បាតុករដែលត្រូវកម្លាំងចម្រុះចាប់ខ្លួនក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាលើក្រុមកម្មករនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ម្ដុំសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Jeevita
អង្គការ សិទ្ធិមនុស្ស ស្នើឲ្យ រដ្ឋាភិបាល បញ្ឈប់អំពើហិង្សា លើ កម្មករ
ដោយ ខែ សុណង / អាស៊ីសេរី | ៣០ មេសា ២០១៤
អង្គការ មិនមែនរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍ ស្នើឲ្យ រដ្ឋាភិបាល បញ្ឈប់ការប្រើអំពើហិង្សា ទៅលើ កម្មករ និងដោះស្រាយ បញ្ហាកម្មករ ដោយសន្តិវិធី មិនគាបសង្កត់ តាមផ្លូវតុលាការ ទម្លាក់ការចោទប្រកាន់ ដោះលែងមនុស្ស ហើយ បើកការស៊ើបអង្កេត រកជនប្រព្រឹត្តបាញ់សម្លាប់ កម្មករ យកមកផ្ដន្ទាទោស តាមច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិកម្មករក្នុងប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិ ស្របពេលដែលពិភពលោក និងប្រទេសកម្ពុជា នឹងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា លើកទី១២៨ ក្នុងឆ្នាំ២០១៤ នេះ។
លោកបញ្ជាក់ថា នៅដើមឆ្នាំ២០១៤ គឺជាឧទាហរណ៍មួយដែលសឲ្យឃើញថា រដ្ឋាភិបាលបានប្រើហិង្សាបង្ក្រាបទៅលើក្រុមកម្មករដែលបានតវ៉ាដោយសន្តិវិធី។ សមាគមនេះនៅតែបន្តគាំទ្រយ៉ាងពេញទំហឹង និងជំរុញឲ្យអោយមានការគោរពសិទ្ធិការងារ ពិសេសសិទ្ធិកម្មករក្នុងប្រទេសកម្ពុជា៖ «ក្នុងនោះយើងមើលតាំងពីលក្ខខណ្ឌការងារនៅក្នុងរោងចក្រ ក៏ដូចជា លក្ខខណ្ឌនៃការតវ៉ាផ្សេងៗ ដែលកម្មករមានសិទ្ធិមួយធានាដោយច្បាប់នោះ ត្រូវបានរដ្ឋាភិបាលធ្វើការរារាំង ឬក៏បង្ក្រាបបំបិទសិទ្ធិសេរីភាព ក្នុងការតវ៉ាទាំងអស់នោះ កុំឲ្យធ្វើការតវ៉ាទាមទារនូវលក្ខខណ្ឌការងារមួយចំនួនដែលមានចែងនៅក្នុងច្បាប់។ យើងចង់បង្ហាញទៅសាធារណជនថា កម្ពុជាពុំបានអនុវត្តទៅតាមច្បាប់ការងារកម្ពុជា អនុសញ្ញាអន្តរជាតិផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងការធានាទៅលើសិទ្ធិកម្មករហ្នឹង»។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុក បានសរសេររំលឹកឡើងវិញនូវព្រឹត្តិការណ៍បង្ក្រាបក្នុងពេលចេញតវ៉ារបស់កម្មករពីសំណាក់កងកម្លាំងអាជ្ញាធររដ្ឋាភិបាលដោយប្រើកម្លាំងលើសលប់ កាលពីពេលថ្មីៗនេះ។ ករណីតវ៉ាដោយកម្មកររោងចក្រ អែស.អិល (SL) នៅពេលពួកគេព្យាយាមដើរមករកអន្តរាគមន៍ទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានកងកម្លាំងរដ្ឋាភិបាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក រ័ត្ន ស្រាង និងស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ នៅចំណុចស្ពានស្ទឹងមានជ័យ ដោយប្រើប្រាស់កាំភ្លើងគ្រាប់ពិត រថយន្តពន្លត់អគ្គិភ័យ ខែល និងដំបងឆក់ វាយនិងបាញ់បង្ក្រាបទៅលើក្រុមបាតុករបណ្ដាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ ឈ្មោះ ហេង សុខុម អាយុ ៤៩ឆ្នាំ ស្លាប់ និងមនុស្សជាច្រើននាក់រងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣។
ទន្ទឹមនឹងគ្នានេះ ក្នុងព្រឹត្តិការណ៍នោះដែរប៉ូលិសបានចាប់ខ្លួនព្រះសង្ឃវត្តស្ទឹងមានជ័យ ៧អង្គ និងមនុស្សចំនួន ៣១នាក់ផ្សេងទៀត បន្ទាប់មកដោះលែងវិញ នៅសល់តែយុវជន ២នាក់កំពុងជាប់ចោទពីបទបង្កហិង្សាដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា បទជេរប្រមាថអ្នករាជការសាធារណៈ និងពីបទរារាំងអ្នករាជការសាធារណៈ។
សេចក្ដីថ្លែងការណ៍ដដែលក៏បានរំលឹកឡើងវិញនូវព្រឹត្តិការតវ៉ាដំឡើងប្រាក់ខែ ១៦០ដុល្លាររបស់កម្មករនៅផ្លូវវ៉េងស្រេង សួនឧស្សាហកម្មកាត់ដេរ និងរោងចក្រយ៉ាកជីន ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ថា កងកម្លាំងរដ្ឋាភិបាល កងកម្លាំងយោធា កងឆត្រយោងលេខ៩១១ ដឹកនាំដោយលោក ចាប ភក្ដី បានបង្ក្រាបដោយហិង្សាធ្ងន់ធ្ងរតាមរបៀបប្រតិបត្តិការសឹក។ ការបង្ក្រាបដោយវាយធ្វើទារុណកម្ម ចាប់ខ្លួន និងប្រើអាវុធស្វ័យប្រវត្តិបាញ់គ្រាប់ពិតទៅលើអ្នកតវ៉ា បណ្ដាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួសជិត ៤០នាក់ ហើយចាប់ខ្លួនមនុស្សចំនួន ២៣នាក់ដាក់ពន្ធនាគារ ជាប់ចោទពីបទញុះញង់ឲ្យមានអំពើហិង្សា។ ដោយឡែកសមត្ថកិច្ចដែលប្រើកាំភ្លើងបាញ់សម្លាប់មនុស្ស រដ្ឋាភិបាលបានខកខានក្នុងការស៊ើបអង្កេតរកជនប្រព្រឹត្តមកផ្ដន្ទាទោសឡើយ។ ករណីធំៗទាំងពីរនេះ សេចក្ដីថ្លែងការណ៍នេះបានបរិយាយថា មិនត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនជនប្រព្រឹត្តប្រើអាវុធបាញ់សម្លាប់មនុស្ស និងធ្វើទារុណកម្មលើបាតុកម្មអហិង្សាយកមកផ្ដន្ទាទោសនោះទេ ផ្ទុយទៅវិញអាជ្ញាធររដ្ឋាភិបាលបានប្រើប្រព័ន្ធតុលាការដើម្បីចាប់ខ្លួនជនរងគ្រោះទាំងនោះដាក់ពន្ធនាគារទៅវិញ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានច្រានចោលចំពោះលើកឡើងនេះ។ លោកបានហៅការលើកឡើងនេះ ថាមានទិសដៅដើម្បីផលប្រយោជន៍របស់អង្គការ ដែលការលើកឡើងពុំមានហេតុផល។
លោក ផៃ ស៊ីផាន៖ «គាត់និយាយប្រាប់ប្រជាពលរដ្ឋថា ផលមួយចំហៀង ប៉ុន្តែហេតុដែលកើតឡើងគាត់អត់ដែលនិយាយ។ រហូតមកដល់ពេលនេះ តើប្រទេសណាមួយដែលដោះស្រាយបាន ១០០ភាគរយ? តាមមើលអត់មានទេ ក៏ប៉ុន្តែប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ ប្រឹងប្រែងធ្វើយ៉ាងដូចម៉េចដើម្បីធ្វើឲ្យការវិវឌ្ឍន៍ហ្នឹងកាន់តែបន្តទៅ ហើយមានភាពប្រសើរៗ ភាពប្រសើរឡើងពីមួយពេលទៅមួយពេល ពីមួយឆ្នាំទៅមួយឆ្នាំ នេះគឺជាជោគជ័យរបស់ការប្រឹងប្រែងរដ្ឋាភិបាល ក៏ដូចជាកម្មករហ្នឹងដែរ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើអំពើហិង្សាទៅលើកម្មករ និងដោះស្រាយបញ្ហាកម្មករដោយសន្តិវិធី មិនគាបសង្កត់តាមផ្លូវតុលាការ ទម្លាក់ការចោទប្រកាន់ដោះលែងមនុស្ស ២៣នាក់អោយមានសេរីភាព ហើយបើកការស៊ើបអង្កេតរកជនប្រព្រឹត្តបាញ់សម្លាប់កម្មករយកមកផ្ដន្ទាទោសតាមច្បាប់៕
No comments:
Post a Comment