Paris Peace Accords 23 Oct. 1991

Thursday, June 19, 2014

អាជ្ញាធរ ​ខេត្ត​ បន្ទាយមានជ័យ ​រារាំង ​លោក កឹម សុខា ជួប​ពលករ​ខ្មែរ​ មក​ពី​ថៃ

អាជ្ញាធរ ​ខេត្ត​ បន្ទាយមានជ័យ ​រារាំង ​លោក កឹម សុខា ជួប​ពលករ​ខ្មែរ​ មក​ពី​ថៃ

RFA | ១៩ មិថុនា ២០១៤

កឹម សុខា
លោក កឹម សុខា ធ្វើ​សន្និសីទ​កាសែត ​នៅ​ខេត្ត​ បន្ទាយមានជ័យ នៅ​ពេល​ ដែល​លោក ​ទៅ​សួរ​សុខ​ទុក្ខ ​ពលករ​ខ្មែរ ​ដែល​ត្រូវ​ បាន​យោធា​ថៃ ​បញ្ជូន​មក​វិញ នៅ​ថ្ងៃ ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៤។  RFA/Soun Sophalmony

អាជ្ញាធរ និង​កង​កម្លាំង​ សមត្ថកិច្ច បាន​រារាំង និង​បណ្ដេញ​មន្ត្រី​ គណបក្ស ​សង្គ្រោះ​ជាតិ ជាច្រើន​នាក់ ​ចេញ​ពី​ខាង​មុខ ​ច្រក​ទ្វារ​ អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ។

ក្រុម​អាជ្ញាធរ ​ចោទ​ថា វត្តមាន ​របស់ ​ក្រុម​មន្ត្រី​ គណបក្ស​ប្រឆាំង  ដែល​ដឹក​នាំ​ ដោយលោក កឹម សុខា ជា​អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ នោះ ជា​ការ​រំខាន​ ដល់​ការងារ​ របស់​ អាជ្ញាធរ​មូលដ្ឋាន និង​មាន ចេតនា ​កេង​ចំណេញ​ ខាង​ផ្នែក​នយោបាយ ​ពី​ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក ​កម្ពុជាវិញ។

សំឡេង​ស៊ីផ្លេ​ រថយន្ត និង​សូរ​កញ្ចែ​ របស់​ ប៉ូលិស​ចរាចរ បាន​បន្លឺ​ឡើង​ យ៉ាង​សន្ធាប់ ដើម្បី ​បំបែក​ក្រុម​ការងារ​ គណបក្ស ​សង្គ្រោះ​ជាតិ មួយ​ក្រុម ដែល​បាន ព្យាយាម​ ចូល​ទៅ​ជួប​ ជាមួយ​ ជន​ចំណាក​ស្រុក​ ខ្មែរ ​នៅ​ខាង​មុខ​ច្រក​ ទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត។

អនុ​ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​បាន​ដឹក​នាំ​ សមាជិក​ព្រឹទ្ធសភា និង​តំណាង​រាស្ត្រ ​ជាប់​ឆ្នោត ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ជាង២០​នាក់​នោះ ថ្លែង​កាល​ ពី​ព្រឹក​ថ្ងៃ​ ទី​១៩ មិថុនា ថា, មន្ត្រី ​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ជួប​ ជាមួយ​ ពលករ​ខ្មែរ បាន​បន្តិច​ប៉ុណ្ណោះ ក៏​ត្រូវ ​អាជ្ញាធរ​មូលដ្ឋាន និង​កង​កម្លាំង​ សមត្ថកិច្ច​រារាំង៖ «យើង​ ចង់​ដឹង​សុខ​ទុក្ខ, ប៉ុន្តែ​ យើង​ មិន​បាន​ប្រាស្រ័យ​ ទាក់ទង​ ឲ្យ​បាន​ល្អ​ ប្រសើរ​ទេ ដោយ​មាន​ ភាព​រញ៉េរញ៉ៃ។  ការ​វាយ​តម្លៃ​ របស់​ខ្ញុំ គឺ​ សមត្ថកិច្ច​ នៅ​ទីនោះ​ គ្មាន​សមត្ថភាព​ ក្នុង​រៀបរយ​ សណ្ដាប់ធ្នាប់។  គ្រាន់​តែ​ ពួក​យើង​ខ្ញុំ ចុះ​មក ​ទី​នេះ​ ដើម្បី​ បង្ហាញ​ថា, ទោះ​បី​ យើង​ នៅ​គណបក្ស​ ណា​ក៏ដោយ ពេល​ណា​ខ្មែរ​ មាន​ទុក្ខ, ខ្មែរ​ មាន​លំបាក, យើង ​ត្រូវ​ សាមគ្គី​គ្នា​ ដើម្បី​ជួយ។  ទោះ​បី គណបក្ស​ សង្គ្រោះ​ជាតិ មិន​មែន ​ជា​គណបក្ស​ ដឹក​នាំ ​រដ្ឋាភិបាល ​ក៏ដោយ, ក៏​យើង​ អាច​ចូលរួម​ ចំណែក​ ក្នុង​ការ​សួរ​សុខ​ទុក្ខ។»


លោក​ បញ្ជាក់​បន្ថែម​ថា តំណាង​រាស្ត្រ​ជាប់​ឆ្នោត និង​សមាជិក​ព្រឹទ្ធសភា​ជាង ២០​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​បំណង​ចុះ​សួរ​សុខ​ទុក្ខ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ពលករ​ខ្មែរ​ពី​ ប្រទេស​ថៃ ចង់​ពិនិត្យ​មើល​ពី​ស្ថានភាព​នៃ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​កម្ពុជា វិញ​របស់​អាជ្ញាធរ​ថៃ និង​ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ទៅ​ស្រុក​កំណើត​វិញ​របស់​រដ្ឋាភិបាល​ កម្ពុជា។

ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​នាំ​ទៅ​ជាមួយ​នូវ​ជំនួយ​មនុស្សធម៌ និង​ថ្នាំ​សង្កូវ ដើម្បី​ចែក​ជូន​ទៅ​ឲ្យ​ពលករ​ខ្មែរ ប៉ុន្តែ​បំណង​នេះ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ ព្យាយាម​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​ក្រុម​ពលករ​ខ្មែរ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ស្នើ​ឲ្យ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ចូល​ទៅ​មើល​ទិដ្ឋភាព​ខាង​ក្នុង​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ចុះ​សួរ​សុខ​ទុក្ខ​នោះ​ឡើយ។ មូលហេតុ​ដោយសារ​នៅ​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះ ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន កំពុង​មាន​សកម្មភាព​មមាញឹក​ជួយ​ពលករ​ខ្មែរ​ដែល​គេ​ចាប់​បញ្ជូន​មក​ពី​ប្រទេស ​ថៃ។

គិត​ត្រឹម​ថ្ងៃ​ទី​១៨ មិថុនា ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ ចាប់​បញ្ជូន​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កើន​ឡើង​រហូត​ទៅ​ដល់​ជាង ១៨​ម៉ឺន​នាក់។ លោក គោ ស៊ុំសារឿត បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ ពួក​គេ​ធ្វើ​ជា​មិន​យល់​ពី​ស្ថានភាព​នេះ​ឡើយ ប៉ុន្តែ​បែរ​ជា​ចេតនា​ចង់​កេង​ចំណេញ​ផល​ប្រយោជន៍​នយោបាយ​ពី​ពលករ​ខ្មែរ​ទៅ​ វិញ៖ «ខ្ញុំ​ គិត​ថា គាត់​ចង់​ចំណេញ​នយោបាយ​ពលករ​មក​រាប់​ម៉ឺន​រាប់​សែន​នាក់ អ៊ីចឹង​អ្នក​ណា​ខ្លះ​ជួយ​ពលករ ព្រោះ​គេ​ឃើញ​ជាក់ស្ដែង​មាន​តែ​អាជ្ញាធរ មន្ត្រី​រាជការ កង​កម្លាំង​សមត្ថកិច្ច ដូចជា កង​រាជ​អាវុធហត្ថ ប៉ូលិស ទាហាន ​ជួយ​ធ្វើ​ទាំងអស់។»

លោក​អភិបាល​ខេត្ត​យល់​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គួរ​នាំ​គ្នា​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​នៅ​តាម​ខេត្ត​ក្រុង​គោលដៅ ដែល​មាន​ការ​ដឹក​ជញ្ជូន​ពលករ​ទៅ​កាន់​ស្រុក​កំណើត ប៉ុន្តែ​មិន​គួរ​មក​កេង​ចំណេញ​ខាង​ផ្នែក​នយោបាយ​ពី​ពលករ​ខ្មែរ​នៅ​ច្រក​ ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្តី លោក កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ព្យាយាម​ចូល​ទៅ​ជួប​ពលករ​ខ្មែរ​ឲ្យ​បាន​នៅ​ខាង​មុខ​ច្រក​ទ្វារ​ អន្តរជាតិ​ប៉ោយប៉ែត ប៉ុន្តែ​នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក លោក កឹម សុខា បាន​ប្ដូរ​ឥរិយាបថ​ដឹក​នាំ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដក​ថយ​ទៅ​កាន់​ទី​រួម​ខេត្ត​បន្ទាយមានជ័យ វិញ។

ទាក់ទិន​បញ្ហា​នេះ អ្នក​វិភាគ​បញ្ហា​សង្គម លោក កែម ឡី បាន​ប្រៀប​ប្រដូច​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​រត់​តាក់ស៊ី​នៅ​ផ្សារ​ថ្មី។ ភាគី​ទាំង​ពីរ​នាំ​គ្នា​ដណ្ដើម​ម៉ូយ​គ្នា ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់​បង់​របស់​របរ រងគ្រោះ​ដល់​ពលករ​ខ្មែរ៖ «តាមពិត ​ប្រទេស​ដែល​អាសន្ន​មាន​បញ្ហា​ធំ​អ៊ីចឹង នាយក​រដ្ឋមន្ត្រី ប្រធាន​គណបក្ស​ប្រឆាំង ប្រធាន​បណ្ដេញ អ៊ិនជីអូ (NGO) ត្រូវ​តែ​ អង្គុយ​ជាមួយ​គ្នា ជជែក​គ្នា ហើយ​រក​យុត្តិសាស្ត្រ​ជួយ​ឲ្យ​មាន​និរន្តរភាព អា​ហ្នឹង​ជា​គោលការណ៍។  ទី​២ រក​យុទ្ធសាស្ត្រ​ហ្នឹង​មិន​មែន​ដណ្ដើម​គ្នា​ដូច​អ្នក​រត់​តាក់ស៊ី​នៅ​ផ្សារ​ ថ្មី​អ៊ីចឹង​ទេ គឺ​ត្រូវ​រៀបចំ​ថវិកា​យក​ធនធាន​ពី​ណា​មក។»

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​សន្ធាប់​នៅ​គ្រា​ខ្លួន​មាន​ អាសន្ន។ ជំនួយ​នេះ​ពលករ​ខ្មែរ​ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​បំផុត ប៉ុន្តែ​ផល​ប្រយោជន៍​ច្រើន​បាន​ទៅ​លើ​អ្នក​ជួយ ដូចជា មន្ត្រី​គ្រោះ​មហន្តរាយ និង​មន្ត្រី​កាក​បាទ​ក្រហម។ លោក កែម ឡី សង្កត់​ធ្ងន់​ថា៖ «យើង​ត្រូវ​គិត​ធ្វើ​ម៉េច​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ជួយ ហើយ​ចៀសវាង​ការ​កេង​ចំណេញ​នយោបាយ​ពី​គ្នា​ទៅ​វិញ​ទៅ​មក។»

ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង គេ​សង្កេត​ឃើញ​ថា ពលករ​ខ្មែរ​ទាំង​នោះ​បាន​អំពាវនាវ​រក​ការ​ជួយ​សង្គ្រោះ​បឋម នូវ​អ្វី​ដែល​ពួក​គាត់​បាត់​បង់ និង​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ រួម​ទាំង​បញ្ហា​លំបាក​ផ្សេង​ទៀត ដោយ​ពុំ​បាន​គិត​ពី​រឿង​នយោបាយ​នោះ​ឡើយ៕


No comments:

Post a Comment