អាជ្ញាធរ ហ៊ុំព័ទ្ធលួសបន្លានៅទីលានប្រជាធិបតេយ្យ មិនឲ្យមានការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ(រូបថតដោយឡាយ សាមាន)
សាលារាជធានី ចំណាយពេល ជិត៤ខែ ហើយ ក្នុងការស៊ើបអង្កេត នៅទីលានប្រជាធិបតេយ្យ
ដោយ៖ ស៊ុន ណារិន / វិអូឌី | ថ្ងៃព្រហស្បតិ៍ ទី1 ខែឧសភា ឆ្នាំ2014
សាលារាជធានី ភ្នំពេញ បញ្ជាក់ទៅ តំណាងសហភាព សហព័ន្ធ សហជីព និងសមាគម ថា អាជ្ញាធរ មិនអនុញ្ញាត ឲ្យយក ទីលានប្រជាធិបតេយ្យ ដើម្បីប្រារព្ធ ទិវាពលកម្មអន្តរជាតិ លើកទី១២៨ ក្រោមហេតុផល ថា កំពុងស្ថិតនៅក្រោម ការស៊ើបអង្កេត។
រហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ដែលសាលារាជធានី បានយកទីលានប្រជាធិបតេយ្យ ដើម្បីស៊ើបអង្កេត។
សេចក្តីជូនដំណឹងរបស់សាលារាជធានី ចេញផ្សាយកាលពីថ្ងៃពុធ ឲ្យដឹងថា សាលារាជធានី មិនអនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យ ឬទីតាំងសាធារណៈណាមួយ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ដោយហេតុថា ទីលានប្រជាធិបតេយ្យ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់គណៈកម្មការស្រាវជ្រាវហេតុការណ៍ ដែលនាំឲ្យកើតមានហិង្សានៅតំបន់ផ្លូវវ៉េងស្រេង។
ក្នុងហេតុការណ៍ប៉ះទង្គិច កាលពីថ្ងៃទី២ និងទី៣ ខែមករា រវាងកងកម្លាំងប្រដាប់អាវុធ ជាមួយកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ យ៉ាងហោចណាស់ ជិត៤០នាក់រងរបួសធ្ងន់ និងស្រាល ហើយ២៣នាក់ត្រូវបានឃុំខ្លួននៅត្រពាំងផ្លុង ខេត្តកំពង់ចាម។
សាលារាជធានីបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការមិនឲ្យប្រារព្ធការជួបជុំនៅទីលានប្រជាធិបតេយ្យ ដោយសារស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងមមាញឹកក្នុងការត្រៀមរៀបចំការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់វគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី។សាលារាជធានី ណែនាំឲ្យតំណាងសហភាព សហព័ន្ធ សហជីព និងសមាគម រៀបចំនៅតាមទីស្នាក់ការរបស់ខ្លួន នៅតាមមូលដ្ឋានរោងចក្រឬទីតាំងឯកជនសមស្របណាមួយ ដោយពុំមានការហែក្បួនបឡើយ។
ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ មកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បាតុកររបស់គណបក្សសង្គ្រោះជាតិពីរាប់ម៉ឺនដល់ជិតលាននាក់បានប្រមូលផ្តុំជាប្រចាំនៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ចូលរួមធ្វើកំណែទម្រង់ ការបោះឆ្នោត និងរៀបចំការបោះឆ្នោតឡើងវិញ។ តែការប្រមូលផ្តុំនេះ ត្រូវបញ្ចប់នៅពេលដែលកម្លាំងសមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី៤ ខែមករា។
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១០ សាលារាជធានីភ្នំពេញ បានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅខាងលិចស្ពាននាគ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់អតីតអភិបាលលោកកែប ជុតិមា។ទីលានប្រជាធិបតេយ្យ ជាកន្លែង ដែលប្រជាពលរដ្ឋ អាចប្រមូលផ្តុំ និងបញ្ចេញមតិបាន៕
No comments:
Post a Comment