Paris Peace Accords 23 Oct. 1991

Thursday, June 12, 2014

អង្គការ​ធំ ២​ អំពាវនាវ​ ជា​ថ្មី​ ឲ្យ​ព្រឹទ្ធសភា​ កម្ពុជា​ ផ្អាក​កិច្ចពិភាក្សា លើ​កំណែទម្រង់​ សេចក្ដីព្រៀង​ច្បាប់ ​តុលាការ​​

អង្គការ​ធំ ២​ អំពាវនាវ​ ជា​ថ្មី​ ឲ្យ​ព្រឹទ្ធសភា​ កម្ពុជា​ ផ្អាក​កិច្ចពិភាក្សា លើ​កំណែទម្រង់​ សេចក្ដីព្រៀង​ច្បាប់ ​តុលាការ​​


ដោយ៖​ ថុល ស្រី​លក្ខណ៍​ / វីអូឌី | ថ្ងៃពុធ ទី11 មិថុនា 2014

មជ្ឈមណ្ឌល​ សិទ្ធិមនុស្ស​ កម្ពុជា ​(​ម​.​ស​.​ម​.​ក​) និង​គណកម្មការ ​អ្នកច្បាប់ ​អន្តរជាតិ (ICJ) នៅ​ថ្ងៃ​ពុធ​នេះ ជំរុញ​ជា​ថ្មី​ទៀត​ ឲ្យ​ព្រឹទ្ធសភា ​កម្ពុជា ពន្យារ​សេចក្តីសម្រេច រ​បស់​ខ្លួន លើ ​សេចក្ដីព្រាងច្បាប់​ កំណែទម្រង់​ ផ្នែក​តុលាការ ​ចំនួន​៣  ដើម្បី​ពិនិត្យ​ឡើងវិញ ឲ្យ​ធានា ថា ច្បាប់​នេះ​ អនុលោម​ តាម​បទដ្ឋាន​ អន្តរជាតិ​។​
​​ការជំរុញ​នេះ​ ធ្វើឡើង ​បន្ទាប់​ពី គណកម្មាធិការអចិន្ត្រៃយ៍ ​នៃ​ព្រឹទ្ធសភា​ បាន​សម្រេច ​ថា នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ស្អែក​នេះ ដើម្បី​ ពិនិត្យ និង​ផ្តល់​យោបល់​ លើ​សេចក្ដីព្រាងច្បាប់ ​ស្តីពី​ តុលាការ​ ចំនួន​៣ រួមមាន៖ ច្បាប់​ ស្តីពី​ ការរៀបចំ​ អង្គការ ​តុលាការ, ច្បាប់​ ស្តីពី​ លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា រួម​ទាំង ​ច្បាប់ ​ស្តីពី​ ការរៀបចំ និង​ប្រព្រឹត្តទៅ​ នៃ​ឧត្តម​ក្រុមប្រឹក្សា ​នៃ​អង្គចៅក្រម  ។  
​​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​ទាំង​២ ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ បានសរសេរថា ច្បាប់​ទាំងនេះ បាន​បំពាន​យ៉ាង​ជាក់ស្តែង​ដល់​គោលការណ៍​នៃ​ការបែងចែក​អំណាច និង​ឯករាជ្យភាព​របស់​តុលាការ​។ គោលការណ៍​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ច្បាស់​ដោយ​ច្បាប់ និង​បទដ្ឋាន​អន្តរជាតិ​នានា រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ប្រទេស​កម្ពុជា​ជា​រដ្ឋ​ភាគី និង​គោលការណ៍​មូលដ្ឋាន​របស់​អង្គការសហប្រជាជាតិ ស្តី​ពី​ឯករាជ្យភាព​នៃ​តុលាការ​។
​សេចក្តីថ្លែងការណ៍​ដដែល​បន្ថែមថា  ប្រសិន​បើ​ព្រឹទ្ធសភា​មិន​កែប្រែ និង​មិន​អាច​ធ្វើឲ្យ​សេចក្ដីព្រាងច្បាប់​ទាំងនេះ​ស្រប​ច្បាប់​ជាតិ និង​បទដ្ឋាន​អន្តរជាតិ​នានា​នោះទេ ព្រឹទ្ធសភា​គួរតែ​ច្រាន​ចោល​សេចក្ដីព្រាងច្បាប់​ទាំង​៣​នេះ​ចោល​។ សេចក្តីថ្លែងការណ៍​នេះ ស្នើ​ឲ្យ​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សារ​ធា​រណៈ​ជន និង​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ច្បាប់​នេះ អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​។
​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា ព្រឹទ្ធសភា​នឹង​ដំណើរការ​ប្រជុំ​នេះ​ជាធម្មតា យោងតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ថា ព្រឹទ្ធសភា​មិន​អាច​រង់ចាំ​ឲ្យមាន​ការពិភាក្សា​ឡើងវិញ​នោះទេ ដោយសារ​មាន​រយៈពេល​ខ្លី ហើយ​អង្គការ​ទាំងនោះ​អាច​ស្នើ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បន្តទៀត​ «​តែ​បើ​យោង​តាម​ប្រការ​លេខ​១៤០​ថ្មី លើ​បទបញ្ជារ​របស់​រដ្ឋសភា ព្រឹទ្ធសភា និង​ច្បាប់​រៀបចំ​អង្គការ​ទាំង​ឡាយ ត្រូវ​បញ្ជូនទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មុននឹង​ប្រកាស​ឲ្យប្រើ​។ ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​សម្រេច​ក្នុង​រយៈពេល​៣០​ថ្ងៃ​យ៉ាងយូរ  អីចឹង​គឺថា គាត់​អាច​ស្នើរ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ចូលរួម​បតិ​យោបល់​បន្តទៀត ប៉ុន្តែ​ព្រឹទ្ធសភា​អត់​មាន​ការផ្អាក​ទេ​»

​​លោក ឌុ​ច ពិសិដ្ឋ អ្នកសម្របសម្រួល​គម្រោង​សង្កេតការណ៍​សវនាការ​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវបាន​សេចក្តីថ្លែងការណ៍​នេះ ដកស្រង់​មក​សរសេរ​ថា អង្គការ​នេះ​ខកចិត្ត ដែល​ការអំពាវនាវ​កន្លងមក​ត្រូវ​បាន​ព្រឹទ្ធសភា មិន​អើពើ ហើយ​បាន​ពន្លឿន​ការពិភាក្សានេះ​ទៅវិញ​។​

​មាត្រា​ដែល​រង​ការរិះគន់​ក្នុង​ច្បាប់​ថ្មី​នេះ រួមមាន មាត្រា​៣៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌ គឺជា​អ្នក​សម្រេច​ដ៏​សំខាន់ ក្នុង​ការដំឡើង​មុខតំណែង​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​។ មាត្រា​២៣​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចែងថា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ទទួល​បន្ទុក​ក្នុង​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​បឋម​លើ​សំណុំរឿង​វិន័យ​ផ្នែក​តុលាការ​ជាដើម​៕



No comments:

Post a Comment