Paris Peace Accords 23 Oct. 1991

Monday, May 26, 2014

ប្រទះ​ឃើញ ​គ្រោង​ឆ្អឹង​មួយ ​នៅ​កំពង់ស្ពឺ​ សង្ស័យ​ថា​ សព​កម្មករ​ បាត់​ខ្លួន ​នៅ​ផ្លូវ​ វ៉េងស្រេង | Bones found in Kampong Speu may be that of worker, 19-year-old Khim Sophat, disappeared from Veng Sreng violence in January

ប្រទះ​ឃើញ ​គ្រោង​ឆ្អឹង​មួយ ​នៅ​កំពង់ស្ពឺ​ សង្ស័យ​ថា​ សព​កម្មករ​ បាត់​ខ្លួន ​នៅ​ផ្លូវ​ វ៉េងស្រេង

ដោយ ទេព សុរ៉ាវី / RFA | 26 May 2014
ប៉ូលិស វ៉េងស្រេង ៦១០
កង​កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល ដើរ​ល្បាត​តាម​ផ្លូវ​វ៉េងស្រេង ក្រោយ​បាញ់​បង្ក្រាប​បណ្ដាល​ឲ្យ​បាតុករ​ស្លាប់ កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១៤។  RFA/Sek Bandith

កម្លាំង​ សមត្ថកិច្ច​ ជំនាញ ​ខេត្ត ​កំពង់ស្ពឺ នៅ​ថ្ងៃ​ ទី​២៦ ឧសភា ចុះ​ទៅ​ស្រាវជ្រាវ ​ស្វែង​រក ​ឆ្អឹង​មនុស្ស​ម្នាក់ ដែល​ត្រូវ​ គេ​ ដុត​សព​ចោល​ នៅ​ជើង​ភ្នំ​ ម្រះព្រៅ ក្នុង​ស្រុក ​សំរោងទង បន្ទាប់​ ពី​អ្នក​គង្វាលគោ​ ម្នាក់ ​ប្រទះ​ឃើញ និង​សង្ស័យ ថា, អាច ​ជា​សព​ កម្មករ​ម្នាក់​ ដែល​បាត់​ខ្លួន​ ក្នុង​ព្រឹត្តិការណ៍ ​បាញ់​សម្លាប់​ របស់ ​សមត្ថកិច្ច​ កាល​ពី​ដើម​ខែ ​មករា។  អាជ្ញាធរ ​ស្រុក​ សំរោងទង ចាត់​ទុក​ ការ​សន្និដ្ឋាន​នោះ, គឺ​ ផ្ដេសផ្ដាស, ​គ្មាន​មូលដ្ឋាន ​ត្រឹមត្រូវ, ​មិន​អាច​ យក​ជា​ការ​បាន។

អ្នក​ភូមិ​ ជា​អ្នក​ គង្វាលគោ ​ម្នាក់ ប្រទះ​ឃើញ​ ឆ្អឹង​លលា ដ៍ក្បាល, ឆ្អឹង​ជង្គង់, និង​ឆ្អឹង​ស្មងជើង នៅ​កន្លែង​ដុត ​សាកសព​ កណ្ដាល​ព្រៃ​មួយ នៅ​ជើង​ភ្នំ ​ម្រះព្រៅ ក្នុង​ស្រុក ​សំរោងទង ខេត្ត ​កំពង់ស្ពឺ ដោយ​សង្ស័យ​ ថា, ឆ្អឹង​សព​នោះ ទំនង​ ជា​របស់​ កម្មករ ​កាត់ដេរ​ម្នាក់ ដែល​បាត់​ខ្លួន​ ក្នុង​ការ​បង្ក្រាប ​របស់ ​សមត្ថកិច្ច ​នៅ​ផ្លូវ​ វ៉េងស្រេង កាល​ពី​ដើម​ខែ ​មករា។

យុវជន ឌីម គាង អ្នក​គង្វាលគោ និង​ជា​សកម្មជន ​គណបក្ស​ សង្គ្រោះ​ជាតិ​ ផង​នោះ បាន​ដើរ ​រក​គោ​ ដែល​បាត់​ កាល​ពី​ថ្ងៃ​ ទី​២៣ ឧសភា។  លុះ ​ដើរ​ដល់ ​ជើងភ្នំ​ ម្រះព្រៅ ក៏​ប្រទះ​ឃើញ កន្លែង​មួយ ​ឆេះ​ខ្លោច ដោយ​ចំហេះ​ កង់ឡាន​ ជា​ច្រើន។  យុវជន​ ដដែល​ បន្ត​ថា, គេ​ បាន​យក​ ជើង​ឈូស ​ផេះ ​ទាំង​នោះ​ចេញ ក៏​ស្រាប់តែ ​ឃើញ​បំណែក​ឆ្អឹង​ ជា​ច្រើន ជា​ប្រភេទ​ ឆ្អឹង ​លលា ដ​ឆ្អឹង, ​ជង្គង់, និង​ឆ្អឹង​ ស្មងជើង។

ប្រភព ​ដដែល​ បន្ត​ថា ភ្លាមៗ​ ក្រោយ ​ពី​ឃើញ​ឆ្អឹង​ ទាំង​នោះ, ​គេ​ បាន​ថតរូប​ទុក ជា​ភស្តុតាង និង​បាន​ត្រឡប់ ​ទៅ​ភូមិ ​រាយការណ៍​ ទៅ​លោក នុត រំដួល តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ មណ្ឌល​ កំពង់ស្ពឺ។

យុវជន ​ដដែល ​បន្ត​ថា, គាត់​ មិន​អាច​ សន្និដ្ឋាន​ថា ឆ្អឹង​ ដែល​ប្រទះ ឃើញ​នោះ ជា​ឆ្អឹង​កម្មករ ដែល​បាត់​ខ្លួន ​កាល​ពី​ថ្ងៃ ​ទី​៣ មករា ឬ​យ៉ាង​ណា​ទេ។  តែ​ គេ​ អាច​និយាយ​ បាន​ថា, ការ​ដុត​ សព​នោះ​ ទំនង​ ជា​កើត​ឡើង​ ចន្លោះ​ពី២ ទៅ ៣​ខែ​មុន, ព្រោះ ​បើ​ តាម​កន្លែង​ កើត​ហេតុ, ពន្លក​ស្មៅ​ តូចៗ ​ជា​ច្រើន ​ទើបតែ​ ចាប់​ផ្ដើម​ដុះ​ ឡើង​វិញ ក្រោយ​ពី​ឆេះ​ ខ្លោច​អស់ ​នៅ​បរិវេណ​នោះ។

​លោក នុត រំដួល តំណាងរាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ មណ្ឌល​ កំពង់ស្ពឺ មិន​អាច​ ទាក់ទង​ សួរ​ ពី​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​​ថ្ងៃ ​ទី​២៦ ឧសភា។

តែ​ បើ​ តាម​សមាជិក ​ក្រុមប្រឹក្សា​ ខេត្ត​ កំពង់ស្ពឺ មក​ពី​គណបក្ស​ សង្គ្រោះ​ជាតិ លោក ទាង សៀន ឲ្យ​ដឹង​ថា, សកម្មជន ​ស្ម័គ្រ​ចិត្ត​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ពិត​ជា​ប្រទះ​ឃើញ ​ឆ្អឹង​សព​ ដែល​សង្ស័យ​ ថា ជា​របស់ ​កម្មករ​ កាត់ដេរ ​ដែល​បាត់​ខ្លួន​ ពិត​មែន។   តែ​ ខាង​គណបក្ស ​នៅ​មិន​ទាន់​ ឲ្យ​អ្នក​ជំនាញ​ ធ្វើ​កោ សលវិច័យ​ នៅ​ឡើយ​ទេ។

លោក ​បន្ត​ថា ទាំង​សាក្សី​ និង​ភស្តុតាង​ ជា​រូបថត និង​ឆ្អឹង​សព ត្រូវ​ បាន​យក​មក ​ឲ្យ​ស្នាក់នៅ​ និង​ទុក​ បណ្ដោះអាសន្ន នៅ​ទីស្នាក់ការ​ កណ្ដាល​ បក្ស​សង្គ្រោះ​ជាតិ នៅ​ភ្នំពេញ ដើម្បី​ រក្សា​សុវត្ថិភាព ​និង​ភស្តុតាង​ទុក រង់ចាំ​ ថ្នាក់​ដឹក​នាំ​ គណបក្ស​ សង្គ្រោះ​ជាតិ សម្រេច​ថា នឹង​ចាត់ការ​ បែប​ណា​ ចំពោះ ​រឿង​នេះ។

កម្មករ​ កាត់ដេរ ​ម្នាក់​ ឈ្មោះ ឃឹម សាផាត អាយុ ១៦​ឆ្នាំ បាន​បាត់​ខ្លួន បន្ទាប់ ពី​បាញ់​បង្ក្រាប ​នៅ​ផ្លូវ ​វ៉េង ស្រេង របស់​ សមត្ថកិច្ច កាល​ពី​ថ្ងៃ​ ទី​៣ មករា នៅ​ពេល ​ដែល​មាន​ ការ​ផ្ទុះ​ តវ៉ា ​ទាមទារ​ ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ។  សាក្សី​ ជា​ច្រើន ​ឲ្យ​ដឹង​ ថា, ឃឹម សាផាត ត្រូវ ​គ្រាប់​កាំភ្លើង​ ចំ​ដើម​ទ្រូង​ ស្លាប់, ហើយ ​ត្រូវ​ សមត្ថកិច្ច​ សម្រុះ​លើក​ដាក់​ រថយន្ត ​ដឹក​ទៅ​បាត់។

ឪពុក ​របស់ ​យុវជន ឃឹម សាផាត គឺ លោក ឃឹម សឿន ឲ្យ​ដឹង​ថា គាត់ ​អាច​ចំណាំ​ កូន​ប្រុស ​តាម​រយៈ​ អាវ​ និង​ខោ ​ដែល​គេ ​ស្លៀក​ ក្នុង​ថ្ងៃ​ បាតុកម្ម។  ប៉ុន្តែ ​បើ ដុត​ឆេះ​ អស់​ហើយ អ្វី​ ដែល​គាត់ ​គិត​ថា អាច​ផ្គូផ្គង ​ថា,​ ឆ្អឹង​នោះ​ ជា​កូនប្រុស ​គាត់​ពិត ឬ​មិន​ពិត​នោះ, គឺ​ មាន​តែ​ ការ​ពិនិត្យ DNA, ហើយ​ គាត់​ សង្ឃឹម​ថា សមត្ថកិច្ច ឬ​អង្គការ​ សង្គម​ស៊ីវិល​ នឹង​ជួយ ​រក​ការ​ពិត ឬ​អាច​ កំណត់​អត្តសញ្ញាណ​ ឆ្អឹង​នោះ ​បាន ​ក្នុង​ពេល​ ឆាប់ៗ។

មន្ត្រី ​ស៊ើប​អង្កេត ​អង្គការ​ អាដហុក លោក ចាន់ សុវ៉េត ឲ្យ​ដឹង​ ថា, ករណី​នេះ ​រាជរដ្ឋាភិបាល ​ត្រូវ ​ចេញ​មុខ​ ស្រាវជ្រាវ ​រក​យុត្តិធម៌ ព្រោះ​ ជនរងគ្រោះ​ ដែល​បាត់​ខ្លួន​នេះ មិន​ដឹង ​ថា ស្លាប់ ​ឬ​រស់, ហើយ​ ត្រូវ​ ប្រមូល​ទិន្នន័យ ​ពី​ករណី​នេះ​ ឲ្យ​បាន​គ្រប់ ​ជ្រុងជ្រោយ ដើម្បី​ កំណត់ ​អត្តសញ្ញាណ ​ឆ្អឹង​ ដែល​រក​ឃើញ។

​ទាក់ទង ​បញ្ហា​នេះ អធិការ​ស្រុក​ សំរោងទង លោក ផុត សុផល  ប្រាប់​ថា មន្ត្រី​ជំនាញ ​របស់ ​លោក​ កំពុង​ចុះ​ទៅ ស្រាវជ្រាវ​ និង​ស្វែង​រក ​ឆ្អឹង​នោះ, ប៉ុន្តែ​ លោក នៅ​មិន​ទាន់ ​អាច​និយាយ ​លំអិត ​ពី​រឿង​នេះ ​នៅ​ឡើយ។  លោក ​សង្ស័យ​ថា, ករណី​នេះ ​ទំនង​ ជា​មិនមែន​ ឆ្អឹង​សព ​របស់​ កម្មករ​ណា ​ដែល​បាត់​ខ្លួន​ នោះ​ទេ, តែ​ អាច​ជា​សព​ អ្នក​ស្រុក​ឆ្ងាយ ​ដែល​ទៅ​មើល ​ជំងឺ​ នៅ​វត្ត​មួយ ​ក្បែរ​នោះ លុះ​ ពេល​ស្លាប់ ​ក៏​បូជា​ នៅ​ទី​នោះ​ តែម្ដង។

​កាលពី​ថ្ងៃ​ ទី​២ និង​ថ្ងៃ​ ទី​៣ មករា ទាហាន​ និង​សមត្ថកិច្ច ​ចម្រុះ ​រាប់​រយ​នាក់ បាន​ចុះ​បង្ក្រាប​ ការ​តវ៉ា ​ទាមទារ ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ ដែល​បណ្ដាល​ ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់ និង​បាត់​ខ្លួន​ម្នាក់ គឺ ​យុវជន ឃឹម សាផាត និង​មនុស្ស ២៣​នាក់ ​ផ្សេង​ទៀត ត្រូវ​ ចាប់​ខ្លួន តែ ​ក្រោយ​មក​ ដោះលែង​ ឲ្យ​នៅ ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន ២​នាក់៕


No comments:

Post a Comment