ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍
CCHR ផ្ញើលិខិតចំហ ទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យពិនិត្យ សេចក្តីព្រាងច្បាប់ ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា
ដោយ៖ ណាត សុភាព / វីអូឌី | ថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2014
មជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា (CCHR) នៅថ្ងៃពុធនេះ បានផ្ញើលិខិតចំហមួយ ទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យពិនិត្យឡើងវិញ លើសេចក្តីព្រាងច្បាប់ ស្តីពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារ ច្បាប់នេះ ធ្វើឲ្យប៉ះពាល់ ដល់សេរីភាពបញ្ចេញមតិ នៅកម្ពុជា។
លិខិតចំហរបស់នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ចុះផ្សាយនៅថ្ងៃ៣០ ខែមេសានេះថា សេចក្តីព្រាងច្បាប់ ស្តីពី ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ នៅត្រង់មាត្រា២៨ បានកំណត់ពីការហាមលើការបោះពុម្ពផ្សាយព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មន្ត្រីរដ្ឋាភិបាល ឬព័ត៌មានណាដែលបង្កឲ្យមាន អសន្តិសុខ អស្ថេរភាព និងរបៀបរៀបរយខាងនយោបាយ ឬធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌ និងគុណតម្លៃ វប្បធម៌សង្គមជាដើម។
VOD មិនអាចសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក ប្រាក់ សុខុន បានទេ នៅថ្ងៃពុធនេះ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ធ្លាប់មានប្រសាសន៍ថា ច្បាប់នេះកំពុងស្ថិតក្នុងការពិភាក្សាសម្ងាត់ ពីស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ហើយមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សា ផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា ច្បាប់នេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការបញ្ចេញមតិ ពិសេសអ្នកសារព័ត៌មាន ហើយមុននឹងរដ្ឋាភិបាលចេញច្បាប់អ្វីមួយ ត្រូវឆ្លងកាត់ការពិភាក្សាពីស្ថាប័នផ្សេងៗសិន។
លិខិតចំហដដែល ជំរុញទៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ឲ្យពិនិត្យឡើងវិញ លើសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ីនធើណែតនេះ ដោយធ្វើការផ្សព្វផ្សាយជាសាធារណៈ និងទូលំទូលាយ ដើម្បីអនុញ្ញាតឲ្យមានការពិគ្រោះយោបល់ពេញលេញ ពីភាគីពាក់ព័ន្ធទាំងអស់ រួមមានអង្គការសង្គមស៊ីវិលជាដើម ដើម្បីធានាឲ្យច្បាប់នេះឥតលម្អៀង មានប្រសិទ្ធភាព និងតម្លាភាព៕
No comments:
Post a Comment