Paris Peace Accords 23 Oct. 1991

Sunday, May 11, 2014

យោធា​ ព្រំដែន​ បង្កើន​ ការ​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​អ្នកស្រី យីងឡាក់ ឆ្លាក់​ពី​តំណែង

យោធា​ ព្រំដែន​ បង្កើន​ ការ​ប្រុង​ប្រយ័ត្ន​ បន្ទាប់​ពី​អ្នកស្រី យីងឡាក់ ឆ្លាក់​ពី​តំណែង

RFA | 10 May 2014
ទាហាន​ខ្មែរ ព្រះវិហារ ៣០៥
ក្រុម​ប៉ូលិស និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ កំពុង​ឆ្លុះ​កែវយឹត ដើម្បី​មើល​សកម្មភាព​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​ជាប់​បន្ទាត់​ព្រំដែន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។  RFA/Hang Savyouth

ក្រោយ​ពេល​ ដែល​តុលាការ​ ធម្មនុញ្ញ ​របស់ ​ប្រទេស​ថៃ សម្រេច​ ដក​ហូត​តំណែង​ នាយក​រដ្ឋ​មន្ត្រី​ ពី​លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ (Yingluck Shinawatra), ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា​ចាប់​ផ្ដើម​ ព្រួយ​បារម្ភ​ ទៅ​​​លើ​បញ្ហា​ ជម្លោះ​ព្រំដែន​ កម្ពុជា-ថៃ ដែល​អាច​ នឹង​បន្ត​ឡើង​វិញ។


ការព្រួយ​បារម្ភ​​នេះ បន្ទាប់ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា ផ្នែក​យោធា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​បាន​ស្ងប់ស្ងាត់ រយៈ​ពេល​ជាង​៣ឆ្នាំ​មកហើយ។ តើ​ស្ថាន​ការណ៍​ទូទៅ នៅ​តាម​តំបន់ជម្លោះ​ព្រំដែន​យ៉ាងណា​ ក្នុង​ពេល​បច្ចុប្បន្ន?

កង​ការពារ​ព្រំដែន​ខ្មែរ​មួយ​ចំនួន​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ ឱ្យដឹងថា៖ ពួកគេ​កំពុង​រៀបចំ​ខ្លួន​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ផ្នែក​យោធា​ឡើងវិញ។ ការ​ប្រុង​ប្រយ័ត្ន​នៅតាម​បន្ទាត់​ព្រំដែនខ្មែរ ដែល​ជា​តំបន់​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​នេះ គឺ​​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ថៃ បាន​សំរេច​ដកហូត​ដំណែង​នាយក​រដ្ឋ​មន្ត្រី​ពី​លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ។

យោធា​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​យោធា​មួយ​ចំនួន​ទៀត ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​នៅ​ជិ​ត​តំបន់​ប្រាសាទ​ព្រះវិហារ​នៃ​ស្រុក​ជាំ​ក្សាន្ត។ គាត់​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃសៅរ៍​ទី១០ ខែ​ឧសភា ថា កងទ័ព​ខ្មែរ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ចាប់ផ្ដើម​ប្រុង​ប្រយ័ត្ន​ឡើង​វិញ ក៏ប៉ុន្តែ​ស្ថានភាព​យោធា​នៅ​តាម​ព្រំដែន​មិនមាន​អ្វី​ខុស​ធម្មតា​ទេ៖ «មិន​មាន​អ្វី​ទេ​អត់​អ្វី​ទេ ប៉ុន្តែ​យើងគ្រាន់តែ​ត្រៀមៗ ​ប្រយ័ត្ន​ទៅ​ ពីព្រោះ យីងឡាក់ បាន​​ចុះ​ចេ​ញ​ហើយ គឺ​យើង​ខ្លាច​ក្រែង​មាន​ការប្រយុទ្ធ​គ្នា»

ចំណែក​មេ​បញ្ជាការ​កង​ការពារ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏​អះអាង​ប្រហាក់​ប្រ​ហែ​ល​គ្នា​ដែរ​ថា ស្ថានភាព​យោធា ខ្មែរ-ថៃ នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន គឺ​ស្ថិត​ក្នុង​ការទាក់ទង​គ្នា​ល្អនៅឡើយ។

លោក​ឧត្ដមសេនីយ៍ ខេង សុមេធ ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ ទទួលបន្ទុក​ព្រំដែន​ទិស​ប្រាសាទ​ព្រះវិហារ​មាន​ប្រសាសន៍ថា រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​ទាហាន ខ្មែរ-ថៃ តាម​តំបន់​ទល់​មុខ​គ្នា​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ៖ «អត់​មាន​អីផង ស្ងប់ស្ងាត់ ទំនាក់ទំនង​គ្នា​ធម្មតា។ មិន​ដែល​មាន​អ្វី​ផង ពួក​ខ្ញុំ​ទំនាក់ទំនង​គ្នា​ធម្មតា គេ​ក៏​មក​រក​យើង​ហើយ​យើង​ក៏​ទៅ​គេ»

ការ​ប្រឈម​មុខ​ផ្នែក​យោធា​ដាក់​គ្នា​រវាង ខ្មែរ-ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ខេត្ត​ឧត្តរ​មាន​ជ័​យ និង​នៅ​ជិត​ប្រាសាទ​ព្រះ​វិហារ ខេត្ត​ព្រះវិហារ​បាន​ស្ងប់​ស្ងាត់​រយៈ​ពេលជាង៣​ឆ្នាំ​ហើយ ចាប់តាំង​ពី​លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ ដែល​ជាប្អូន​ស្រី​របស់លោក ថាក់ ស៊ីន បាន​ឡើង​កាន់​ដំណែ​ង​ជានាយករដ្ឋ​មន្ត្រី​ថៃ។ ក៏ប៉ុន្តែ​កាល​ពី​ដើម​សប្ដាហ៍​នេះ​តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​ដកហូត​តំ​ណែង នាយក​រដ្ឋ​មន្ត្រី​ពី​លោកស្រី យីងឡាក់។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សំដែង​ការ​ព្រួយ​បារម្ភ​ជុំវិញ​រឿង​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡើងវិញ។

អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណរដ្ឋ​មន្ត្រី បាន​ចេញ​សេចក្តី​ប្រកាស​ពត៌​មាន​មួយ​ឱ្យ​ដឹង​ថា ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​គណៈរដ្ឋ​មន្ត្រី កាល​ពី​ថ្ងៃទី៩ ខែ​ឧសភា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ និង​អាជ្ញាធរ​ដែនដី​នៅ​តាម​បណ្ដោយ​ព្រំដែន កម្ពុជា-ថៃ ឱ្យ​រក្សាភាព​ស្ងប់​ស្ងាត់ និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កងទ័ព ក៏​ដូច​ជាអាជ្ញាធរ​ដែនដី នៃព្រះរាជាណាចក្រថៃ៕

No comments:

Post a Comment