អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ អំពាវ ឲ្យថៃ បញ្ឈប់រំលោភ សិទ្ធិពលករ បរទេស
RFA | ២០ មិថុនា ២០១៤
ការអំពាវនាវនេះ ធ្វើឡើង ក្នុងខណៈ ដែលរដ្ឋាភិបាល យោធាថៃ កំពុងចាប់បញ្ជូន ពលករ ចំណាកស្រុក មកពីប្រទេសជិត ខាងខ្លួន ជាច្រើនម៉ឺននាក់ មកទម្លាក់ចោល នៅតាមព្រំដែន។
យូម៉ែន រ៉ៃស៍ វ៉ច្ឆ បញ្ជាក់ថា, ការចាកចេញ របស់ ពលករ ពីប្រទេសថៃ កើតឡើង ដោយសារ ពលករ ទាំងនោះ ខ្លាចការបង្ក្រាប របស់ អាជ្ញាធរ រដ្ឋាភិបាល បន្ទាប់ ពីក្រុម យោធាថៃប្រកាសដាក់ចេញ នូវបទបញ្ជាថ្មី ក្រោយរដ្ឋប្រហារ នៅថ្ងៃ ទី២២ ខែឧសភា។
នាយក អង្គការ យូម៉ែន រ៉ៃស៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ប្រែដ អាដាម (Brad Adams) ថ្លែង ក្នុងសេចក្ដីប្រកាស ព័ត៌មាន ថា, បទបញ្ជាថ្មី របស់ រដ្ឋាភិបាល យោធាថៃ បានបង្ក ឲ្យមាន ការរត់ចេញ ជាគំហុក របស់ ពលករ ចំណាកស្រុក ដែលលោក អាដាម ថា ពលករ ទាំងនេះ បានទទួលរង នូវការរំលោភបំពាន ជាយូរ មកហើយ ពីសំណាក់ មន្ត្រីអាជ្ញាធរ និងពីថៅកែ របស់ ពួកគេ។ លោក អាដាម ថ្លែងបន្តថា, រដ្ឋាភិបាលយោធាថៃ ត្រូវតែធ្វើឲ្យស្ថានភាពត្រលប់មកភាពដើមវិញ ដោយដាក់មកវិញជាបន្ទាន់ នូវកំណែទម្រង់ពិតប្រាកដមួយ ដែលការពារសិទ្ធិ របស់ពលករចំណាកស្រុក មិនមែនជាការគំរាមកំហែងដល់ពួកគេនោះឡើយ។
លោក ប្រែដ អាដាម ក៏កត់សម្គាល់ដែរថា ពលករចំណាកស្រុក បានចូលរួមចំណែកធំធេង ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ របស់ប្រទេសថៃ ប៉ុន្តែជីវិតរបស់ពួកគេពុំមានសុវត្ថិភាព និងគ្មានភាពប្រាកដប្រជាឡើយ។ ម្យ៉ាងទៀតពួកគេបានប្រឈមនូវការរំលោភបំពាន ពីផ្នែកផ្សេងៗជាច្រើន។ មន្ត្រីជាន់ខ្ពស់សិទ្ធិមនុស្សអន្តរជាតិរូបនេះលើកឡើងថា ប្រសិនបើ រដ្ឋាភិបាលយោធាថៃ ចង់ធ្វើកំណែទម្រង់ឲ្យមានការគោរពសិទ្ធិពលករពិតប្រាកដនោះ ពួកគេគួរតែកាត់ទោសចំពោះជនដែលរំលោភសិទ្ធិរបស់ពលករ និងគួរតែលុបចោលឲ្យ អស់នូវបទបញ្ជាទាំងឡាយណាដែលមានលក្ខណៈរើសអើង ហើយដែលនាំឲ្យមានការ រំលោភសិទ្ធិរបស់ពលករ៕
No comments:
Post a Comment