អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansiery) ឧត្តមស្នងការរងសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ថ្លែងក្នុងសន្និសីទកាសែតនាការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤។
មន្ត្រីជាន់ខ្ពស់ អង្គការ សហប្រជាជាតិ ជំរុញឲ្យ កម្ពុជា ដកបម្រាម ហាមជួបប្រជុំគ្នា ជាបន្ទាន់
ដោយ យាង សុជាមេត្តា / អាស៊ីសេរី | ០២ ឧសភា ២០១៤
មន្ត្រី ឧត្តមស្នងការរង សិទ្ធិមនុស្ស នៃអង្គការ សហប្រជាជាតិ ជំរុញឲ្យ រដ្ឋាភិបាលកម្ពុជា ដកបម្រាម ការជួបប្រជុំគ្នា និងការធ្វើបាតុកម្ម ចេញជាបន្ទាន់ ដោយហេតុ ថា បម្រាមនេះ ធ្វើឡើងមិនស្រប ទៅតាមគោលការណ៍ចាំបាច់មួយចំនួន។ មន្ត្រីជាន់ខ្ពស់ រូបនេះ ក៏បានសម្ដែង ការព្រួយបារម្ភ ចំពោះ ការប្រើកម្លាំង ហួសហេតុ របស់ អាជ្ញាធររដ្ឋាភិបាល ទៅលើ ប្រជាពលរដ្ឋ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ឧសភា ដែលជាថ្ងៃបិទបញ្ចប់ទស្សនកិច្ចនៅប្រទេសកម្ពុជា ចំនួន ៥ថ្ងៃរបស់ អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) បានកត់សម្គាល់ថា បម្រាមដែលហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ គឺជាបញ្ហាដែលអ្នកស្រីបានលើកឡើងជាមួយអាជ្ញាធរកម្ពុជា។
អ្នកស្រី ហ្វ្លាវា ផាន់សៀរី ក៏សម្ដែងការព្រួយបារម្ភផងដែរអំពីការប្រើកងកម្លាំងសន្តិសុខខណ្ឌ វាយដំលើប្រជាពលរដ្ឋ៖ «ខ្ញុំមានការក្រៀមក្រំយ៉ាងក្រៃលែងដោយដឹងថា កាលពីម្សិលមិញមានការវាយដំទៅលើបុរសម្នាក់នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ពីសំណាក់ក្រុមសន្តិសុខខណ្ឌ។ ខ្ញុំមានការព្រួយបារម្ភផងដែរ ដោយដឹងថា មានអ្នកសារព័ត៌មានមួយចំនួនត្រូវបានវាយដំពីសំណាក់ក្រុមសន្តិសុខ នៅពេលពួកគេកំពុងព្យាយាមថតរូប។ ការប្រើប្រាស់កម្លាំងហួសហេតុនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីតួនាទីរបស់ក្រុមសន្តិសុខខណ្ឌ ក្នុងការដោះស្រាយរឿងបាតុកម្ម និងសណ្ដាប់ធ្នាប់សាធារណៈ»។
ចំពោះការលើកឡើងរបស់ឧត្តមស្នងការរងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រូបនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានអះអាងថា អ្នកស្រី ផាន់សៀរី មិនបានស្គាល់ស្ថានភាពជាក់ស្តែងនៅកម្ពុជា នោះទេ ព្រោះអ្នកស្រីគ្រាន់តែជាអ្នកទេសចរសិក្សាប៉ុណ្ណោះ។ លោកថា បន្ទាប់ពីមានបម្រាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាមក ជីវិតរបស់អ្នករស់នៅក្នុងក្រុងភ្នំពេញ បានវិលត្រឡប់មកភាពប្រក្រតីឡើងវិញ។ លោកថា អ្វីដែលរដ្ឋាភិបាលបានធ្វើ គឺដើម្បីថែរក្សាសណ្ដាប់ធ្នាប់ លើកកម្ពស់ការគោរពច្បាប់ និងផលប្រយោជន៍ផ្សេងៗរបស់កម្ពុជា។
លោក ផៃ ស៊ីផាន៖ «នីត្យានុកូលភាពយើងធ្វើក្នុងនាមជារដ្ឋាភិបាលមួយ ក្នុងនាមជាអ្នកអាជ្ញាធរមួយ យើងត្រូវពង្រឹងនីតិរដ្ឋ គឺការគោរពច្បាប់នេះឯង។ ជនណាមិនគោរពច្បាប់ ជននោះនឹងត្រូវទទួលវិធានការសព្វបែបយ៉ាង។ យើងជារដ្ឋាភិបាល យើងជាអាជ្ញាធរ យើងយល់ឃើញថា ជាភាពចាំបាច់ យើងត្រូវអនុវត្តនូវវិធាននេះ ដើម្បីធានានូវភាពសុខក្សេមក្សាន្តរបស់មហាជនយើង»។
ក្រៅពីបញ្ហាសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី អ្នកស្រីក៏បានលើកឡើងបញ្ហាសំខាន់ៗមួយចំនួនផ្សេងទៀត ដែលកំពុងកើតមាននៅកម្ពុជា មានដូចជា បញ្ហាការបង្កើតសេចក្តីព្រាងច្បាប់ថ្មី បញ្ហាតុលាការ បញ្ហាកំណែទម្រង់ពន្ធនាគារ បញ្ហាដីធ្លី និងបញ្ហាការយល់ព្រមទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនរបស់កម្ពុជា ពីប្រទេសអូស្ត្រាលី ជាដើម។
កាលពីខែមករា ឆ្នាំ២០១៤ នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូបែឌី (Surya Subedi) លោកក៏បានលើកឡើង និងសម្ដែងការព្រួយបារម្ភចំពោះបញ្ហាផ្សេងៗ ស្រដៀងគ្នាទៅនឹង អ្នកស្រី ហ្វ្លាវា ផាន់សៀរី ដែរ ប៉ុន្តែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក ស៊ូបែឌី តាំងពីពេលនោះមក ស្ថានភាពរំលោភសិទ្ធិមនុស្សហាក់ពុំមានការផ្លាស់ប្ដូរអ្វីឡើយ៕
No comments:
Post a Comment