺ​នៅ​មាន​បាតុកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​រួម​មាន​ប្រេង​សាំង ដែល​ចេះ​តែ​ឡើង​ថ្លៃ​គ្មាន​ដែន​កំណត់។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី ព្រម​ទាំង​បាតុកម្ម​របស់​កម្មករ​ស្ទើរ​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។
ការ​តវ៉ា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ថា រដ្ឋាភិបាល​មិន​គ្រប់​ទឹក​នោះ​​ឈឺ​ក្បាល​វិល​មុខ​មិន​តិច​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ពុំ​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន ក្រៅ​ពី​ដាក់​ផែន​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា អ្នក​គាំ​ទ្រ​រហូត​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង និង​ខ្លះ​ទៀត​ត្រូវ​ជាប់​គុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដូចជា​កម្មករ​រោងចក្រ យ៉ាកជីង ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​នៅ​ផ្លូវ​វ៉េងស្រេង រួម​ទាំង​លោក វន់ ពៅ និង​តំណាង​អ្នក​ភូមិ​បឹងកក់​ជាដើម។
មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ចោទ​ថា ក្រុម​នេះ​ស្ថិត​នៅ​ក្រោម​ការ​ញុះញង់​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មេដឹកនាំ​សហជីពកម្មករ​មួយ​ចំនួន​ទៀត។ ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​ពាក់​ព័ន្ធ​ពី​បញ្ហា​នេះ​ដែរ ហើយ​សំណុំ​រឿង​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។
ដោយ​ឡែក​ភាគី​ពាក់​ព័ន្ធ​ម្ខាង​ទៀត​គឺ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​វិញ បាន​គាំ​ទ្រ​គំនិត​របស់​រដ្ឋាភិបាល​ដែរ ព្រម​ទាំង​បាន​បញ្ជាក់​ថា ការ​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នេះ​ ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​និយោជក។ ជាង​នេះ​ទៅ​ទៀត​សមាគម​នេះ​បាន​គំរាម​បិទ​រោងចក្រ​ទៀត​ផង​បើ​សិន​ជា​នៅ​មាន​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​ដូច្នេះ។
ចំណែក​បក្ស​សង្គ្រោះ​ជាតិ​វិញ បាន​រលាស់​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​ការ​តវ៉ា​ដោយ​ធ្វើ​បាតុកម្ម​របស់​កម្មករ​គឺ​ជា​បញ្ហា​ក្រពះ​របស់​ពួកគេ​ផ្ទាល់ មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ឡើយ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្នុង​គោល​នយោបាយ ៧​ចំណុច​របស់​បក្ស​នេះ គឺ​បាន​កំណត់​​រួច​ជា​ស្រេច​ទៅ​ហើយ​តាំង​ពី​អំឡុង​ពេល​យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​ថា ខ្លួន​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​គោល​​ដល់​កម្មករ ១៥០​ដុល្លារ នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល។
ងាក​មក​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ លើក​លែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល គឺ​តែង​តែ​បាន​រាយការណ៍​ជាច្រើន​ពី​ស្ថានភាព​លំបាក​របស់​កម្មករ​ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ បញ្ហា​សុខភាព ការ​ដួល​សន្លប់​របស់​កម្មករ​ពេល​កំពុង​ធ្វើ​ការងារ​ជាដើម​ ហើយ​បញ្ហា​នេះ​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ។
ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​ថា ប្រាក់​ខែ​តិច​ធ្វើ​ឲ្យ​ពួក​គាត់​រិះ​ថាំ​ខ្លាំង​ពេក​ក្នុង​ការ​ហូប​ចុក សម្រាក​មិន​គ្រប់​គ្រាន់ ធ្វើ​ការ​ច្រើន កម្លាំង​ចុះ​ខ្សោយ រួម​នឹង​បរិយាកាស​ក្នុង​រោងចក្រ​ខ្លះ​មាន​ខ្យល់​អាកាស​ចេញ​ចូល​មិន​គ្រប់គ្រាន់ ខ្វះ​ប្រព័ន្ធ​ពិនិត្យ​ជាតិពុល​ក្នុង​រោងចក្រ​ជាដើម។
ប្រសិន​បើ​លោក​អ្នកនាង ឬ​មន្ត្រី​រដ្ឋាភិបាល​ចង់​ឃើញ​ទិដ្ឋភាព​ទាំង​នេះ​ផ្ទាល់​នោះ​​ប្រាកដ​ជា​មិន​ពិបាក​ដូច​ឡើង​ឋាន​សួគ៌ ឬ​ឡើង​ឋាន​ព្រះចន្ទ​នោះ​ទេ​ គឺ​គ្រាន់​តែ​ចំណាយ​ពេល​ខ្លះ​ទៅ​មើល​ការ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​​នៅ​ខាងមុខ​រោងចក្រ​ និង​នៅ​តាម​ផ្ទះ​ជួល​របស់​ពួក​គេ​ក្បែរៗ​តំបន់​មាន​រោងចក្រ​នោះ​នឹង​បាន​យល់​កាន់តែ​ច្រើន​ថែម​ទៀត​អំពី​ស្ថានភាព​ជាក់ស្ដែង​របស់​កម្មករ។
កម្មករ​តែង​តែ​បែង​ចែក​ប្រាក់​ខែ​របស់​ខ្លួន​ដែល​ទទួល​បាន​ជា​មធ្យម​ពី ១០០​ដុល្លារ ទៅ​ជាង ១០០​ដុល្លារ បើ​សិន​បូក​ទាំង​ថ្លៃ​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​ផងយ៉ាង​ល្អិត​ល្អន់​បំផុត គឺ​មិន​ខុស​ពី​សុភាសិត​ខ្មែរ​មួយ​តែង​ពោល​ថា​សក់​មួយ​សរសៃ​ត្រូវ​ពុះ​ច្រៀក​ជា​ដប់​នោះ​ទេ។
តែ​ទោះ​យ៉ាងណា​ពួក​គេ​នៅ​តែ​មិន​អាច​រត់​ឲ្យ​ទាន់​នឹង​ទំនិញ​ឡើង​ថ្លៃ​គ្មាន​ថ្ងៃ​ចុះ​វិញ​សោះ​នោះ​ឡើយ។ ក្រុម​កម្មករ​បាន​បង្ហាញ​ថា ពួក​គេ​ធ្វើ​ការ​សព្វថ្ងៃ​លះ​បង់​អស់​រលីង​ហើយ​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត។
ចំណែក​ប្រាក់​ខែ​បាន​មក​គេ​គ្រាន់​តែ​បាន​ឃើញ​បាន​កាន់​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ព្រោះ​គេ​ត្រូវ​ចំណាយ​ច្រើន​មុខ​ទៅ​វិញ ជាពិសេស​ថ្លៃ​ផ្ទះ គឺ​គ្រាន់​តែ​ឮ​បើក​ប្រាក់​ខែ​ភ្លាម​ឃើញ​មុខ​ម្ចាស់​ផ្ទះនៅ​មុខ​បន្ទប់​ជួល​នោះ​តែ​ម្ដង។ ចំណាយ​លើ​ទឹក ភ្លើង ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ឆ្លៀត​ដក​លុយ​ខ្លះ​ផ្ញើ​ទៅ​ម្ដាយ ​​ទិញ​សម្លៀក​បំពាក់​ខ្លះ ពេល​មាន​បុណ្យ​ទាន​ម្តងៗ បូក​សរុប​ទៅ​មួយ​ខែៗ​បាន​ត្រឹម​តែ​មួយ​រស់​មួយ​គែៗ​ដូច​សត្វ​មាន់ ពេល​ខ្លះ​រស់​លំបាក​ជាង​មាន់​ទៅ​ទៀត។
ដល់​ពេល​មាន​ជំងឺ​ធ្ងន់​ត្រូវ​ចាក់​ថ្នាំ ឬ​សម្រាក​ពេទ្យ​ម្តងៗ​ចាំ​បាច់​ត្រូវ​ខ្ចី​លុយ​គេ​បន្ថែម ហើយ​បំណុល​នេះ​ពិបាក​នឹង​រក​ពេល​សង​វិញ​ណាស់។ ការ​ហូប​ចុក​មិន​គ្រប់​របស់​កម្មករ​នេះ ក៏​ជា​កត្តា​រួម​ផ្សំ​មួយ ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់​នៅ​កន្លែង​ធ្វើ​ការ​ជា​ញឹក​ញាប់​ដែរ។
បញ្ហា​នេះ​មុន​នឹង​ក្រុម​ប្រឹក្សា​ការងារ​ប្រជុំ​ដោះស្រាយ​វិបត្តិ​ប្រាក់​ខែ​កម្មករ រដ្ឋាភិបាល​បាន​សិក្សា​ជា​មុន​ពី​តម្រូវ​ការ​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ដែល​អាច​រស់​បាន។ ការ​សិក្សា​ដែល​មាន​សមាសភាព​ពី​ក្រសួង​ការងារ តំណាង​និយោជក និង​តំណាង​សហជីព​កម្មករ​រក​ឃើញ​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ចន្លោះ ១៥៧ ទៅ ១៧៧​ដុល្លារ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ចាយ​គ្រប់​ក្នុង​មួយ​ខែ។ អ្នក​សេដ្ឋកិច្ច​ខ្លះ​ក៏បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំងអស់​អាច​សល់​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការ​ផល​ចំណេញ និង​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។
វិល​មក​រឿង​កម្មករ​វិញ ​ក្រៅ​ពី​បញ្ហា​ប្រាក់​ខែ​ចាយ​សល់​ថ្ងៃ​ក្នុង​១​ខែ​នោះ នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅ​ពេល​មាន​បាតុកម្ម​តាម​ផ្លូវ​សាធារណៈ មុខ​រោងចក្រ មន្ទីរ ក្រសួង​ពាក់​ព័ន្ធ​នានា និង​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ​ជាដើម។
ជួន​ពេល​ខ្លះ​ក្រុម​កម្មករ​មាន​ឱកាស​ស្រែក​ចេញ​អស់​ពី​បេះដូង និង​សរសេរ​អក្សរ​លើ​បដា​ធំៗ បង្ហាញ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គេ​ដូច​ជា​ករណី​រំលោភ​ច្បាប់​ការងារ រំលោភ​សិទ្ធិ សេចក្ដី​ថ្លៃថ្នូរ ពី​ថៅកែ​រោងចក្រ ការ​រើស​អើង​សហជីព ការ​បញ្ឈប់​កម្មករ​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់ និង​គ្មាន​សំណង ការ​មើល​ងាយ​លើ​កម្មករ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម។ ការ​បញ្ឈប់​តំណាង​សហជីព​មួយ​ចំនួន​នៅ​តាម​រោងចក្រ​នោះ ជា​ការ​ព្រមាន​កុំ​ឲ្យ​កម្មករ​ហ៊ាន​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​ការ​គំរាម​បែប​នេះ ខាង​និយោជក​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ ព្រោះ​កម្មករ​ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ថា ការ​ធ្វើ​បាតុកម្ម​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​អ្នកណា​ទេ ការ​ធ្វើ​បាតុកម្ម​ដើម្បី​ផល​ប្រយោជន៍​ពួក​គាត់ ហើយ​ក៏​មិន​មែន​ជា​ការ​ញុះញង់​ដែរ។
ការ​លើក​បដា ការ​ស្រែក​ប្រកូក​ប្រកាស​ជា​សាធារណៈ​ទាម​ទារ​រក​ដំណោះ​ស្រាយ​នោះ​ជូន​ទទួល​បាន​ដំណោះ​ស្រាយ​ខ្លះ​ ជូន​គ្មាន​បាន​អ្វី​ទាល់​តែ​សោះ ហើយ​ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដេញ​ចាប់ ដេញ​វាយ​តប់​រត់​ប្រផាប់​ប្រភីង​តែ​រៀងៗ​ខ្លួន។​ទំនង​ជា​បញ្ហា​លំបាក និង​គ្មាន​ដំណោះស្រាយ​បែប​នេះ​ហើយ​មើល​ទៅ​ បាន​ជា​ធ្វើ​ឲ្យ​ពួកគេ​ទ្រាំ​លែង​បាន​តទៅ​ទៀត​ ហើយ​សុខ​ចិត្ត​នាំគ្នា​ចេញ​តវ៉ា​ប្រថុយ​ស្លាប់​រស់​នឹង​គ្រាប់​កាំ​ភ្លើង និង​ការ​វាយ​ដំ​បែក​ក្បាល បាក់ជើង ចាប់​ដាក់​គុក​មិន​ស្វាង​នោះ។
ការ​កត់​សម្គាល់​ផ្សេង​ទៀត​ឃើញ​ថា បាតុកម្ម​របស់​កម្មករ​ទាម​ប្រាក់​ខែ​ឲ្យ​ស្រប​នឹង​ទំនិញ​ទីផ្សារ​នោះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៣ មក​ជា​បន្ត​បន្ទាប់​ហើយ​បញ្ហា​នេះ​វា​ក្លាយ​ជា​រឿង​ទុំ​ជោរ​មួយ ឬ​ជា​ដំបៅ​មហារីក​មួយ​នៅ​ក្នុង​សង្គម ប៉ុន្តែ​វា​ទើប​នឹង​បាន​ផ្ទុះឡើង​ខ្លាំង​ក្លា​ស្រប​ពេល​គ្នា នឹង​ការ​បោះ​ឆ្នោតជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ និង​ការ​ផ្ទុះឡើង​នៃ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទាម​ទារ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​នៅ​ឆ្នាំ​២០១៤ នេះ។
​ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​តែង​តែ​ស្រែក​ចំ​ទាល​ដាក់​មេក្រូ​ថា ប្រាក់​ខែ ១០០​ដុល្លារ​នេះ​ បើ​សិន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​ ឬ​ក្រុម​គ្រួសារ​លោក​វិញ​តើ​ចាយ​គ្រប់​អត់? រស់​បាន​អត់? ការ​ស្រែក​បែប​នេះ ប្រហែល​ជា​កម្មករ​ស្ថិត​នៅ​ក្នុង​ភាព​ទាល់​ច្រក​មួយ ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​ការ​ទាម​ទារ​ឲ្យ​បាន ១៦០​ដុល្លារ​នោះ ហើយ​នេះ​ក៏​ជា​សំណួរ​ដែល​គ្មាន​ចម្លើយ​រហូត​ដល់ពេល​នេះ ហើយ​ការ​ដាក់​សំណួរ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​ផ្ទុះ​សំណើច​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។
ក្រុម​កម្មករ​តែង​តែ​លើក​ឡើង​ជា​រឿយៗ​ថា បើ​សិន​ជា​ការ​ងារ​របស់​ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃ​អាច​រស់​នៅ​ហូប​ចុក​បាន​សមរម្យ ថ្លៃថ្នូរ មាន​ការ​គោរព​សិទ្ធិ​ពួក​គេ​បាន​ត្រឹម​ត្រូវ​នោះ ពិត​ជា​ពុំ​មាន​នរណា​ម្នាក់​មក​ហាន​ចេញ​មក​ឈរ​កាន់​បដា​ហាល​ថ្ងៃ​ដូច​ត្រីងៀត ដូច​លៀស​ហាល ហើយ​ថែម​យក​ជីវិត​មក​ប្រថុយ​លលេង​ជាមួយ​នឹង​គ្រាប់​កាំភ្លើង ខែល និង​ដំបង​ឆក់​របស់​សមត្ថ​កិច្ច​នោះ​ឡើយ។
ចំណែក​ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​ដែល​គាំទ្រ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ វិញ​បាន​ពោល​បែប​ឌឺ​ទៅ​រដ្ឋាភិបាល​ថា បើ​ចិត្ត​សឿង​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដូច​ការ​ទាម​ទារ​នោះ​សាកល​មើល តើ​មាន​បាតុកម្ម​ទៀត​អត់? មាន​អ្នក​ណា​មាន​លទ្ធភាព​ក្នុង​ការ​ញុះញង់​នោះ​ទេ? ពេល​នោះ​អ្នក​គ្រប់​គ្នា​ដឹង​កាន់​តែ​ច្បាស់​ថា តើ​បញ្ហា​បាតុកម្ម​នេះ កើត​ឡើង​ដោយ​សារ​ការ​ញុះញង់ ឬ​ក៏​ជា​រឿង​បញ្ហា​ក្រពះ​របស់​អ្នក​ក្រ?


No comments:

Post a Comment