អាដហុក ចាត់ទុកករណី ភ្លើងឆេះកំណាត់ឈើ នៅខេត្តមណ្ឌលគិរី ថាមានភាព មិនប្រក្រតី
RFA / ៣ មីនា ២០១៦
ឈើរាប់រយកំណាត់បន្ថែមទៀត ត្រូវភ្លើងឆាបឆេះនៅក្នុងក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) នៅរាត្រីថ្ងៃទី២ ខែមីនា កន្លងទៅនេះ។ មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ចាត់ ទុកករណីនេះថាជាភាពមិនប្រក្រតី ទាក់ទិនបទល្មើសព្រៃឈើដែលគណៈកម្មការជាតិបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើកំពុងចាត់វិធានការ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី អះអាងថា កំពុងស្រង់ទិន្នន័យបរិមាណឈើដែលភ្លើងកំពុងឆាបឆេះនេះហើយ ក៏ប៉ុន្តែមូលហេតុជាក់លាក់ទាក់ទិនភ្លើងឆេះគំនរឈើនេះ មិនទាន់រកឃើញនៅឡើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី ប៉ាន់ប្រមាណថា ឈើប្រមាណ ៣០០កំណាត់ ត្រូវភ្លើងឆេះនៅការដ្ឋានក្រុមហ៊ុន យូនី ហ្គ្រីន។ រហូតមកទល់នឹងរសៀលថ្ងៃទី៣ ខែមីនា នេះ មន្ត្រីព្រៃឈើ និងតំណាងក្រុមហ៊ុន កំពុងចាត់វិធានការការពារកុំឲ្យភ្លើងឆេះរាលដាលទៅគំនរឈើផ្សេង ទៀត។ លោកសន្និដ្ឋានជំហានដំបូងថា មូលហេតុដែលនាំឲ្យភ្លើងឆេះឈើនេះ បណ្ដាលមកពីភ្លើងឆេះព្រៃដែលឋិតនៅក្បែរគំនរឈើនោះ៖ «យើង ទប់ស្កាត់បានមួយចំនួនហើយ ឆេះហើយយើងធ្វើអត់កើតទេ ប៉ុន្តែយើងបានឈូសអត់ឲ្យឆ្លង ពិបាកសន្និដ្ឋាន។ តាមយើងមើលរូបភាពសន្និដ្ឋានជំហានដំបូងមកពីភ្លើងព្រៃ ព្រោះព្រៃជិតហ្នឹងច្រើនពេក។»
កាលពីខែមករា ភ្លើងឆេះគំនរឈើដូចគ្នានេះកើតមាននៅក្នុងក្រុមហ៊ុន យូនី ហ្គ្រីន ម្តងរួចហើយ ខណៈគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ រកឃើញគំនរឈើរាប់ពាន់ម៉ែត្រគូប ដែលសង្ស័យថា ជាឈើខុសច្បាប់ស្តុកទុកក្នុងការដ្ឋានក្រុមហ៊ុននេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន យូនី ហ្គ្រីន សុំបញ្ជាក់ពីមូលហេតុនាំឲ្យភ្លើងឆេះឈើនេះបានទេ នៅថ្ងៃទី៣ ខែមីនា។
ទាក់ទិនករណីនេះ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតភាពមិនប្រក្រតីនេះជាបន្ទាន់។ លោកសង្ស័យថា ឈើនេះទំនងត្រូវគេលួចដុតដើម្បីបំបាត់វត្ថុតាងបទល្មើសព្រៃឈើ ដែលថ្នាក់ជាតិបានរកឃើញនៅក្នុងការដ្ឋានក្រុមហ៊ុន៖ «មិន មែនជារឿងតូចតាចទេ គឺជារឿងធំ អាចជាចេតនាបំផ្លាញវត្ថុតាងបទល្មើសឧក្រិដ្ឋព្រៃឈើ។ រឿងកើតឡើងឆេះឈើនៅមណ្ឌលគិរី មិនមែនលើកទី១ ឯណា ហាក់បីដូចជាផ្គើនទៅនឹងបទបញ្ជារដ្ឋាភិបាល។»
គណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិ កាលពីចុងខែកុម្ភៈ បានបញ្ចប់ការស៊ើបអង្កេតករណីរកឃើញឈើស្តុកទុកនៅក្នុងក្រុមហ៊ុន ចំនួនពីរ នៅខេត្តមណ្ឌលគិរី គឺក្រុមហ៊ុន ប៊ិញ ភឿក១ (Bin Phuoek 1) និងក្រុមហ៊ុន យូនី ហ្គ្រីន (Uni Green) នេះ។ របាយការណ៍ស៊ើបអង្កេតបានបញ្ជូនទៅមន្ត្រីអយ្យការសាលាដំបូងខេត្ត មណ្ឌលគិរី រួចហើយ។ បច្ចុប្បន្ន មន្ត្រីអយ្យការកំពុងចាត់វិធានការស៊ើបអង្កេតរឿងក្តីនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក វង សុកសិរី បញ្ជក់ថា គំនរឈើដែលភ្លើងឆេះ គឺជាគំនរឈើដែលក្រុមហ៊ុនបានបង់ពន្ធរួចហើយ។ ដោយឡែកឈើដែលឋិតក្នុងបញ្ជីស៊ើបអង្កេតទាក់ទិនបទល្មើសព្រៃឈើ មិនមានភ្លើងឆេះទេ៕
No comments:
Post a Comment