
ទិវា កុមារ អន្តរជាតិ ជាថ្ងៃសប្បាយ និងកើតទុក្ខ របស់ កុមារកម្ពុជា
RFA | ១ មិថុនា ២០១៤
ថ្ងៃទី១ មិថុនា ជាទិវា កុមារ អន្តរជាតិ និងទិវា កុមារ កម្ពុជា។
អង្គការនានា ដែលធ្វើ ការងារ ខាងកុមារ បានប្រារព្ធ ពិធី ផ្សេងៗ ដើម្បី
អបអរទិវានេះ។នៅក្នុង ឱកាសនេះដែរ ឪពុកម្ដាយ ជាច្រើន បាននាំកូន ដើរលេង កម្សាន្ត ដើម្បី បង្ហាញទឹកចិត្ត ស្រឡាញ់ ថ្នាក់ថ្នម ដល់កូនៗ ខណៈ ដែលកុមារ គ្មានទីពឹង, មួយចំនួនទៀត ឈរសុំទាន តាមផ្លូវ ប្រឈម នឹងគ្រោះថ្នាក់ ផ្សេងៗ។
«សំឡេង យានយន្ត នៅតាមផ្លូវ»៖ ចរាចរណ៍ នៅភ្នំពេញ នាចុងសប្ដាហ៍ ដូច្នេះ មមាញឹក ខ្លាំងណាស់ ជាពិសេស ចំថ្ងៃ ទិវា កុមារ អន្តរជាតិ អ៊ីចឹងផង, ផ្លូវ រឹតតែចង្អៀត ថែមទៀត ព្រោះគ្រួសារ ជាច្រើន បានដឹក កូនចៅ ចេញលំហែកាយ នៅខាងក្រៅ តែ រៀងៗខ្លួន។
ខ្លះ ជិះឡាន ទំនើបៗ, ខ្លះ ជិះម៉ូតូ ដាក់កូន ខាងមុខ, ដឹកប្រពន្ធ នៅខាងក្រោយ, ស្លៀកពាក់ ស្អាតបាត ទឹកមុខ ញញឹមញញែម នាំកូន យកខ្យល់ ឱកាស តាមមាត់ទន្លេ, ខ្លះ ចូលហាងស្ដាប់ភ្លេង ទទួលទានអាហារ ឆ្ងាញ់ៗ តាមចិត្តចង់។
ឪពុកម្ដាយខ្លះទៀតក៏នាំកូនទៅកម្សាន្តតាមសួនកុមារយ៉ាងរីករាយ។ «សំឡេងក្មេងលេខក្នុងសួនកុមារ» មើលទៅដូចជាមានសុភមង្គលណាស់។
ក៏ប៉ុន្តែមានឪពុកម្ដាយខ្លះមិនមានឱកាសផ្ដល់សេចក្ដីស្រឡាញ់ ថ្នាក់ថ្នមឲ្យកូនដូច្នេះទេ។ កុមារខ្លះទៀតមិនបានទទួលក្ដីស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយ ដូច្នេះដែរ។ ពួកគេទាំងនោះគឺជាកុមាររងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ដោយសារគ្រឿងញៀន និងដោយសារការជួញដូរជាដើម ដែលពួកគេកំពុងប្រឈមនឹងការងាររងគ្រោះជាទីបំផុត។
អ្នកវិភាគសង្គម លោក កែម ឡី បានស្រង់របាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១១ ថា កុមារដែលប្រឈមនឹងការងាយរងគ្រោះមានប្រហែល ៧០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា។
ក្រឡេកមើលកុមារដែលរស់នៅតាមចិញ្ចើមថ្នល់វិញ ពួកគេកំពុងដើរជ្រែកឡានម៉ូតូរាប់រយគ្រឿងយ៉ាងគ្រោះថ្នាក់ ដែលកំពុងឈប់នៅភ្លើងស្តុបដើម្បីសុំលុយ។ កុមារខ្លះកាន់អំបោសស្លាបមាន់ចាំបោសធូលីដីជាប់ឡានម៉ូតូឆ្លង កាត់ គឺជាកាយវិការបង្ហាញថា ពួកគេផ្ដល់សេវាពលកម្មបន្តិចបន្តួច ជាជាងលើកដៃសុំលុយអ្នកដំណើរដោយត្រង់ៗ។ តែជួនកាលកុមារទាំងនោះ ត្រូវបានម្ចាស់ឡានបើកកញ្ចក់ហើយស្ដីឲ្យ ព្រោះថា ធ្វើឲ្យឆ្កូតថ្នាំឡាន ឬម៉ូតូរបស់គេ ព្រោះអំបោសស្លាបមាន់របស់កុមារៗដែលបោសនោះ វាសឹករេចរឹល ជ្រុះរោមមាន់ស្ទើរអស់ សល់តែឆ្អឹងអំបោសធ្វើពីខ្សែលួសដែក។
ជាក់ស្ដែងដូចជាកុមារមួយក្រុមមានស្រី ប្រុស អាយុចាប់ពីប្រហែល ៤ឆ្នាំ ដល់ ១០ឆ្នាំ សុំទាននៅរង្វង់មូលចេនឡា ផ្សារដើមគ មួយក្រុមនេះជាដើម។
ទោះយ៉ាងណា ក៏កុមារខ្លះក្នុងចំណោមកុមារសុំទានទាំងនេះ មានម្ដាយនៅចាំឃ្លាំមើលការខុសត្រូវពីចម្ងាយខ្លះដែរ។
នៅក្រោមម្លប់ឈើសួនច្បារផ្សារដើមគ ក្បែរចិញ្ចើមថ្នល់ដែលក្មេងកំពុងសុំទាននោះ មាននារីម្នាក់វ័យប្រហែលជាង ២០ឆ្នាំ មានសាច់ឈាមស្លេកស្លាំង សម្លៀកបំពាក់ចាស់ៗ អង្គុយម្នាក់ឯង ភ្នែកសម្លឹងឆ្វេងស្ដាំ ហាក់ប្រុងប្រយ័ត្នរឿងអ្វីមួយ។
ពេលអ្នកយកព័ត៌មានយើងដើរសំដៅជិតដល់ អ្នកស្រីស្ទុះទាញបង្វេចបម្រុងរត់គេចខ្លួន ព្រោះយល់ថា ជាភ្នាក់ងារមន្ទីរសង្គមកិច្ចរាជធានី ដែលចុះមករៀបចំសណ្ដាប់ធ្នាប់នៅតាមសួនសាធារណៈ ហើយចាប់ខ្លួនអ្នកស្រីនិងកូនៗកំពុងសុំទានយកទៅដាក់នៅមណ្ឌល កែប្រែ។
តែនៅពេលដឹងថា ជាអ្នកយកព័ត៌មាន អ្នកស្រីក៏ឈប់ ហើយគ្រាន់តែអ្នកយកព័ត៌មានសួរថា តើគាត់ជាម្ដាយក្មេងសុំទាននោះមែនឬមិនមែន? អ្នកស្រីក៏ប្រែទឹកមុខស្រពោនមួយរំពេច ហើយទឹកភ្នែកក៏ហូរចេញមកជាមួយចម្លើយភ្លាម។
អ្នកស្រីបង្ហើបឲ្យដឹងថា ជីវិតអ្នកស្រីក្រហើយថែមទាំងផ្ទុកមេរោគអេដស៍ ហើយប្ដីអ្នកស្រីជាប់គុកទៀត។ សព្វថ្ងៃអ្នកស្រីគ្មានអ្វីទីពឹងក្រៅពីត្រាច់ចរសុំទានពីកន្លែង មួយទៅកន្លែងមួយជូនក៏មិនបានសុំទានព្រោះគេចាប់។
សំឡេងទួញសោកលាយឡំទឹកភ្នែករៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងបាន ធ្វើឲ្យកូនៗ ដែលកំពុងឈរសុំទាននៅក្បែរនោះ ឭរួចក៏នាំគ្នារត់មករកម្ដាយយ៉ាងប្រញាប់ប្រញាល់ ព្រោះគិតថា ម្ដាយត្រូវគេចាប់យកទៅដាក់មណ្ឌលសង្គមកិច្ចដូចលើកមុនទៀតហើយ។ កូនទាំងពីរនោះបានរំលឹករឿងអតីតកាលថា កន្លងមកពួកគេត្រូវបានគេចាប់យកទៅដាក់មណ្ឌលកែប្រែ ធ្វើឲ្យពួកគេបែកម្ដាយ និងអត់បាយក្រហាយទឹក។
វិទ្យុអាស៊ីសេរី សុំមិនបញ្ចេញឈ្មោះ អ្នកម្ដាយនិងកូនកម្សត់ពីរនាក់ដែលរស់នៅតាមចិញ្ចើមផ្លូវគ្មាន ទីពឹងនេះទេ ដោយហេតុផលរក្សាកិត្តិយសសិទ្ធិមនុស្ស។
ជាទូទៅគេសង្កេតឃើញមានកុមារ និងមនុស្សចាស់សុំទានទាំងយប់ទាំងថ្ងៃ នៅតាមដងវិថីនានា នៅរាជធានីភ្នំពេញ ដូចជានៅរង្វង់មូលអាងទឹកស្តាតអូឡាំពិក រង្វង់មូលផ្សារដើមគ ផ្លូវកែងមហាវិថីសហព័ន្ធរុស្ស៊ី និងវិថីម៉ៅសេទុង ជាដើម។ ការសុំទាននោះ មានខ្លះបីទារកតូចៗ ឈរសំកុកលើទ្រូងផ្លូវទាំងយប់ងងឹត ដើម្បីសុំលុយទៀតផង ដែលមើលទៅគួរឲ្យអាសូរណាស់។
ទាក់ទងរឿងនេះ ប្រធានមន្ទីរសង្គមកិច្ចរាជធានីនៅភ្នំពេញ លោក សន សុផល ឲ្យដឹងថា កុមារសុំទានមួយចំនួនត្រូវបានក្រុមគ្រួសារ ឬឪពុកម្ដាយតែម្ដងបង្ខំឲ្យសុំទាន។ ចំណែកកុមារសុំទៀនខ្លះទៀត ត្រូវបានគេជួញដូរ ដែលមន្ត្រីជំនាញរបស់លោកកំពុងស៊ើបអង្កេត។
លោក សន សុផល ក៏បានបដិសេធចំពោះពាក្យចោទប្រកាន់កន្លងមកថា មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានប្រមូលចាប់អ្នកសុំទានយកទៅឃុំឃាំងបង្អត់បាយទឹក និងជំរិតទារប្រាក់។
ទាក់ទងទៅនឹងកុមាររស់នៅតាមចិញ្ចើមថ្នល់នេះ មានអង្គការមួយចំនួនបានធ្វើការសង្គ្រោះ និងអប់រំបណ្ដុះបណ្ដាលពួកគេឲ្យមានអនាគតដូចកុមារដទៃទៀតនៅក្នុង សង្គម។
អង្គការទាំងនោះមានអង្គការ សេហ្វ ឈីលឌ្រិន (Save Children) វ័ល វីសិន (World Vision) អង្គការមិត្តសំឡាញ់ជាដើម។
ប្រធានអង្គការមិត្តសំឡាញ់ អ្នកស្រី ម៉ក់ សូម៉ាយា ឲ្យដឹងថា កុមារដែលរស់នៅតាមចិញ្ចើមថ្នល់ គឺជាក្រុមងាយរងគ្រោះជាងគេ ដូចជាងាយរងគ្រោះក្នុងការជួញដូរមនុស្ស ជួញដូរផ្លូវភេទ ប្រឈមគ្រោះថ្នាក់នឹងគ្រឿងញៀន ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម ដែលអង្គការអ្នកស្រីកំពុងធ្វើការអប់រំពួកគេឲ្យរួចផុតពីបញ្ហា ប្រឈមទាំងនោះ។
អ្នកស្រី ម៉ក់ សូម៉ាយា ឲ្យដឹងថា សព្វថ្ងៃអង្គការមិត្តសំឡាញ់ បានជួយកុមារនិងយុវជនរស់នៅតាមចិញ្ចើមថ្នល់ជាង ៩ពាន់នាក់ និងកុមាររស់នៅក្នុងក្រុមគ្រួសារគ្មានទីពឹងនៅតាមសហគមន៍នានា នៅភ្នំពេញ ជាង ៦ពាន់នាក់ ដែលអង្គការនេះបានចំណាយថវិកាជាង ៣លានដុល្លារក្នុងមួយឆ្នាំៗ៕
No comments:
Post a Comment