Paris Peace Accords 23 Oct. 1991

Saturday, May 3, 2014

មន្ត្រី​UN៖ កិច្ចព្រមព្រៀង​ ជនភៀសខ្លួន​ ជាមួយ​ អូស្ត្រាលី នឹង​ត្រូវ​អនុវត្ត​ តែ​ក្នុង​លក្ខខណ្ឌ ​នៃ​ការទទួល​ ដោយ​ស្ម័គ្រចិត្ត ​តែប៉ុណ្ណោះ​​

លោកស្រី Flavia Pansieri ឧត្តម​ស្នងការរង​ទទួលប​ន្ទុ​ក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ(រូបថតដោយតាំង វីដា)

មន្ត្រី​UN៖ កិច្ចព្រមព្រៀង​ ជនភៀសខ្លួន​ ជាមួយ​ អូស្ត្រាលី នឹង​ត្រូវ​អនុវត្ត​ តែ​ក្នុង​លក្ខខណ្ឌ ​នៃ​ការទទួល​ ដោយ​ស្ម័គ្រចិត្ត ​តែប៉ុណ្ណោះ​​


ដោយ៖​ ស៊ុន ណារិន​ / វីអូឌី | ថ្ងៃសៅរ៍ ទី3 ខែឧសភា ឆ្នាំ2014

មន្ត្រី​ អង្គការ សហប្រជាជាតិ​ ទទួលបន្ទុក​ សិទ្ធិមនុស្ស ដែល​កំពុង​បំពេញ​ទស្សនកិច្ច ​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ ថ្លែងថា កិច្ចព្រមព្រៀង​ ជនភៀសខ្លួន​ ជាមួយ​ អូស្ត្រាលី នឹង​ត្រូវ​អនុវត្ត ​តែ​ក្នុង​លក្ខខណ្ឌ​ នៃ​ការទទួល​ ដោយ​ស្ម័គ្រចិត្ត ​របស់​ បុគ្គល​ពាក់​ព័ន្ធ ​តែប៉ុណ្ណោះ​។​
​ក្នុង​សន្និសីទ​សារព័ត៌មាន បូក​សរុប​ពី​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី Flavia Pansieri ឧត្តម​ស្នងការរង​ទទួលប​ន្ទុ​ក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ មានប្រសាសន៍ថា បុគ្គល​ណា ដែល​ត្រូវ​បញ្ជូន​មក​ប្រទេស​កម្ពុជា ដោយ​មិន​គិត​ពី​ស្ថានភាព​​គតិយុត្តិ​របស់​ពួកគេ គេ​មាន​សិទ្ធិ​ទទួលបាន​ការការពារ​ពី​ការ​មិន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​។ លោកស្រី​បន្ត​ថា ប្រទេស​កម្ពុជា ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន​ឆ្នាំ​១៩៥១ ហើយ​ក្នុង​ការទទួលយក​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន ឬ​ជនភៀសខ្លួន សម្រាប់​តាំង​ទីលំនៅ​ថ្មី កម្ពុជា​។ ដូច្នេះ កម្ពុជា ត្រូវតែ​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​មនុស្ស​នោះ ដែល​រួមមាន​ទាំង​ការបង្កើត​នីតិវិធី​សមស្រប ដូច​ជា​ការ​ផ្តល់​ឋានៈ​ស្របច្បាប់​អចិន្ត្រៃយ៍ ដល់​ជនភៀសខ្លួន និង​ការបង្កើត​ឲ្យមាន​កម្ម​វិធី​សមាហរណកម្ម​មួយ ដែល​មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​ធានា​លទ្ធភាព​ទទួលបាន​សេវា​សង្គម និង​ការងារ​ធ្វើ​។ 
លោកស្រី ឲ្យដឹងទៀតថា ប្រទេស​កម្ពុជា ត្រូវបំពេញ​កាតអ្វកិច្ច​របស់​ខ្លួន ចំពោះ​បុគ្គល​ទាំងនោះ មិន​ថា​ស្ថិតនៅក្រោម​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនភៀសខ្លួន ឬ​ស្ថិត​នៅក្រោម​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នូល​ដទៃទៀត​។ លោកស្រី​បន្ត​ថា លោក​ស្ត្រី បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ហើយ​មន្ត្រី​រដ្ឋាភិបាល អះអាងថា កិច្ច​ព្រម​នេះ នឹង​ត្រូវ​អនុវត្ត​ក្នុង​លក្ខខណ្ឌ​នៃ​ការទទួលយក​ដោយ​ស្ម័គ្រចិត្ត​របស់​បុគ្គល​ពាក់​ព័ន្ធ​។​
​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កុយ គួង មានប្រសាសន៍ថា កម្ពុជា​គ្រាន់តែ​យល់ព្រម​ជា​គោលការណ៍​លើ​
សំណើរ​របស់​ប្រទេស​អូស្ត្រាលី​តែប៉ុណ្ណោះ ហើយ​គណៈកម្មការ​ពិសេស នឹង​សិក្សា​ពី​ផលប៉ះពាល់ និង​ផលប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ​។​
​អង្គការ​លើកលែងទោស​អន្តរជាតិ​(Amnesty International) ស្នើ​ឲ្យ​កម្ពុជា​ពិចារណា​ឡើងវិញ​ពី​សំណើរ​សុំ​តាំង​លំនៅ​របស់​ជនភៀសខ្លួន​អូស្ដ្រាលី ដោយ​លើកឡើង​ថា ប្រទេស​ទាំង​ពីរ មិន​គួរ​មាន​កិច្ចព្រមព្រៀង​នេះ​ទេ​។​
​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លើកលែ​ង​ទោស ចុះផ្សាយ​នៅ​ថ្ងៃទី​០១​ខែ​មេសា ឲ្យដឹងថា អូស្ត្រាលី និង​កម្ពុជា គួរតែ​កុំឲ្យ​មាន​កិច្ចព្រមព្រៀង​សម្រាប់ជ​ន​ភៀសខ្លួន​នេះ ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ប្រទេស​អូស្ត្រាលី គួរតែ​បញ្ចប់​ការឃុំ​អ្នក​ភៀសខ្លួន​ស្វែងរក​លំនៅដ្ឋាន មិនមែន​រក​ប្រភព​ផ្សេងៗ សម្រាប់​ការទទួលខុសត្រូវ​ជន​ភៀសខ្លួន ដូចជា​ប្រទេស​ក្រីក្រ​ខ្លាំង​នោះទេ​។​
​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចនៃ​អង្គការ​លើកលែងទោស​អន្តរជាតិ លោក Richard Bennett មានប្រសាសន៍ថា «​ប្រទេស​កម្ពុជា គួរតែ​ដឹង​ពី​ភាព​ប្រថុយប្រថាន​ធ្ងន់ធ្ងរ​ជុំវិញ​ការរៀបចំ​នេះ និង​ត្រូវ​តែពិចារណា​ថា​តើ​ខ្លួន​ពិតជា​រួចរាល់​សម្រាប់​ចូលរួម​ហើយ​ឬ​នៅ​»​។ លោក​បញ្ជាក់ថា សមត្ថភាព​របស់​ប្រទេស​កម្ពុជា នៅ​មាន​ក្រមិត​នៅឡើយ​ក្នុងដំណើរការ​ទទួលយ​កអ្នក​ភៀសខ្លួន និង​កំពុងតែ​ប្រឈម​នឹង​ការគោរព និង​ការការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​។​
 
​អង្គការ​លើកលែងទោស​អន្តរជាតិ ក៏​បាន​រិះគន់​ពី​ស្ថានភាព​ជម្រក​ជនភៀសខ្លួន​នៅ​Nauru ស្ថិត​ក្នុង​ភាពអាក្រក់ ដោយ​មាន​អ្នករងគ្រោះ​ទាំង​ផ្នែក​រាង​ការ​យ និង​សតិអារម្មណ៍​។ អង្គការ​លើកឡើងថា ប្រទេស​កម្ពុជា មិនមែន​ជា​ជម្រើស​ពិតប្រាកដ​ទេ សម្រាប់​កិច្ច​ព្រមព្រាង​ជនភៀសខ្លួន​។​

​កាលពី​ខែ​ធ្នូ ឆ្នាំ​២០០៩ ជនជាតិ Uighur ២២​នាក់​ដែល​រត់​ភៀសខ្លួន​ពី​ខេត្ត​Xinjiang ប្រទេស​ចិន ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​ជាមួយ​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​កម្ពុជា ត្រូវ​អាជ្ញាធរ​ខ្មែរ​ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​វិញ​តាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​៕

អត្ថបទផ្សេងៗ



No comments:

Post a Comment