១១-មិថុនា-២០១៤៖ មន្ទីរពេទ្យខេត្តកំពង់ចាម។
សិស្ស សាលាវិទ្យាល័យ នៅខេត្តកំពង់ចាម ដួលសន្លប់ ពីរថ្ងៃ ជាប់គ្នា
ដោយ សូត សុខប្រាថ្នា / អាស៊ីសេរី | ១១ មិថុនា ២០១៤
សិស្ស វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានដួលសន្លប់ ពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១០ និងទី១១ ខែមិថុនា។ ការដួលសន្លប់ នេះ ភាគច្រើន ជាសិស្សស្រី ដែលមានគ្នា ប្រមាណជាង ២០នាក់ ហើយត្រូវបាន បញ្ជូន ទៅមន្ទីរពេទ្យបង្អែក ស្រុក និងខេត្ត ដើម្បីព្យាបាល ជាបន្តបន្ទាប់។
ចំណែកខាង មន្ត្រីសុខាភិបាល បញ្ជាក់ ថា កំពុងតែធ្វើការស្រាវជ្រាវ ពីបញ្ហានេះ ដើម្បីរកឱ្យឃើញពីមូលហេតុ នៃការសន្លប់នោះ។
បន្ទាប់ពី មានការដួលសន្លប់ របស់ សិស្ស ពីរថ្ងៃជាប់ៗគ្នា នៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម រួចមក ធ្វើឱ្យ សិស្សានុសិស្ស អាណាព្យាបាលសិស្ស នៅទីនោះ មានការបារម្ភ ចំពោះ សុវត្ថិភាព សុខភាពរបស់ ពួកគាត់។ ការបារម្ភនេះ ដោយសារ ពួកគាត់ មិនទាន់ដឹងច្បាស់ ពីមូលហេតុ នៃការសន្លប់ ហើយកន្លងមក នៅក្នុងសាលានេះ ធ្លាប់មានបញ្ហាសន្លប់ កើតឡើង ជាហូរហែ ប៉ុន្តែ មិនច្រើនដូចពេលនេះទេ។
យុវតីដដែលបន្តថា ការសន្លប់របស់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន ពាមជីកង គឺមានរយៈពេលជិតមួយខែមកហើយ ប៉ុន្តែកន្លងមក គឺមានសិស្សម្នាក់ ឬពីរនាក់ដែលបានសន្លប់ ហើយកញ្ញាមិនទាន់ឃើញមន្ត្រីជំនាញចុះពិនិត្យពីមូលហេតុនោះឡើយ។ កញ្ញាព្រួយបារម្ភខ្លាចបញ្ហានេះ នៅតែកើតមានឡើងបន្តទៀត ធ្វើឱ្យសិស្សទាំងអស់ខ្លាចរអាមិនហ៊ានទៅសាលាទៀតនោះទេ ពិសេសសិស្សដែលត្រូវប្រឡងថ្នាក់ទី១២ ឆ្នាំនេះ នឹងជួបការលំបាកក្នុងការរៀនសូត្រមិនខាន។ កញ្ញាចង់ឱ្យអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ ចុះស្រាវជ្រាវពីបញ្ហាដួលសន្លប់នេះ ដែលអាចធានាបានថា មិនមានបញ្ហានេះកើតឡើងបន្តទៀត។
នាយកវិទ្យាល័យ ហ៊ុន សែន ពាមជីកង លោក តូច វុទ្ធី មានប្រសាសន៍ថា ការដួលសន្លប់នោះអាចបណ្ដាលមកពីបញ្ហាធាតុអាកាសច្រើនជាង ពីព្រោះប៉ុន្មានថ្ងៃមកនេះ អាកាសធាតុក្តៅខ្លាំង ហើយសិស្សដែលសន្លប់ គឺជាសិស្សស្រី។ លោកបន្តថា កន្លងមកនៅសាលារបស់លោកធ្លាប់មានបញ្ហានេះកើតឡើងមែន គឺនៅចន្លោះខែឧសភា និងខែមិថុនា ប៉ុន្តែមិនមានច្រើនដូចលើកនេះទេ។ លោកបញ្ជាក់ថា សិស្សដែលសន្លប់ទាំងនោះបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងមានខ្លះបញ្ជូនមកមន្ទីរពេទ្យខេត្ត ដើម្បីព្យាបាលពួកគាត់។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹម សួរភារុន មានប្រសាសន៍ថា ខាងលោកបញ្ជូនមន្ត្រីជំនាញទៅស្រាវជ្រាវពីបញ្ហានេះ ប៉ុន្តែមិនទាន់ដឹងប្រាកដថា បណ្ដាលមកពីមូលហេតុអ្វីច្បាស់នោះទេ ពីព្រោះមន្ត្រីទាំងនោះមិនទាន់បញ្ចប់ការពិនិត្យរបស់ខ្លួន។ លោកបន្តថា មន្ត្រីជំនាញបញ្ជាក់ថា មិនមានសារធាតុពុលនៅបរិវេណសាលានោះឡើយ៖ «ផ្ដើមដំបូងឃើញសិស្សស្រីម្នាក់វាខ្យល់វាហេវ ត្រជាក់ដៃត្រជាក់ជើង វាសន្លប់វាដួលទៅ ធ្វើឱ្យសិស្សបន្តវាឃើញហ្នឹង វាភ័យវាដួលតៗគ្នាទៅណា។ យើងឱ្យមន្ត្រីជំនាញមន្ទីរចុះទៅសិក្សាស្រាវជ្រាវក្រែងលោថ្នាំពុលថ្នាំអីបាញ់បន្លែជិតហ្នឹង ថាអត់មានទេ។ អ៊ីចឹងគេផ្ដើមចេញពីសិស្សនារីម្នាក់ហ្នឹងខ្យល់ គាត់ដួលត្រជាក់ដៃត្រជាក់ជើងទៅ ហើយសិស្សស្រីៗដែលទៅជួយហ្នឹងដួលតាមទៅ។ អាហ្នឹងមូលហេតុជាបឋម»។
លោកបន្ថែមទៀតថា ស្ថានភាពរបស់សិស្សទាំងនោះ គឺមានភាពល្អប្រសើរហើយ ដោយមិនមាននរណាប៉ះពាល់ដល់អាយុជីវិតនោះទេ ហើយការដួលសន្លប់ពីរថ្ងៃកន្លងមកនេះ គឺមានសិស្សប្រហែលជា ២៥នាក់។ លោកចង់ឱ្យអាណាព្យាបាលរបស់សិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ ពិនិត្យតាមដានពីស្ថានភាពសុខភាពរបស់សិស្សជានិច្ច ប្រសិនបើឃើញស្ថានភាពមិនស្រួល អាចឱ្យពួកគាត់សម្រាកតែម្តង ជៀសវាងនូវបញ្ហានេះកើតឡើងបន្តទៀត៕
No comments:
Post a Comment